ប្រិយមិត្តនិងមហាជន បានទទួលជ្រាបរួចហើយថា ការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ សម័យប្រឡង៖ ០៥ ធ្នូ ២០២២ បានប្រព្រឹត្តិទៅរយៈពេលពីរថ្ងៃគឺ (៥-៦ ខែធ្នូ) កន្លងទៅ ដោយមានបេក្ខជនអវត្តមានចំនួន ២៤០០ នាក់ ក្នុងចំណោមបេក្ខជនដែលមានឈ្មោះប្រឡងសរុបចំនួន ១២៨១៣៥ នាក់។
តែយ៉ាងណាមិញ ក្រោយការប្រឡងអស់រយៈពេលជាងកន្លះខែមក នៅទីបំផុត គឺថ្ងៃទី២២ និង២៣ ខែធ្នូ ឆ្នាំ២០២២ ក្រសួងបានចាប់ផ្តើមប្រកាសលទ្ធផលនៃការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ (បាក់ឌុប) នៅទូទាំងប្រទេស ជាបន្តបន្ទាប់ ហើយបានរកឃើញថា ធ្លាក់ច្រើនជាងជាប់។
នេះបើតាមរបាយការណ៍បានឲ្យដឹងថា បេក្ខជនប្រឡងជាប់ សរុបមានចំនួន ៩០៩៥០ នាក់ ត្រូវជា ៧២.៣៣ ភាគរយ ខណៈអ្នកធ្លាក់មានចំនួន ៣៧១៨៥នាក់ ក្នុងចំណោមបេក្ខជនសរុបចំនួន ១២៨១៣៥ នាក់។ ក្នុងនោះ បេក្ខជនជាប់និទ្ទេស A ចំនួន ១០៤៩ នាក់, បេក្ខជន និទ្ទេស B ចំនួន ៧២៣២ នាក់, និទ្ទេស C ចំនួន ១៩០៥៣ នាក់, និទ្ទេស D ចំនួន ៣១១៦៦ នាក់, និងនិទ្ទេស E ចំនួន ៣២៤៥០ នាក់។
តែអ្វីដែលធ្វើឲ្យមហាជនចាប់អារម្មណ៍ខ្លាំងនោះ គឺក្នុងចំណោមអ្នកជាប់និទ្ទេស A ចំនួន ១០៤៩ គេបានរកឃើញសិស្សស្រី២នាក់ នៅរាជធានីភ្នំពេញ ទទួលបាននិទ្ទេស A គ្រប់វិជ្ជាដូចគ្នាតែម្តង។ យុវតីជាប់និទ្ទេសAទាំងពីរ ត្រូវបានដឹងថាទី១មានឈ្មោះ ខូវ វីណា មកពីសាលា ប៊ែលធី អន្តរជាតិទី១១ (សាខាផ្សារតូច) ខណៈយុវតីម្នាក់ទៀតឈ្មោះ យូ សោកន្និកា មកពីវិទ្យាល័យវេស្ទើនអន្តរជាតិ ពុំត្រឹមតែទទួលបាននិទ្ទេស A គ្រប់មុខវិជ្ជា ប៉ុណ្ណោះទេ គឺថែមទាំងទទួលបានលំដាប់ពិន្ទុ ១០០លើ១០០ ទៀតផង។
ក្រោយពីបានឃើញដ៏មិននឹកស្មានដល់បែបនេះ អ្នកលេងបណ្តាញសង្គម បានលាន់មាត់សរសើរថា៖ «Congratulations ក្មួយស្រី ស្អាតហើយរៀនពូកែទៀត, ខ្លាំងមែនAគ្រប់មុខវិជ្ជា, កូនដែលឪពុកម្តាយប្រាថ្នា, មកជាកញ្ចប់តែម្ដង🥹🫰 (ស្អាត ឆ្លាត ពូកែ),…»។
ជាមួយលទ្ធផលដ៏មិនធម្មតានេះ ប្អូនស្រី ខូវ វីណា ក៏បានផ្តល់បទសម្ភាសន៍ផ្តាំទៅដល់ប្អូនៗដែលត្រៀមប្រឡងនៅឆ្នាំក្រោយ ត្រូវខិតខំរៀនសូត្រ ជាពិសេសគឺត្រូវខំពីដើមឆ្នាំ ដើម្បីងាយស្រួលសម្រាប់ខ្លួនឯង។ យុវតីរូបនេះក៏បានប្រាប់ថា នាងមកប្រឡងដោយភាពជឿជាក់៕ រក្សាសិទ្ធិដោយ៖ លឹម ហុង





