ភ្នំពេញ ៖ តារាស្រីនាង ឌុច លីដា បានប្រកាសជំហររបស់ខ្លួនថា រហូតមកទល់ពេលនេះ នាងមិនមានបំណងបោះបង់ចោលការងារសិល្ប:ឡើយ បើទោះបីនាងបានបាត់មុខពីការសម្តែងប្រមាណជា ៣ឆ្នាំក៏ដោយ គឺក៏ព្រោះតែនាងជាប់ដៃមើលថែកូនប្រុសបន្ទាប់ពីចូលរោងការមានស្វាមី ជាមួយនឹងការជាប់ដៃការងាររកស៊ីផ្ទាល់ខ្លួនផង។
យ៉ាងណា ក្រោយពេលបង្ហាញវត្តមានសម្តែងការងារសិល្ប:ជាថ្មីកាលពីពេលថ្មីៗនេះ ឌុច លីដា បានអះអាងថា នាងមិនបោះបង់ចោលអាជីពសិល្ប:ត្រឹមនេះឡើយ ប្រសិនបើនាងនៅតែមានបងប្អូនមហាជនគាំទ្រ។

នាងបញ្ជាក់ថា នាងមានថ្ងៃនេះ ក៏ដោយសារអាជីពសិល្ប:ដែរ ហេតុនេះនាងមិនមានបំណងណាមួយបោះបង់វាចោលនោះឡើយ ពោលគឺ នៅតែបន្ត ប្រសិនបើមានខាងក្រុមហ៊ុន ឬផលិតកម្មនានាចង់ឱ្យនាងចូលរួមសម្តែង។ នាងរំពឹងថា ការវិលមករកការសម្តែង និងដើរម៉ូដ របស់នាងជាថ្មីឡើងវិញនេះ នាងក៏នៅតែមានសន្ទុះនៃការគាំទ្រកាន់តែខ្លាំងដដែលពីសំណាក់ទស្សនិកជន។
ឌុច លីដា លើកឡើងថា បើទោះបីជានាងមានស្វាមី និងមានកូនប្រុសម្នាក់នាពេលនេះក៏ដោយ ប៉ុន្តែនាងបានខិតខំថែរក្សារូបរាង និងសម្រស់មិនឱ្យប្រែប្រួលខ្លាំងឡើយ ខណ:ពេលនេះ នាងនៅតែព្យាយាមហ្វឹកហ្វាត់ការសម្តែង និងដើរម៉ូដយ៉ាងស្វាហាប់ផងដែរ។

ឌុច លីដា បង្ហាញអារម្មណ៍ពិតមួយថា ការណ៍ដែលនាងវិលមករកអាជីពសិល្ប:ឡើងវិញ ក្រោយខកខានរយ:ពេលប្រមាណ ៣ឆ្នាំនេះ បានធ្វើឱ្យនាងមានអារម្មណ៍ថា ខ្លួនហាក់ដូចជាកំពុងចូលសម្តែងដំបូងដូច្នេះដែរ ប៉ុន្តែនាងបានខិតខំធ្វើវាឱ្យល្អ ដោយមិនឱ្យម្ចាស់ក្រុមហ៊ុន និងទស្សនិកជនខកចិត្តឡើយ។
យ៉ាងណា បើតាមគម្រោងវិលចូលអាជីពសិល្ប:ជាថ្មីរបស់ ឌុច លីដា នាពេលនេះ នាងនឹងចូលរួមកម្មវិធីដើរម៉ូដ និងសម្តែងជាបន្តបន្ទាប់ ដោយនៅក្នុងនោះ នាងក៏ទើបតែបានបង្ហាញមុខសម្តែងជាតួអង្គអប្សរានៅក្នុងព្រឹត្តិការណ៍រាត្រីចងចាំ ឬពិធីបុណ្យរំលឹកគុណអង្គរ ជាមួយអ្នកសិល្ប:ប្រមាណ ៣០០នាក់ នៅក្នុងបរិវេណប្រាសាទអង្គវត្ត នាខេត្តសៀមរាប កន្លងមកថ្មីៗនេះ៕ រក្សាសិទ្ធិដោយ ៖ សំណាង SV








