ភ្នំពេញ៖ មន្ត្រីនគរបាលកងរាជអាវុធហត្ថ រាជធានីភ្នំពេញ កាលពីថ្ងៃទី ២៦ ខែ ធ្នូ ឆ្នាំ ២០២២នេះ បានបញ្ជូនខ្លួនបុរស ទៅកាន់ស្ថាប័នអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ដើម្បីសាកសួរ និងសម្រេចតាមផ្លូវច្បាប់ ជាប់ពាក់ព័ន្ធករណីមិនបំពេញកាតព្វកិច្ច ចំពោះឧបករណ៍អាចជួញដូរបាន (សែកស្អុយ ) ចំនួន ១២ ម៉ឺនដុល្លារអាមេរិក ប្រព្រឹត្តនៅរាជធានីភ្នំពេញ អំឡុងឆ្នាំ ២០២១ ។
សមត្ថកិច្ចកងរាជអាវុធហត្ថ រាជធានីភ្នំពេញ បានឲ្យដឹងថា ជនសង្ស័យមាន ឈ្មោះ ជុំ សាវឿន ភេទប្រុស អាយុ ៥៤ ឆ្នាំ ស្នាក់នៅផ្ទះលេខ ៦៩ ផ្លូវ E បុរីឈូកវ៉ា ១ សង្កាត់ក្រាំងធ្នង់ ខណ្ឌព្រែកព្នៅ។
ចំណែកជនរងគ្រោះមានឈ្មោះ ជុំ វន ភេទ ប្រុស ជាថៅកែការ៉ាស់ជួសជុលរថយន្ត ក្នុងខណ្ឌទួលគោក រាជធានីភ្នំពេញ ។

ជនសង្ស័យ ត្រូវបានកម្លាំងសមត្ថកិច្ចកងរាជអាវុធហត្ថ ចាប់ខ្លួនកាលពីថ្ងៃទី ២៤ ខែ ធ្នូ ឆ្នាំ ២០២២ តាមដីកាបញ្ជាឲ្យចូលខ្លួន របស់លោក ច្រឹង ខ្មៅ ព្រះរាជអាជ្ញាអមសាលាដំបូង រាជធានីភ្នំពេញ បន្ទាប់ពីមានពាក្យបណ្ដឹង របស់ជនរងគ្រោះ ។
បច្ចុប្បន្ននេះ ជនសង្ស័យខាងលើនេះ កំពុងត្រូវបានសាកសួរចម្លើយ នៅអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ នៅឡើយ៕ រក្សាសិទ្ធិដោយ ៖ ចន្ទា ភា