Saturday, November 23, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

សុខភាពយើង៖ វិធី ៥យ៉ាង ជួយបន្ថយអាការឈឺធ្មេញ

ពេលខ្លះអាការឈឺធ្មេញធ្វើឱ្យយើងខឹងមួម៉ៅ ឬជួនកាលឈឺរហូតដល់ចង់វិលមុខ ឈឺក្បាលគិតអ្វីមិនចេញទៀតផង។ នៅក្នុងស្ថានការណ៍ ដែលយើងមិនអាចទៅពេទ្យធ្មេញបានទាន់ពេលវេលានោះ យើងអាចនឹងត្រូវទ្រាំឈឺមួយរយៈ តែថ្ងៃនេះ យើងមានវិធីបន្ថយ និងសម្រាលអាការឈឺធ្មេញនេះ បានដោយវិធី ៥យ៉ាងដូចតទៅ…

១.កាត់បន្ថយទង្វើ ដែលមានផលប៉ះពាល់ធ្វើឱ្យធ្មេញកាន់តែឈឺខ្លាំងឡើង ដូចជា ញ៉ាំរបស់ត្រជាក់ខ្លាំង(ទឹកកក ការ៉េម) របស់ក្តៅខ្លាំង(ទឹកក្តៅ កាហ្វេក្តៅ អាហារក្តៅៗជាដើម) និងអាហារដែលមានរសជាតិផ្អែមខ្លាំង ឬជូរខ្លាំង។

២.កាត់បន្ថយការធ្វើឱ្យប៉ះទង្គិចធ្មេញដែលឈឺនោះ ព្រោះអាការឈឺធ្មេញ នឹងកាន់តែកម្រើកខ្លាំងឡើង បើធ្មេញដែលឈឺនោះត្រូវបានធ្វើឱ្យប៉ះទង្គិចញឹកញាប់។ វិធីងាយៗគឺ ញ៉ាំអាហារណា ដែលមិនចាំបាច់ទំពាខ្លាំងៗ និងវិធីមួយទៀតគឺ ទំពានៅធ្មេញម្ខាងទៀត។

៣.បើអាការឈឺនោះ បណ្តាលមកពីមានកម្ទេចអាហារនៅក្នុងចន្លោះធ្មេញ វិធីល្អបំផុត គឺប្រញាប់យកកម្ទេចអាហារទាំងនោះចេញ ឱ្យបានលឿនបំផុតដោយការប្រើ Dental floss ឬខ្សែខាត់ធ្មេញ កុំប្រើឈើចាក់ធ្មេញ។

៤.បើធ្មេញពុក មានប្រហោង សរសៃប្រសាទធ្មេញហើម និងមានខ្ទុះនៅជើងធ្មេញ ហើយមើលឃើញអាការហើមស្ទុលនៅលើថ្គាមនោះ ការប្រើទឹកក្តៅឧណ្ហៗ ជួយស្អំពីខាងក្រៅ នឹងជួយជំរុញការហូរខ្ទុះចេញឱ្យឆាប់អស់ ក៏ជួយឱ្យអាការឈឺធ្មេញឆាប់បានធូរស្រាលកាន់តែលឿនឡើងបានដែរ។

៥.ប្រើប្រេងម្លូ ព្រោះជាឱសថដែលជួយកាត់បន្ថយអាការឈឺធ្មេញបាន ដោយយកសំលី ជ្រលក់ប្រេងម្លូ ហើយយកមកញ៉ុកចូលក្នុងប្រហោងធ្មេញដែលឈឺនោះ ប្រេងធាងម្លូ នឹងបញ្ចេញឬទ្ធិជាថ្នាំបំបាត់ការឈឺចាប់។

វិធីជួយសម្រាលអាការឈឺធ្មេញ ដែលណែនាំខាងលើនេះ ជាវិធីជួយឱ្យអ្នកបាត់ខឹងមួម៉ៅ ដោយសារការឈឺធ្មេញ ក្នុងករណីដែលមិនអាចទៅជួបគ្រូពេទ្យបានតែប៉ុណ្ណោះ តែមិនមែនជាវិធីព្យាបាលឡើយ ដូច្នេះបើអ្នកមានឱកាសហើយ គួរតែប្រញាប់ទៅជួបនឹងគ្រូពេទ្យ ដើម្បីទទួលយកការព្យាបាលដែលត្រឹមត្រូវ ទើបជាការប្រសើរ៕

×