ថ្មីៗនេះ រឿងរ៉ាវរបស់នារីជនជាតិថៃវ័យក្មេងម្នាក់ ដែលកំពុងតស៊ូជីវិតជាមួយជំងឺមហារីកសួតដំណាក់កាលចុងក្រោយ ក្នុងអាយុ ២៤ ឆ្នាំ បានធ្វើឲ្យមហាជនជាច្រើន បង្ហាញក្តីរំជួលចិត្ត និងអាណិតអាសូរដល់រូបនាងជាខ្លាំង។
តាមរយៈគណនីហ្វេសប៊ុករបស់ខ្លួនឈ្មោះ BorTor Baitoey នាងបានរៀបរាប់ឲ្យដឹងថា នាងចាប់ផ្តើមកើតមានរោគសញ្ញាដំបូងនៅចុងឆ្នាំ២០២១ គឺចាប់ផ្តើមក្អកមិនឈប់ឈរនោះទេ ប្រហែល២ខែ។ ដោយគិតថា ប្រហែលអាលែកហ្ស៊ី នាងក៏ទៅជួបគ្រូពេទ្យផ្នែកត្រចៀក ច្រមុះ និងបំពង់ក នៅ Siriraj ហើយតាមរយៈការពិនិត្យកាំរស្មីអ៊ិចនៃសួត និងថតដើម្បីមើលផ្លូវដង្ហើម គ្រូពេទ្យពុំបានរកឃើញភាពខុសប្រក្រតីអ្វីនោះទេ ហើយបានឲ្យថ្នាំក្អកលេបធម្មតាប៉ុណ្ណោះ។
បន្ទាប់មក នាងក៏បានឆ្លុះកាំរស្មីអ៊ិចធ្វើតាមការណាត់ជួបរបស់គ្រូពេទ្យ ប៉ុន្តែ អាការៈចាប់ផ្តើមកាន់តែខ្លាំងឡើងៗ ដោយក្អក និងកន្តាស់ គ្រប់ពេលតែម្តង។ ហើយដោយសារតែនៅអំឡុងខែមេសា ដែលជាដំណាក់កាលផ្ទុះកូវីដ១៩ ផងនោះ គិតថាអាចកើតកូវីដ នាងក៏បានទៅពិនិត្យ តែគ្រូពេទ្យប្រាប់ថា ពុំមានឆ្លងកូវីដទេ ហើយរោគសញ្ញានេះក៏មិនធ្ងន់ធ្ងរខ្លាំងនោះដែរ។
នៅខែឧសភា អាការៈឈឺត្រគាកខាងស្តាំ ក៏ចាប់ផ្តើម ហើយដោយសារឈឺចុកចាប់ប្រហែល ២ សប្តាហ៍ មិនបាត់ គិតថាប្រហែលមកពីគេងខុសទំនង នាងក៏បានទៅជួបគ្រូពេទ្យផ្នែកឆ្អឹង ហើយពេទ្យប្រាប់ថា រលាកសាច់ដុំ និងបានឲ្យថ្នាំលេបបាត់ការឈឺចាប់ធម្មតាដូចៗមុន។
មកដល់ខែមិថុនា អាការៈកាន់តែធ្ងន់ធ្ងរ ដោយក្អកចេញឈាម នាងក៏បានទៅជួបគ្រូពេទ្យនៅ ENT គ្រូពេទ្យបានពិនិត្យកាំរស្មីអ៊ិចសួតដូចពីមុន រកមិនឃើញមានភាពមិនប្រក្រតីអ្វីឡើយ ដោយគ្រូពេទ្យបានគិតថា ការក្អកចេញឈាមនេះអាចបណ្តាលមកពីបែកសរសៃនៅក្រអូមមាត់។
ទោះជាយ៉ាងណា ចូលមកដល់ខែកក្កដា ដោយសារតែអការៈក្អកនៅតែដដែល និងកាន់តែធ្ងន់ធ្ងរខ្លាំងទៅៗ ពោលគឺក្អកខ្លាំងជាប់រហូត នាងក៏បានទៅជួបគ្រូពេទ្យឯកទេសសួត ហើយវេជ្ជបណ្ឌិតផ្នែកសួត បានពិនិត្យ CT Chest លទ្ធផលបានបង្ហាញពីដុំពកនៅក្នុងសួត (ជាច្រើនដុំ ដែលធំជាងគេបំផុត 4cm) និង ២ នៅក្នុងថ្លើម។ ហើយជាលទ្ធផលនៃធ្វើកោសល្យវិច័យ បានបង្ហាញច្បាស់ថា វាគឺជាជំងឺមហារីកមេតាទិកនៃសួត ថ្លើម កូនកណ្តុរ និងឆ្អឹង។
នាងបានប្រាប់ឲ្យដឹងថា នាងត្រូវបានទទួលការព្យាបាលដោយវិទ្យុសកម្ម និងលេបថ្នាំ នៅក្នុងបន្ទប់ RCU (ស្រដៀងនឹង icu ប៉ុន្តែ ជាជំងឺផ្លូវដង្ហើម ដោយត្រូវបំពាក់បំពង់ខ្យល់)។ នាងក៏បានគិតថា មូលហេតុនេះ គឺទំនងមកពីនាងនៅក្បែរអ្នកជក់បារី។
ជាមួយគ្នានេះ នាងក៏សូមឲ្យអ្នកជក់បារីត្រូវមានការទទួលខុសត្រូវបន្តិច ចំពោះអ្នកនៅជុំវិញខ្លួនផង និងផ្តាំទៅគ្រប់គ្នា បើឧស្សាហ៌ក្អកមិនបាត់ សូមប្រញាប់ទៅពិនិត្យសុខភាព កុំឲ្យដូចករណីនាង។ ជាចុងក្រោយ នាងសូមថ្លែងអំណរគុណដល់បងប្អូនទាំងអស់ដែលបារម្ភ មកលេង ផ្ញើបាយទឹក និងផ្ញើកម្លាំងចិត្ត ដែលធ្វើឲ្យនាងមានកម្លាំងបន្តតស៊ូ….។ នាងក៏បានប្រាប់ថា គ្រប់គ្នាកុំតក់ស្លុតអី ឥឡូវនេះ ត្រឡប់ទៅធ្វើការវិញ រស់នៅធម្មតា ប៉ុន្តែតែងតែលេបថ្នាំជាប់ជាប្រចាំ៕ រក្សាសិទ្ធិដោយ៖ លឹម ហុង



