ថ្មីៗនេះ មានរឿងដ៏ភ្ញាក់ផ្អើល និងហួសចិត្តយ៉ាងខ្លាំងតែម្តង ខណៈគ្រប់គ្នានៅលើបណ្តាញសង្គមហ្វេសប៊ុក ស្រាប់តែបានឃើញតារាស្រីល្បីក្រដាស ១០ ក្រដាស ២០ កញ្ញា អាន ណារ៉ូស បានបង្ហោះរូបថត ដាក់ទៅកាន់ស្នងការខេត្តកំពត យ៉ាងធ្ងន់ៗ ដែលបានឆាតតាម Telegram មកញ៉ែតាប៉ា និងសូម្បីប្រើពាក្យសម្តីមើលងាយដ៏មិនសមរម្យដាក់ខ្លួនទៀតផង។
នេះបើតាមហ្វេសប៊ុក An Na Rose បានបង្ហោះរូបថត១សន្លឹក ដោយពុំបានដឹងថាជាប្តីប្រពន្ធស្នងការខេត្តកំពតនោះទេ ដោយបានប្រើពាក្យធ្ងន់ៗយ៉ាងដូច្នេះថា៖ «ខ្ញុំមិនមែនស្រីសំផឹង រឺស្រីខូច ឬស្រីលក់ខ្លួនទេ ហើយខ្ញុំមិនដែលស្គាល់អ្នកឯងទេ សុខៗឆាតមកញ៉ែខ្ញុំតាម telegream ហើយនិយាយប្រើពាក្យមិនសមរម្យដាក់ខ្ញុំ មនុស្សម្នាក់ៗកើតមកមានតម្លៃ និងកិត្តិយសរៀងៗខ្លួន អ្នកឯងមានកូនស្រីទេ បើគេឆាតចឹងទៅកូនស្រីអ្នកឯង តើអ្នកឯងមានអារម្មណ៍បែបណា?? ថោកទាបគ្មានលេខដាក់ ហេតុអីក៏មើលងាយគេបែបនេះ???»។
ទោះជាយ៉ាងណា ក្រោយ Rose បង្ហោះរឿងនេះបង្កការភ្ញាក់ផ្អើលអស់បណ្តាញសង្គម ស្រាប់តែសម៉ីខ្លួនស្នងការខេត្តកំពត លោកឧត្តមសេនីយ៍ទោ ម៉ៅ ច័ន្ទមធុរិទ្ធ បានប្រញាប់បង្ហោះសារឆ្លើយតបទៅកាន់ Rose ឲ្យដឹងច្បាស់ថា៖ «សូមជំរាបទៅកញ្ញា An na Rose ខ្ញុំមិនដែលស្គាល់កញ្ញាពីមុនមកទេ ហើយក៏មិនបានឆាតទៅកញ្ញាតាម telegram ដែរ ហើយលេខខាងលើនោះមិនមែនជាលេខទូរសព្ទ័របស់ខ្ញុំដែរ។ មានជនអនាមិកបានយករូបខ្ញុំទៅបង្កើតជា Telegram ដើម្បីឆាតទៅកញ្ញា ឬទៅអ្នកដទៃផ្សេងទៀតក្នុងគោលបំណងអាក្រក់ណាមួយ។ ខ្ញុំសូមបដិសេធទាំងស្រុងចំពោះបញ្ហាអ្វីមួយដែលបានកើតឡើង ចំពោះលេខទូរសព្ទ័ខាងលើ ដែលយករូបខ្ញុំទៅបង្កើតជា Telegram និងសូមអោយកញ្ញា An na Rose លប់សារដែលកញ្ញាបានសរសេរនៅក្នុង Facebook របស់កញ្ញាចេញ ជៀសវាងការយល់ច្រលំណាមួយមកលើរូបខ្ញុំ និងធ្វើអោយប៉ះពាល់មកលើកិត្តិយសរបស់ខ្ញុំ»។
ទាក់ទងរឿងនេះ នៅពេលគេលើកឡើងថា មានមនុស្សស្អប់ ចង់បង្ខូចឈ្មោះហើយ លោកឧត្តមសេនីយ៍ទោ ម៉ៅ ច័ន្ទមធុរិទ្ធ ក៏បានឆ្លើយតបថា នៅពេលនេះ លោកកំពុងស្រាវជ្រាវបន្តហើយ។
ដោយឡែក Rose ក្រោយពីបានឃើញលោកស្នងការ ចេញមកបញ្ជាក់ច្បាស់ៗបែបនេះ ក៏បានឆ្លើយតបទៅវិញថា៖ «នាងខ្ញុំសូមលុបរូបដែលខ្ញុំបានបង្ហោះពីម្សិលមិញ ដោយសារតែនាងខ្ញុំមិនដឹងថារូបហ្នឹងជារូបរបស់ស្នងការខេត្តកំពត ហើយមានជនខិលខូចយករូបគាត់ដាក់ក្នុង Profile Telegram ហើយឆាតមកនិយាយពាក្យមិនសមរម្យលើនាងខ្ញុំ ទើបនាងខ្ញុំយកឆាតហ្នឹងទៅផុស។ នាងខ្ញុំសូមអភ័យទោសចំពោះលោកស្នងការខេត្តកំពតផងដែលបានយករូបលោកទៅបង្ហោះ ដោយសារតែខ្ញុំមិនដែលស្គាល់លោក។ នាងខ្ញុំសង្ឃឹមលោកស្នងការអភ័យទោសដល់នាងខ្ញុំ។ នាងខ្ញុំសូមគោរពជូនពរលោកស្នងការព្រមទាំងក្រុមគ្រួសារឲ្យទទួលបានសុខភាពល្អបរិបូណ៌កម្លាំងខ្លាំងក្លាប្រាជ្ញាវាងវៃនឹងទទួលបានជោគជ័យគ្រប់ភារកិច្ច»៕ រក្សាសិទ្ធិដោយ៖ លឹម ហុង