ជឿថា មនុស្សជាច្រើន ដែលជាអ្នកប្រើប្រាស់ផ្លូវ ពិតណាស់ ជាបានឃើញផ្លូវដែលមានរថភ្លើងរត់កាត់ ព្រោះថាជាធម្មតា គឺមានបង្គោលបារ៉ាស់ និងភ្លើងសញ្ញា ដែលអាចឲ្យអ្នកដំណើរអាចមើលឃើញច្បាស់ពីចម្ងាយ ដើម្បីមានការប្រុងប្រយ័ត្នគ្រោះថ្នាក់។ ប៉ុន្តែ សម្រាប់ផ្លូវដែកឆ្លងកាត់ផ្លូវនេះវិញ នៅក្នុងប្រទេសថៃ គឺហាក់ដូចជាធម្មតា ពោលគឺមើលពុំដឹងនោះទេ។
ទាក់ទងរឿងដ៏ចម្លែកនេះ នៅនៅថ្ងៃទី ២០ ខែធ្នូ ឆ្នាំ ២០២២ អ្នកប្រើប្រាស់ TikTok ឈ្មោះ amponkontong បានបង្ហោះវីដេអូឃ្លីបដ៏ចាប់អារម្មណ៍មួយ បង្ហាញរថភ្លើងមួយខ្សែឆ្លងកាត់ផ្លូវមួយ ខណៈរថយន្តកំពុងធ្វើដំណើរទៅមក។ អ្វីដែលចម្លែកនោះ គឺមើលដំបូង ពុំដឹងថាមានផ្លូវដែកទេ។ ម្យ៉ាងទៀត រថភ្លើងនេះរត់តាមអង្កត់ទ្រូងដូចផ្លូវឆ្លងកាត់ធម្មតាអ៊ីចឹង។
ទោះជាយ៉ាងណា ពេលដែលរថភ្លើងបានធ្វើដំណើរតាមផ្លូវរួចទៅហើយ ទើបគេឃើញមានផ្លូវរថភ្លើងនៅតំបន់នោះ។ ម្ចាស់ឃ្លីបបានបញ្ជាក់ថា «ផ្លូវអ៊ិចប្រេស បានឡែម, ថាចាឡោម, ម៉ែក្លូង» ជាផ្លូវរវាងខេត្តសាមុតសង្រ្កាម និងខេត្តសាមុតសាខុន។
បន្ទាប់ពីវីដេអូឃ្លីបនេះ ត្រូវបានបង្ហោះ វាបានទទួលការចាប់អារម្មណ៍ រហូតមានអ្នកចូលមើលដល់ទៅជាង ១.៣ លានដង ។ ហើយជាមួយគ្នានោះ អ្នកនិយមលេងអ៊ីនធឺណេត បានបញ្ចេញមតិថា «វាជារូបភាពដ៏មិនធម្មតា, ខ្ញុំមិនដែលឃើញផ្លូវរថភ្លើងរត់ឆ្លងកាត់ផ្លូវនេះទេ ខ្ញុំអាចឃើញរថភ្លើងរត់លើផ្លូវ គឺមិនមែនមកពីរថភ្លើងមិននៅលើផ្លូវនោះទេ គឺវារត់តាមផ្លូវពិត»។ រីឯអ្នកខ្លះទៀតថា «វាគ្រាន់តែផ្លូវត្រូវបានធ្វើឲ្យស្មើនឹងផ្ទៃផ្លូវប៉ុណ្ណោះ ហេតុនេះ វាមើលទៅអាចជាការបំភាន់ ហើយគិតថារថភ្លើងរត់តែលើផ្លូវធម្មតា»៕ រក្សាសិទ្ធិដោយ៖ លឹម ហុង




@amponkontong 🚂รถด่วน บ้านแหลม🏁แม่กลอง
♬ เสียงต้นฉบับ – วัยรุ่น 90" 1980