Wednesday, May 8, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

កម្ពុជាជំពាក់បំណុលចិន ច្រើនជាងគេ រហូតដល់ ៤១ភាគរយ នៃបំណុលក្រៅប្រទេសសរុប

spot_img

ភ្នំពេញ៖ ព្រឹត្តិបត្រស្ថិតិបំណុលសាធារណៈកម្ពុជានៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានបង្ហាញថា ក្នុងចំណោម​បំណុលក្រៅប្រទេសចំនួន ៩៤៦៤លានដុល្លារ មានជាង ៦៤៣៥លានដុល្លារ (ប្រមាណ៦៨ភាគរយ) ជាបំណុលក្នុងក្របខ័ណ្ឌទ្វេភាគី។ រីឯ ថវិកា ៣០២៨ លានដុល្លារទៀត (ប្រមាណ ៣២ភាគរយ) ជាបំណុលក្នុងក្របខ័ណ្ឌពហុភាគី។

បំណុលក្រៅប្រទេស ដែលកម្ពុជាជំពាក់ច្រើនជាងគេ គឺចិន ដល់ ៤១ភាគរយ ស្មើនឹងទំហំទឹកប្រាក់ ៣៨៨០លានដុល្លារ នៃបំណុលក្រៅប្រទេសសរុប។ ក្រៅពីនេះ កម្ពុជាជំពាក់ជប៉ុន ៩៤៦,៤លានដុល្លារ (១០ភាគរយ), ជំពាក់កូរ៉េខាងត្បូងចំនួន ៤៧៣,២លានដុល្លារ (៥ភាគរយ), ជំពាក់បារាំងចំនួន៤៧៣,២លានដុល្លារ(៥ភាគរយ), បំណុលមរតកមាន ៦៦២,៤លានដុល្លារ(៧ភាគរយ) និងបំណុលទ្វេភាគីផ្សេងៗទៀតមាន ១ភាគរយ​។

ចំពោះបំណុលពហុភាគីវិញ កម្ពុជាជំពាក់ធនាគារអភិវឌ្ឍន៍អាស៊ី(ADB) ១ ៨៩២,៨លានដុល្លារ(២០ភាគរយ), ជំពាក់ធនាគារពិភពលោក(WB) ៨៥១,៧លានដុល្លារ(៩ភាគរយ) និងបំណុលពហុទ្វេភាគីផ្សេងៗទៀតមាន ១៨៩,២លានដុល្លារ(២ភាគរយ)ផងដែរ នៃបំណុលក្រៅប្រទេសរបស់កម្ពុជាសរុប៩ ៤៦០ល្លារ។

ថ្វីដ្បិតតែកម្ពុជា ជំពាក់បំណុលបរទេសច្រើន ក៏ពិតមែន ប៉ុន្តែបើតាមឯកឧត្តម អូនព័ន្ធ មុនីរ័ត្ន ឧប​នា​យករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានឲ្យដឹងថា ស្ថានភាពបំណុលសាធារណៈបច្ចុប្បន្ន គឺស្ថិតក្នុងភាពអាចគ្រប់គ្រងបាន។ ពោលគឺ បំណុលទាំងនោះ នៅតែមានចីរភាព  និងហានិភ័យកម្រិតទាប បើទោះ​បីសេដ្ឋកិច្ចកម្ពុជាទទួលរងនូវផលប៉ះពាល់ពីការរីករាលដាលនៃជំងឺកូវីដ-១៩ និងពីកត្តាខាងក្រៅផ្សេងទៀតក្តី។ 

ក្នុងចំណោមបំណុលសាធារណៈសរុប ៩ ៤៧៤លានដុល្លារអាម៉េរិក មាន៩ ៤៦៤លានដុល្លារ ជាបំណុលក្រៅបរទេស និងជាង ១០លានដុល្លារ  ជាបំណុលក្នុងប្រទេស។ បើយោងតាមក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បំណុលដែលកម្ពុជាមាននេះ គឺត្រឹមដំណាច់ត្រីមាសទី៣ ឆ្នាំ២០២២។

សម្រាប់ឆ្នាំ២០២៣ រដ្ឋគ្រោងខ្ចីពីបរទេសប្រមាណ១ ៥០០លានដុល្លារ ដើម្បីបំពេញចំណាយជាតិប្រចាំឆ្នាំដែលមានដល់៩,៦ពាន់លានដុល្លារ។ ក្រៅពីនេះរដ្ឋ នឹងខ្ចីអ្នកក្នុងស្រុកចំនួន២០០លានដុល្លារ តាមការបោះផ្សាយមូលបត្ររដ្ឋ។

បើតាមឯកឧត្តម អូនព័ន្ធ មុនីរ័ត្ន ការរក្សាបាននូវចីរភាពបំណុលសាធារណៈ គឺអាស្រ័យដោយកម្ពុជា មានប្រព័ន្ធគ្រប់គ្រងបំណុលសាធារណៈមួយដ៏រឹងមាំ។ រាជរដ្ឋាភិបាលកំពុងអនុវត្តប្រកបដោយភាពម៉ឺងម៉ាត់ និងប្រយ័ត្នខ្ពស់បំផុតនូវវិធានការជាយុទ្ធសាស្រ្តនានា ដែលដាក់ចេញក្នុងយុទ្ធយុទ្ធសាស្រ្ត ស្តីពីការគ្រប់គ្រងបំណុលសាធារណៈឆ្នាំ២០១៩-២០២៣៕

spot_img
×