ខេត្តបន្ទាយមានជ័យ៖ កម្លាំងសមត្ថកិច្ចកងរាជអាវុធហត្ថក្រុងប៉ោយប៉ែត កាលពីថ្ងៃទី ២៦ ខែ ធ្នូ ឆ្នាំ ២០២២ បានបញ្ជូនខ្លួនស្រ្តីសង្ស័យជនជាតិថៃ ជាបុគ្គលិកកាស៊ីណូ ម្នាក់ ទៅកាន់ស្ថាប័នអយ្យការអមសាលាដំបូងខេត្តបន្ទាយមានជ័យ ដើម្បីសាកសួរ និងសម្រេចតាមផ្លូវច្បាប់ ជាប់ពាក់ព័ន្ធករណី រំលោភលើទំនុកចិត្ត ដោយធ្វើសកម្មភាព លួចផ្ទេរប្រាក់ចេញពីក្រុមហ៊ុន ចំនួន៧,៤៧៧,២៤៤បាត ប្រព្រឹត្តកាលពីថ្ងៃទី០១ ខែវិច្ឆិកា ឆ្នាំ២០២២ រហូតដល់ថ្ងៃទី ២៤ ខែធ្នូ ឆ្នាំ២០២២ នៅចំណុចកាស៊ីណូ ផាលេសផ្តាស់ ស្ថិតនៅភូមិសាមគ្គីមានជ័យ សង្កាត់អូរជ្រៅ ក្រុងប៉ោយប៉ែត ។

យោងតាមរបាយការណ៍របស់សមត្ថកិច្ចកងរាជអាវុធហត្ថក្រុងប៉ោយប៉ែត បានឲ្យដឹងថា ជនសង្ស័យមានឈ្មោះ កុងចៃ ឡាក់សាម៉ី ហៅលុកម៉ី ភេទស្រី អាយុ ២៧ឆ្នាំ ជនជាតិថៃ ជាបុគ្គលិកកាស៊ីណូ រស់នៅ ភូមិសាមគ្គីមានជ័យ សង្កាត់អូរជ្រៅ ក្រុងប៉ោយប៉ែត។
ចំណែកជនរងគ្រោះឈ្មោះ ប៉េង រស្មី ភេទប្រុស អាយុ៣៨ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅភូមិមិត្តភាព សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ។
ក្រោយឃាត់ខ្លួន, សមត្ថកិច្ចកងរាជអាវុធហត្ថ ដកហូតបានវត្ថុតាងរួមមាន ៖ – មាសសន្លឹកចំនួន ០៥សន្លឹក ។ – កងដៃលោហៈធាតុពណ៌លឿងចំនួន០១កង ។ – ឡែបថប់ ពណ៌ខ្មៅ ចំនួន ០១គ្រឿង, ។ – នាឡិកា ចចំនួន០១គ្រឿង ។ – ខ្សែកលោហៈធាតុពណ៌លឿងចំនួន០១ខ្សែ, ។ – ទូរស័ព្ទម៉ាក Iphone 14pro max ចំនួន ០១គ្រឿង, ។ – ប្រាក់ថៃចំនួន ១០០,០០០បាត ។

ស្រ្តីសង្ស័យជនជាតិថៃរូបនេះ ត្រូវបានសមត្ថកិច្ចកងរាជអាវុធហត្ថ ចាប់ខ្លួន កាលពីថ្ងៃទី ២៥ ខែ ធ្នូ ឆ្នាំ ២០២២ នៅក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ។
បច្ចុប្បន្ននេះ ជនសង្ស័យខាងលើនេះ កំពុងត្រូវបាន សាកសួរចម្លើយ នៅអយ្យការអមសាលាដំបូងខេត្តបន្ទាយមានជ័យ នៅឡើយ៕ រក្សាសិទ្ធិដោយ ៖ ចន្ទា ភា