កីឡាករប្រដាល់ ធឿន ធារ៉ា បានធ្វើឲ្យមជ្ឈដ្ឋានមហាជន សម្តែងនូវក្តីរំភើបយ៉ាងខ្លាំង ក្រោយពីបានផ្ដួលកីឡាករលំដាប់កំពូលប្រទេសថៃ គ្រងខ្សែក្រវាត់ Thai Fight ត្រឹមទឹកទី១ និងឈានទៅយកខ្សែក្រវាត់ និងពានរបស់ព្រះមហាក្សត្រថៃ ក្នុងកម្មវិធីប្រកួតមួយថៃ «THAI FIGHT 100 Years Nakhon Ban»កាលពីថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០២២ នៅក្នុងទីក្រុងបាងកក។ ហើយនេះក៏ត្រូវបានចាត់ទុកជាប្រវត្តិសាស្រ្តគុនខ្មែរ និងក៏ដូចលើកមុខមាត់កម្ពុជាខ្លាំងផងដែរ។
សូមបញ្ជាក់ថា កីឡាករ ធឿន ធារ៉ា បានទទួលជ័យជំនះដ៏មិននឹកស្មានដល់ ដោយបានវាយយ៉ាងសន្ធាប់ទៅលើកំពូលកីឡាករថៃ សៃយុគ ភុផាន់មួង ស្ទើរតែមិនអាចតដៃរួច និងប្រើកែងឲ្យបែកចិញ្ចើមធ្ងន់ធ្ងរ ហើយគ្រូពេទ្យបានពិនិត្យ និងមិនអនុញ្ញាតឲ្យកីឡាករថៃរូបនេះបន្តការប្រកួតទៀតទេ ដោយបញ្ឈប់ត្រឹមទឹកទី១។
ជាមួយជ័យជំនះដ៏មិនធម្មតានេះផងដែរ កីឡាករ ធឿន ធារ៉ា ទទួលបានប្រាក់រង្វាន់លុយសុទ្ធប្រមាណ ១ លានបាត (ប្រហាក់ប្រហែលនឹង ៣ ម៉ឺនដុល្លារ) រួមជាមួយពានមួយ ខ្សែក្រវាត់មួយ និងបូកផ្សំជាមួយប្រាក់លើកទឹកចិត្តជាច្រើនទៀតផងដែរ។
តែអ្វីដែលធ្វើឲ្យចាប់អារម្មណ៍ទៀតនោះ គឺខណៈវិលត្រឡប់មកដល់ព្រលានយន្តហោះភ្នំពេញភ្លាម កីឡាករ ធារ៉ា ក៏បានធ្វើឱ្យមហាជនកាន់តែរំជួលចិត្ត នៅពេលឃើញរូបគេបានលុតជង្គង់សំពះម្តាយឪពុក និងថែមទាំងយកខ្សែក្រវាត់ពាក់ឱ្យលោកឪពុក ជាមួយនឹងទឹកភ្នែក ព្រោះតែរំភើបនឹងជ័យជំនះនេះខ្លាំងពេក៕ រក្សាសិទ្ធិដោយ៖ លឹម ហុង









