Thursday, July 17, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

លោកជំទាវ ទេសាភិបាលធនាគារជាតិ គាំទ្រដល់ការអភិវឌ្ឍវិស័យទេសចរណ៍កម្ពុជា តាមរយៈនវានុវត្តន៍ហិរញ្ញវត្ថុ និងគំនិតផ្តួចផ្តើមថ្មីៗ

ភ្នំពេញ ៖ លោកជំទាវបណ្ឌិត ជា សិរី ទេសាភិបាល ធនាគារជាតិនៃកម្ពុជា បានអញ្ជើញជួបពិភាក្សាការងារជាមួយ ឯកឧត្តម ហួត ហាក់ រដ្ឋមន្រ្តីក្រសួងទេសចរណ៍ នៅធនាគារជាតិនៃកម្ពុជា អគារវត្តភ្នំ និងបានទទួលស្វាគមន៍ដំណើរទស្សនកិច្ចរបស់ឯកឧត្តមព្រមទាំងក្រុមការងារ មកកាន់សារមន្ទីរសេដ្ឋកិច្ចនិងរូបិយវត្ថុ ព្រះស្រីឦសានវរ្ម័ន (ស.ស.រ) នារសៀលថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២៥។

ក្នុងជំនួបដែលមានការចូលរួមពីតំណាងវិស័យឯកជននិងភាគីពាក់ព័ន្ធនេះ លោកជំទាវ ទេសាភិបាល បានមានប្រសាសន៍ពីការចូលរួមគាំទ្រដល់ការអភិវឌ្ឍវិស័យទេសចរណ៍កម្ពុជានាពេលកន្លងមក តាមរយៈនវានុវត្តន៍ហិរញ្ញវត្ថុ និងគំនិតផ្តួចផ្តើមថ្មីៗដូចជា ការតភ្ជាប់ប្រព័ន្ធទូទាត់ឆ្លងដែនជាមួយបណ្តាប្រទេសជាច្រើន ការដាក់ឱ្យដំណើរការកម្មវិធីបាគងទេសចរ និងការដាក់ឱ្យដំណើរការសារមន្ទីរសេដ្ឋកិច្ច និងរូបិយវត្ថុ ព្រះស្រីឦសានវរ្ម័ន (ស.ស.រ) នៅរាជធានីភ្នំពេញ ក៏ដូចជាគម្រោងដំណើរការសារមន្ទីរ ស.ស.រ ខេត្តបាត់ដំបង និងខេត្តកំពត នាពេលខាងមុខជាដើម។ លើសពីនេះ លោកជំទាវក៏បានលើកឡើងពីសារៈសំខាន់នៃការប្រមូលនិងចងក្រងស្ថិតិទេសចរ ព្រមទាំងបញ្ជាក់ពីឆន្ទៈចូលរួមសហការនិងគាំទ្រក្នុងការធ្វើឱ្យប្រសើរឡើងនូវគុណភាពទិន្នន័យទេសចរប្រកបដោយប្រសិទ្ធភាព។

ជាការឆ្លើយតប ឯកឧត្តមរដ្ឋមន្រ្តី បានមានប្រសាសន៍ពីវឌ្ឍនភាពគួរឱ្យកត់សម្គាល់នៃវិស័យទេសចរណ៍នាពេលកន្លងមកក្រោមដំបូលសុខសន្តិភាពនិងស្ថិរភាពនយោបាយ ដែលឆ្លុះបញ្ចាំងតាមរយៈការកើនឡើងនៃភ្ញៀវអន្តរជាតិនិងទេសចរក្នុងស្រុក។ ទន្ទឹមនេះ ឯកឧត្តមក៏បានលើកសរសើរពីការរួមចំណែករបស់ធនាគារជាតិនៃកម្ពុជាក្នុងការជំរុញវិស័យទេសចរណ៍នាពេលកន្លងមក តាមរយៈការដាក់ឱ្យដំណើរការផលិតផលហិរញ្ញវត្ថុថ្មីៗ ដែលជួយសម្រួលដល់ការទូទាត់របស់ទេសចរ និងចូលរួមផ្សព្វផ្សាយពីសក្តានុពលទេសចរកម្ពុជា៕ រក្សាសិទ្ធដោយ៖សុទ្ធលី

×