ភ្នំពេញ ៖ នគរបាលចរាចរណ៍ការិយាល័យជើងគោក នៃស្នងការដ្ឋាននរគបាលរាជធានីភ្នំពេញម្នាក់ រងរបួសបែកប្រអប់ជើងត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យព្រះកុសុមៈ ដើម្បីធ្វើការសង្រ្គោះ។
ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ដោយសារតែដេញតាមរថយន្តមួយគ្រឿងនេះ បានកើតឡើងកាលពីវេលាម៉ោង ៩និង០នាទីព្រឹក ថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២២ ស្ថិតនៅតាមបណ្តោយផ្លូវ២១៧សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ។
នគរបាលដែលរងគ្រោះខាងលើនេះសមត្ថកិច្ចមិនបញ្ចេញអត្តសញ្ញាណនោះទេ ដោយមេគោលដៅរបស់គាត់ប្រាប់ថា កូនចៅរបស់គាត់ជិះម៉ូតូចេញមកហូបអី ត្រូវរថយន្តបើកកៀរបួសរលាត់មេជើងបន្តិចបន្តួចទេ។

យោងតាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា មុនពេលកើតហេតុ គេឃើញមានកម្លាំងនគរបាលចរាចរណ៍ក្រុងមួយក្រុម កំពុងឈរជ្រោងច្រាងពេញផ្លូវដើម្បីអនុវត្តន៍ច្បាប់ចរាចរណ៍ជើងគោក ដូចសព្វរាល់ដង ដេញស្ទាក់ចាប់រថយន្តនិងម៉ូតូដែលល្មើសច្បាប់ចរាចរណ៍។
ស្របពេលនោះក៏មានរថយន្តសណ្តោងរ៉ីម៉កមួយគ្រឿងម៉ាកHYUNDAI ពណ៌ស ពាក់ផ្លាកលេខភ្នំពេញ 3G-0501 បើកបរដោយបុរសម្នាក់ក្នុងទិសដៅពីជើងទៅត្បូង ខណ:ដល់ចំនុចស្តុបស្ពានដែកចំការដូងផ្លូវ២១៧ ចំណុចនគរបាលអនុវត្តន៍ច្បាប់ចរាចរណ៍ជើងគោក កំពុងតែដេញស្ទាក់ចាប់រថយន្តម៉ូតូដែលល្មើសច្បាប់ចរាចរណ៍ ហើយសមត្ថកិច្ចមួយក្រុមខាងលើបានហៅរថយន្តមួយគ្រឿងនេះ ឲ្យឈប់ដើម្បីត្រួតពិនិត្យនិងផាកពិន័យ តែអ្នកបើកបរមិនបានឈប់រថយន្តនោះទេ ហើយព្យាយាមបើករថយន្តបន្តទៅមុខទៀត ពេលនោះកម្លាំងនគរបាលមួយក្រុម បានជិះម៉ូតូដេញតាមស្ទាក់ឃាត់រថយន្តខាងលើនេះ រហូតដល់ស្តុបផ្សារថ្នល់បត់ទើបបណ្តាលឲ្យបុកបូលិសចរាចរណ៍ម្នាក់ បែកប្រអប់ជើងនិងរយះកែងដៃ ហើយអ្នកបើកបរបានព្យាយាម បើករថយន្តរត់គេចរហូតដល់ស្តុបបាគូ ទើបសមត្ថកិច្ចនគរបាលខណ្ឌដង្កោសហការ ជាមួយកម្លាំងចរាចរណ៍ក្រុងឃាត់រថយន្ត និងអ្នកបើកបរយកមកធ្វើការសាកសួរ នៅប៉ុស្តិ៍នគរបាលដង្កោដើម្បីចាត់ការតាមនិតិវិធី៕ រក្សាសិទ្ធិដោយ ៖ សួង សាម


