គួររម្លឹកថា កាលពីអំឡុងឆ្នាំ២០១៤ បុគ្គលឈ្មោះ ធាន វុទ្ធី ដែលបានតាំងខ្លួនជាព្រះសិអារ្យមេត្រី ដែលធ្វើឲ្យល្បីកក្រើកដល់ប្រជាពលរដ្ឋខ្មែរ អ្នកកាន់ព្រះពុទ្ធសាសនាទាំងក្នុង និងក្រៅប្រទេសមួយចំនួនធំ ទៅក្រាបថ្វាយបង្គំដ៏ហួសចិត្តបំផុត។
ប៉ុន្តែ ក្រោយបានឃើញព្រះសង្ឃ ទៅក្រាបថ្វាយបង្គំ និងត្រូវបានរកឃើញថា លោក ធាន វុទ្ធី យកការក្លែងខ្លួនជាព្រះសិអារ្យមេត្រី ទៅវិនិយោគ កើបលុយធ្វើមានធ្វើបានយ៉ាងច្រើនសន្ធឹកសន្ធាប់អស់រយៈពេលជិត១០ឆ្នាំ រហូតផ្ទុះការរិះគន់ពីសំណាក់មហាជនគ្មានលោះថ្ងៃ នៅទីបំផុត សមត្ថកិច្ចក៏បានចុះទៅធ្វើការឃាត់ខ្លួនសួរនាំ។
បើតាមដឹង នៅពេលនោះ លោក ធាន វុទ្ធី ដែលតាំងខ្លួនជាព្រះសិអារ្យមេត្រី នៅវត្តទួលព្រះរាជា ក្នុងស្រុកកោះធំ ខេត្តកណ្ដាល បានធ្វើការសុំអភ័យទោស ដោយព្រមទទួលកំហុស នៅចំពោះសម្តេចសង្ឃ និងរដ្ឋមន្ត្រីក្រសួងធម្មការ និងសាសនា និងអាជ្ញាធរខេត្តកណ្តាលផងដែរ។
លោក ធាន វុទ្ធី ក៏បានធ្វើកិច្ចសន្យាសរសេរដោយដៃ និងមានផ្ដិតស្នាមមេដៃ ទៅលើកំហុសឆ្គង របស់ខ្លួនចំនួន៩ ចំណុច មានដូចជា៖ ទទួលស្គាល់ថាបានរំលោភលើច្បាប់រដ្ឋធម្មនុញ្ញស្គាល់ ឬប្រាថ្នាខ្លួនជាព្រះហើយឲ្យគេអភិសេក ពិតជាមានព្រះសង្ឃបានថ្វាយបង្គំលោកមែន ហើយថា ការប្រព្រឹត្តកំហុសឆ្គងនេះឡើង ដោយសារតែភាពល្ងង់ខ្ចៅ។
ទោះជាយ៉ាងណា អ្វីដែលធ្វើឲ្យភ្ញាក់ផ្អើល និងមិននឹកស្មានដល់នោះ គឺកន្លងទៅថ្មីៗនេះ ស្រាប់តែលេចចេញវីដេអូថ្មីមួយដែលល្បីថា បុគ្គល ធាន វុទ្ធី បានមកទៀតហើយ ដោយម្តងនេះ ឡើងទៅអង្គុយលើបល្ល័ង្ក ក្រោមដើមពោធិ៍វត្តមួយកន្លែង ដែលគេបង្ហើបឲ្យដឹងថាស្ថិតក្នុងភូមិចំប៉ា ឃុំចំប៉ា ស្រុកព្រៃកប្បាស ខេត្តតាកែវ ដោយមានបរិវាជួយរៀបចំបក់ផ្លិតឲ្យលើសព្រះទៅទៀត។
អ្វីដែលហួសចិត្តខ្លាំងនោះ គឺនៅពេលបានឃើញ មានយាយៗ តាៗ ស្រ្តីចំណាស់មួយចំនួន រួមទាំងព្រះសង្ឃ ទៅក្រាបថ្វាយបង្គំដ៏ល្ងិតល្ងង់បែបនេះ ស្រាប់តែគេបានដាក់ចំៗថា សង្ស័យយាយៗ តាៗទាំងអស់ហ្នឹងនោះ រួមទាំងបរិវារជុំវិញ រៀបផែនការថ្មីបោកអ្នកក្រៅប្រទេសទៀតហើយ ជាពិសេសអ្នកអត់បានដឹងតែម្តង។
តែរឿងរ៉ាវនេះ កើតឡើងយ៉ាងណាទៀត យើងក៏មិនដឹងថា អាជ្ញាធរនៅទីនោះ និងក៏ដូច ក្រសួងធម្មការ និងសាសនា បានជ្រាបព័ត៌មាននេះ ចុះធ្វើការអប់រំបុគ្គលរូបនេះជាលើកទី២ ឬយ៉ាងណានោះទេ៕ រក្សាសិទ្ធិដោយ៖ លឹម ហុង




