ភ្នំពេញ: តុលាការកំពូល កាលពីព្រឹកថ្ងៃទី ២៦ ខែ ធ្នូ ឆ្នាំ ២០២២នេះ បានធ្វើការ ជំនុំជម្រះលើបណ្ដឹងសារទុក្ខរបស់ស្រ្តីជាប់ចោទម្នាក់ ដែលតុលាការថ្នាក់ក្រោម បានពិន័យប្រាក់ ចំនួន ២៦ លាន ២០ ម៉ឺនរៀល ជាប់ពាក់ព័ន្ធនឹងការ សន្និធិសត្វព្រៃ និង សំណាកសត្វព្រៃដោយគ្មាន លិខិតអនុញ្ញាត ប្រព្រឹត្ត នៅ ក្រុម៦ ភូមិបឹងរាំង ឃុំសាមគ្គី ស្រុកព្រៃនប់ ខេត្តព្រះសីហនុ កាលពីពីអំឡុងឆ្នាំ ២០១៩។
លោក យូរ ឧត្តរា ជាប្រធានចៅក្រមប្រឹក្សាជំនុំជម្រះ នៃ តុលាការកំពូល បានថ្លែងឲ្យដឹង នៅក្នុងអង្គសវនាការថា ជនជាប់ចោទ រូបនេះ មាន ឈ្មោះ កើត អន ភេទស្រី កើតឆ្នាំ ១៩៦៤ ។

នៅក្នុងសំណុំរឿងនេះ ជនជាប់ចោទ ត្រូវបានសាលាដំបូងខេត្ត ព្រះសីហនុ កាលថ្ងៃ ទី ១៦ ខែ ធ្នូ ឆ្នាំ ២០២១ បានពិន័យប្រាក់ ចំនួន ២៦ លាន ២០ មុឺនរៀល ក្រោមការចោទប្រកាន់ពីបទ: ” សន្និធិសត្វព្រៃ និង សំណាកសត្វព្រៃដោយគ្មាន លិខិតអនុញ្ញាត ” តាមមាត្រា ៩៦ នៃច្បាប់ស្តីពីព្រៃឈើ ។
ស្រ្តីជាប់ចោទ ប្តឹងឧទ្ធរណ៍ តែសាលាឧទ្ធរណ៍ បានតម្កល់ទណ្ឌកម្មរបស់គាត់រក្សាទុកជាបានការដដែល ។ គាត់ក៏ប្តឹងសាទុក្ខ មកកាន់តុលាការកំពូលទៀត ។

ស្រ្តីជាប់ចោទ ត្រូវបានចាប់ឃាត់ខ្លួន កាលពថ្ងៃទី ១៧ ខែ តុលា ឆ្នាំ ២០១៩ នៅភូមិបឹងរាំង ឃុំសាមគ្គី ស្រុកព្រៃនប់ ខេត្តព្រះសីហនុ ក៏ប៉ុន្តែ ក្រោយ ត្រូវបានដោះលែង ឲ្យស្ថិត នៅក្រៅឃុំវិញ។
នៅក្នុងសំណុំរឿងនេះ តុលាការកំពូលនឹងប្រកាសដីកា នៅព្រឹកថ្ងៃទី ៣០ ខែ ធ្នូ ឆ្នាំ ២០២២ នេះ ៕ រក្សាសិទ្ធិដោយ ៖ ចន្ទា ភា