ថ្មីៗនេះ តារាប្រុសលោក សុខ រ៉ាស៊ី បានធ្វើឲ្យមហាជន ជាពិសេសហ្វេនៗ មានការភ្ញាក់ផ្អើលជាខ្លាំង ខណៈបានបង្ហោះសារនៅលើបណ្តាញសង្គម ភ័យបុកពោះមិនស្ទើរ បន្ទាប់ជិះ PassApp ច្រឡំបាញ់លុយឲ្យអ្នករត់កង់បីតាម QR Code រហូតចំនួនជាង ១ ម៉ឺនដុល្លារ ប៉ុន្តែ សំណាង ប៉ះចំអ្នករត់កង់បីជាមនុស្សចិត្តល្អ មិនមែនសេចក្តីលោភលន់ចង់បានរបស់ទ្រព្យអ្នកដទៃ។
នេះបើតាមគណនីហ្វេសប៊ុក លោក សុខ រ៉ាស៊ី បានបង្ហោះរឿងរ៉ាវដ៏ចាប់អារម្មណ៍នេះ កាលពីថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០២២ យ៉ាងដូច្នេះថា៖ «ភ័យចង់គាំងបេះដូង បងប្អូន ច្រលំស្កេន បាញ់លុយ អោយបងកង់បី 11100$ តែប៉ះចំបងផាសអេបចិត្តល្អ! ចែករំលែកបទពិសោធន៍ មួយបងប្អូនដែលចូលចិត្តស្កេន QR CODE មានលុយរៀល និង ដុល្លារ សូមមើលអោយច្បាស់កុំអោយដូចខ្ញុំ ជិះPass Apps អស់11100៛ បាញ់លុយអោយបងផាសអេប 11100$ ព្រោះ QR CODE មានសងខាង ដុល្លា និង រៀល ចេះសំណាង បងរត់កង់បី មកវិញ បាញ់ត្រលប់អត់កើតទៀត តែគាត់ខំចំនាយពេល ទៅបំពេញឯកសារនៅធនាគារ ដកលុយអោយវិញ!»។
តាមរយៈការចែករំលែកបទពិសោធន៍នេះ អ្នកលេងបណ្ដាញសង្គមជាច្រើន បានចូលខមិនលើកសរសើរទឹកចិត្តអ្នករត់កង់បីថា «ជូនបេះដូងពីខ្ញុំអោយគាត់មួយផង អរគុណនូវទឹកចិត្តដ៏ល្អរបស់គាត់, មនុស្សល្អមិនចង់បានលុយទ្រព្យអ្នកដទៃបែបនេះ ពិបាករកណាស់, ធ្វើល្អជួបតែមនុស្សល្អបង, ជូនសគុណគាត់បន្តិចបន្តួចទៅបង, គាត់ធ្លាប់ធ្វើការសន្តិសុខកន្លែងមួយខ្ញុំ គាត់ស្លូតណាស់ហើយឧស្សាហ៍ចេះជួយគេឯងណាស់,…»។
តែទន្ទឹមនឹងនោះផងដែរ ក៏មានអ្នកលេងសើចថា៖ «ដូចខ្ញុំដែរ តែខ្ញុំខុសបងត្រង់ថា ទិញអឺវ៉ាន់អស់ 330$ តែខ្ញុំបាញ់អោយគេតែ330៛, កុងគេសុទ្ធតែម៉ឺនដុល្លារ កុងខ្ញុំមិនភ័យរឿងលើសចឹងទេ,…។ រីឯអ្នកខ្លះទៀត ក៏បានចំអកទៅកាន់អ្នកចង់បានរបស់ទ្រព្យអ្នកដទៃមិនចេះខ្មាសអៀនថា «អោយលុយហេងគាត់ 300$ ទៅបង, សំណាងហើយ ពូកង់បីគាត់អត់កាត់យកហេង រំដោះគ្រោះដូចតារាស្រីម្នាក់នោះ…!»៕ រក្សាសិទ្ធិដោយ៖ លឹម ហុង










