ពិតណាស់ ការខិតខំព្យាយាម នឹងជះលទ្ធផលល្អប្រសើរ ត្រឡប់មកវិញ មិនរើសអើងថា អ្នកនោះជាអ្នកមានធនធាន ឬក្រខ្សត់ឡើយ។ តួយ៉ាងណា ឪពុកម្តាយមួយនៅក្នុងស្រុកព្រៃនប់ បានកំពុងទទួលការកោតសរសើរយ៉ាងខ្លាំង ពីអ្នកស្រុកអ្នកភូមិ ព្រោះថាបើទោះមានជីវភាពខ្វះខាតផ្ទះជញ្ជាំងស័ង្កសី ធ្លុះធ្លាយដោយកន្លែងយ៉ាងណាក៏ដោយ តែពួកគាត់បានខិតខំធ្វើការរកលុយ ដើម្បីយកមកផ្តល់ឲ្យកូនស្រីរៀនសូត្រសង្ឃឹមបានជ្រៅជ្រះនឹងគេ តែមិននឹកស្មានថា កូនស្រីប្រកបដោយគន្លងធម៌របស់ឪពុកម្តាយ បានខិតខំរៀនសូត្ររហូតលទ្ធផលប្រឡងបាក់ឌុបជាប់ទិទ្ទេស A ។
យោងតាមប្រភពពីសាលាវិទ្យាលយ័ ហ៊ុន សែន វាលរេញស្រុកព្រៃនប់ បានឲ្យដឹងថា ក្មួយស្រី ភាព ស្រីណាត មានទីលំនៅភូមិចំការកៅស៊ូ ឃុំជើងគោ ស្រុកព្រៃនប់ ខេត្តព្រះសីហនុ បានប្រឡងបាក់ឌុបជាប់និទ្ទេស A។ ក្នុងនោះ មុខវិជ្ជាដែលនាងធ្វើបានល្អ ដែលនាំឲ្យលទ្ធផលជាប់និទ្ទេសA គឺ គណិត (B) ជីវៈ (A) ប្រវត្តិ (A) រូប (A) និងខ្មែរ (C) ។
ទន្ទឹមនឹងលទ្ធផលនេះផងដែរ លោក អន កក្កដា ស្មៀនឃុំជើងគោ ក៏បានបង្ហោះតាមរយៈបណ្តាញសង្គមហ្វេសប៊ុក ឲ្យដឹងថា «ខ្ញុំបាទតាងនាមឲ្យសមាជិកក្រុមប្រឹក្សាឃុំជើងគោ ស្រុកព្រៃនប់ ខេត្តព្រះសីហនុ សូមអបអរសាទរដល់ប្អូនស្រី ភាព ស្រីណាត់ ដែលបានប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ប្រឡងជាប់ទទួលបាននិទ្ទេស (A) មានទីលំនៅភូមិចំការកៅស៊ូ ឃុំជើងគោ ស្រុកព្រៃនប់ខេត្តព្រះសីហនុ។
លោកក៏បានបញ្ជាក់ឲ្យដឹងថា «ព្រោះតែបញ្ហាលំបាកក្នុងជីវភាពគ្រួសារ ប្អូនស្រីស្ទើរតែលះបង់ការសិក្សា តែភាពតស៊ូអំណត់ និងមានការលើកទឹកចិត្ត ពីគ្រប់មជ្ឈដ្ឋាន បានធ្វើអោយក្មួយស្រី ប្រឡងជាប់និទ្ទេស (A) រៀននៅវិទ្យាល័យហ៊ុនសែនវាលរេញ។ ប្អូនស្រីម្នាក់នេះជាសិស្សក្រីក្រ កន្លងមកធ្លាប់បាន ក្រុមកាងារចុះជួយមូលដ្ឋាន លោកស្រីប្រធានមន្ទីរអប់រំខេត្ត អាជ្ញាធរ និងសាលា រួមជាមួយសប្បុរសជនមួយចំនួន បានផ្តល់ជំនួយ ជាបន្តបន្ទាប់ ហើយគាំទ្រ និងលើកទឹកចិត្តមិនឲ្យបោះបង់ចោលការសិក្សា រហូតទទួលបាលលទ្ធផលបែបនេះ»។
ជាមួយគ្នានេះ មហាជនជាច្រើន បានលើកសរសើរថា៖ «ក្មួយស្រីក្រហើយ តែតស៊ូបានល្អណាស់ ជូនពរក្មួយសូមអោយមានអនាគតល្អ, ពូជល្អ ដាំលើថ្មក៏ដុះដែរ, ស៊ូៗបន្តទៀតណាក្មួយ អនាគតក្មួយនឹងភ្លឺស្វាង…»៕ រក្សាសិទ្ធិដោយ៖ លឹម ហុង












