ពិតណាស់ បច្ចុប្បន្ន ហាក់សម្បូរគ្រូមានបារមី ឬ គ្រូទេវតា ជាដើម ចេញមកអះអាងនៅលើបណ្តាញសង្គម ខ្លាំងពូកែៗណាស់ ប៉ុន្តែចុងក្រោយ ក៏ធ្លាយរឿងថា តាមពិតគឺសុទ្ធតែជាគ្រូបោកប្រាស់ ខណៈមហាជនវិញ បានត្រឹមហួសចិត្តទៅនឹងអ្នកមានជំនឿដ៏ងប់ងល់ ដោយខំប្រឹងរកស៊ី យកលុយទៅឲ្យគេយ៉ាងស្រួលៗ ហើយមិនមែន១ម៉ឺន២ម៉ឺនឯណាលោកអើយ គឺរាប់រយដុល្លារឯណោះ។
ជាមួយនឹងរឿងគ្រូបោកប្រាស់នេះផងដែរ មហាជនជាច្រើនក៏តែងមានមតិជាការណែនាំថា សូមជឿដោយការគិតពិចារណា បើឲ្យធ្វើតាម ឬគោរពព្រះរបស់អ្នក នឹងមានលាភសំណាងហូរចូលឈឹបៗ រកស៊ីកាក់កប រលូនគ្រប់យ៉ាង នោះមនុស្សម្នាក់ៗមិនបាច់ខំប្រឹងរកស៊ីស្អីនោះទេ។
តែដោយឡែក ថ្មីៗនេះនៅលើបណ្តាញសង្គម បានកំពុងផ្ទុះការចាប់អារម្មណ៍នឹងគ្រូមើលរាសី ហុងស៊ុយ កាត់ឆុង កាត់គ្រោះទៀតហើយ ដែលមានរហ្សនាមថា «ព្រះគណេស ប្រទានពរ» ដែលកំពុងតែចែកចាយនូវ ក្រណាត់យន្ត ឈុតកាត់ឆុង និងឈុតលើករាសីផ្សេងៗទៀត ទៅកាន់អតិថិជន ខណៈនៅលើផេករបស់ខ្លួនគ្រូបានសរសេរប្រាប់ថា៖ «អង្គគណេសរាជាប្រទានពរ… កូនណាដែលមានការងារទាក់ទងនឹងលុយធំ ចំនូលធំៗគោរពទ្រង់គឺពេញទំហឹង ការងារណាលុយពិបាកក៏អោយប្រែជាស្រួល ប្រទានពរជ័យអោយអ្វីគ្រប់យ៉ាងរលូន ជីវិតមិនមានបំណុល មានតែក្តីសុខក្តីចំរើន ..បង្កើនក្តីសុខនៃចិត្ត ជ្រះថ្លានៃចិត្ត ….»។
ជាមួយគ្នានេះផងដែរ គេក៏បានឃើញមនុស្សជាច្រើនដែលមានជំនឿងប់ងល់ បានចូលទៅខមិន សុំសេចក្តីសុខចំរើន សុំលាភសុំជ័យ សូមឲ្យលក់ដូរដាច់ ក្លាយជាអ្នកមានឆាប់ៗ ឡើងព្រោងព្រាតតែម្តង។ តែយ៉ាងណា សូមមានជំនឿដោយការគិតពិចារណាផង ជៀសវាងខាតបង់ប្រាក់កាក់របស់បងប្អូនឥតប្រយោជន៍៕ រក្សាសិទ្ធិដោយ៖ លឹម ហុង







