ដូចដែលប្រិយមិត្តបានដឹងរួចហើយថា លោក វណ្ណដា គឺជាកំពូលតារាចម្រៀងរ៉េបវ័យក្មេង ដែលកំពុងមានកេរ្តិ៍ឈ្មោះបោះសំឡេងដ៏រន្ទឺនាពេលបច្ចុប្បន្ន តាមរយៈបទចម្រៀងរ៉េបផ្ទុះល្បីខ្លាំង «នារីជឿនលឿន» និងជាពិសេសគឺបទ «Time To Rise» តែម្តង។
ទន្ទឹមនឹងទទួលបានភាពជោគជ័យ លើវិថីសិល្បៈទាំងវ័យក្មេង តារាចម្រៀងរ៉េបរូបនេះ ដែលកំពុងទទួលការគាំទ្រខ្លាំង ក្នុងស្រទាប់យុវវ័យឡើងភ្លូកទឹកភ្លូកដី គេក៏មិនដែលសង្កេតឃើញតារារ៉េបប្រចាំផលិតកម្ម «បារមី» រូបនេះ បញ្ចេញថាមានគូស្នេហ៍ ជាមួយនារីណាម្នាក់នោះទេ ខណៈគេបានដឹងថា កាលពីប៉ុន្មានឆ្នាំកន្លងមក រូបគេធ្លាប់ជួបស្នេហ៍មិនសមបំណងម្តងរួចមហើយ។
ចាប់តាំងពីពេលនោះមក តារាចម្រៀងរ៉េបប្រុសរូបនេះ បានតាំងចិត្តតាមក្តីស្រមៃរបស់ខ្លួន សម្រុកគិតតែពីការងារសិល្បៈប៉ុណ្ណោះ ហើយក៏យកការងារនេះស្ទើរទាំងស្រុង ដើម្បីព្យាបាលរបួសបេះដូង។ ជាក់ស្តែង កន្លងមក រូបគេក៏ធ្លាប់ប្រកាសក្តែងៗថា ពុំមានពេលគិតពីរឿងបេះដូង ឬស្នេហានោះឡើយ ដោយអ្វីដែលសំខាន់នោះ គឺខំប្រឹងផលិតបទចម្រៀង ដើម្បីឲ្យគុណភាពតន្រ្តីខ្មែរយើង មានការទទួលស្គាល់លើឆាកអន្តរជាតិ។
តែដោយឡែក ប៉ុន្មានថ្ងៃកន្លងទៅថ្មីៗនេះ មហាជនអ្នកគាំទ្រ ពិតផ្ទុះការអារម្មណ៍ និងសង្ស័យជាខ្លាំងថា វណ្ណដា នឹងកំពុងចាប់ចិត្តប្រតិព័ទ្ធនារីណាម្នាក់ ខណៈបានបង្ហោះរូបភាព ភ្ជាប់សំណេរពោលពាក្យក្នុងអត្ថន័យស្នេហាប្លែកៗជាងសព្វមួយដង។
ជាក់ស្តែង នៅថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០២២ វណ្ណដា បានបង្ហោះរូបភាពមង្គលការរបស់តារាសម្តែងស្រីថៃ Patricia ញញឹមដាក់ស្វាមីយ៉ាងស្រស់ស្រាយ ដោយរូបគេក៏ភ្ជាប់ពាក្យថា The way she look at him (អត្ថន័យជាភាសាខ្មែរថា «ក្រសែភ្នែកនាង សម្លឹងមើលទៅគាត់») និងព្រមទាំងដាក់រូបបេះដូង១ផងដែរ។ ក្រោយមក វណ្ណដា ក៏បានបង្ហោះក្នុង Story ថ្មីមួយទៀតយ៉ាងប្លែកថា I wonder what i like in your eyes ដែលមានអត្ថន័យជាភាសាខ្មែរថា «ខ្ញុំឆ្ងល់ថា ខ្ញុំជាមនុស្សបែបណា នៅក្នុងកែវភ្នែករបស់អ្នក»។
ទោះយ៉ាងណា ក៏មិនដឹងថា វណ្ណដា កំពុងចាប់ចិត្តស្នេហាទៅលើនារីណាម្នាក់នោះទេ ដែលនេះគ្រាន់តែជាការសង្ស័យប៉ុណ្ណោះ។ ប៉ុន្តែ ស្របពេល វណ្ណដា បង្ហោះប្លែកៗបែបនេះ ក៏បានឃើញហ្វេនៗរបស់ វណ្ណដា ជាច្រើនបានដណ្តើមគ្នាក្រាស់ (crush) មិនស្ទើរ ដោយពោលពាក្យថា «ខ្ញុំហ្នឹងហើយ ឬម្នាក់នោះ គឺញុមហ្នឹងហើយ»៕ រក្សាសិទ្ធិដោយ៖ លឹម ហុង