Wednesday, March 29, 2023

រឿង Avatar វគ្គ២ ត្រៀម​នឹង​រកចំណូល​លើស​ពី ៥០០ លាន​ដុល្លារ ខណៈ​ត្រឹម​រយៈពេល៤ថ្ងៃ អាច​រកចំណូល​បាន​រហូតដល់​ទៅ…

spot_img

គេហទំព័រ People បានចុះផ្សាយនៅថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០២២ ឲ្យដឹងថា ខ្សែភាពយន្តខ្នាតធំ Avatar: The Way of Water ឬ Avatar វគ្គ២ ដែលត្រូវបានចាក់បញ្ចាំងក្នុងរោងកុនកាលពីថ្ងៃសុក្រ ត្រូវបានគេព្យាករណ៍ថានឹងអាចរកចំណូលបានលើសពី ៥០០ លានដុល្លារ នៅ Box Office ទូទាំងពិភពលោក។

បើយោងតាម Variety បានបង្ហាញថា ព្រឹត្តិការណ៍ថ្មីនេះកើតឡើង គឺបន្ទាប់ពី The Way of Water អាចរកប្រាក់ចំណូលបាន ១៣៤ លានដុល្លារ នៅក្នុងស្រុក កាលពីចុងសប្តាហ៍មុន និង ៣០១ លានដុល្លារទៀត ពីទីផ្សារអន្តរជាតិ ដែលនាំឲ្យចំនួនសរុបជាសកល ៤៣៥ លានដុល្លារ ​ត្រឹម​រយៈពេលតែ ៤​ថ្ងៃ ​បន្ទាប់​ពីត្រូវបាន​ចេញ​ផ្សាយ​ជា​ផ្លូវ​ការ។

តាមការប្រៀបធៀប ភាពយន្ត Avatar ដំបូង អាចរកបានប្រហែល ៧៧ លានដុល្លារក្នុងស្រុក នៅចុងសប្តាហ៍ដំបូងរបស់ខ្លួន កាលពីខែធ្នូ ឆ្នាំ២០០៩ ដែលទីបំផុតរកបានសរុបជិត ៧៥០ លានដុល្លារក្នុងស្រុក និងជាង ២.៧ ពាន់លានដុល្លារ នៅទូទាំងពិភពលោក។

យ៉ាងណាមិញ សម្រាប់រឿង Avatar វគ្គ២នេះផងដែរ ក៏ត្រូវបានដឹងថា នឹងមានការបើកលក់ដ៏ធំបំផុតទីបួននៅចុងឆ្នាំ។ ហើយបើតាមការតាមដានពីមុន បានប៉ាន់ប្រមាណថា ខ្សែភាពយន្តនេះនឹងរកចំណូលបានពី ១៥០ លានដុល្លារទៅ ១៧៥ លានដុល្លារក្នុងស្រុក និងពី ៤៥០ លានដុល្លារ ទៅ ៥៥០ លានដុល្លារ នៅទូទាំងពិភពលោក, នេះបើយោងតាមកាសែត The Hollywood Reporter៕ រក្សាសិទ្ធិដោយ៖ លឹម ហុង

×

​ថ្ងៃ ម៉ោង នាទី វិនាទី

ព្រឹត្តិការណ៍ស៊ីហ្គេម លើកទី៣២