ភ្នំពេញ ៖ ស្ត្រីម្នាក់ស្រែកឆោឡោថា មានចោរឆក់ទូរស័ព្ទអាហ្វូន៦ មួយគ្រឿងរបស់គាត់ ផ្អើលប្រជាពលរដ្ឋនិងអ្នកដំណើរ ពេលដឹងរឿងទើបដឹងថា ម្ចាស់បំណុលនិងក្មួយប្រសា មកទារលុយជំពាក់ និងសួររកកន្លែងដែលគាត់យកឡានមួយគ្រឿង ពីអតីតប្តីរបស់គាត់យកទៅបញ្ចាំ ដោយហេតុការណ៍ភ្ញាក់ផ្អើលខាងលើនេះ បានកើតឡើងកាលពីវេលាម៉ោង ២និង៣០នាទី រសៀលថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២២ ស្ថិតនៅតាមបណ្តោយផ្លូវបេតុង បន្ទប់ជួលជាន់ទី១ ភូមិមានជ័យ សង្កាត់ស្ទឹងមានជ័យ១ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។

ស្ត្រីខាងលើមានឈ្មោះ សឿនចរិយា អាយុ៣៥ឆ្នាំ ចំណែកអតីតប្តីរបស់គាត់មានឈ្មោះ អ៊ុក ឈាង អាយុ៦៥ឆ្នាំ មុខរបរថៅកែជួលដីចំការ រស់នៅវិឡា លេខ១២ ភូមិទ្រា៤ សង្កាត់ស្ទឹងមានជ័យ៣ ខណ្ឌមានជ័យ។ រីឯក្មួយប្រុសមានឈ្មោះ រ៉េនស៊ីណាន អាយុ៤៥ ឆ្នាំ មុខរបរមន្ត្រីរាជការ។
តាមការរៀបរាប់ពីស្ត្រីខាងលើបានឲ្យដឹងថា រូបគាត់និងអតីតជាប្តី បានរួមរស់នៅជាមួយគ្នាក្នុងវិឡាដ៏ស្គឹមស្គៃ និងបានចុះអីតាស៊ីវិលត្រឹមត្រូវ នៅទីបំផុត គាត់ក៏បានលែងលះគ្នាអស់រយៈពេល៣ខែមកហើយ ដោយអតីតជាប្តី បានប្រគល់រថយន្តអេស្កាលេតមួយគ្រឿងឲ្យគាត់ ហើយគាត់ក៏យកទៅបញ្ចាំក្នុងតម្លៃ៤២០០០ដុល្លារ ហើយក៏បានចុះចេញមកនៅបន្ទប់ជួលខាងលើ និងមានជាប់ជំពាក់បំណុលគេចំនួន២៧០០ដុល្លារថែមទៀតផង។

លុះនៅថ្ងៃកើតហេតុ ស្រាប់តែលេចមុខម្ចាស់បំណុល និងក្មួយប្រសា មានគ្នា៤នាក់ បានឡើងមកគោះទ្វារបន្ទប់របស់គាត់ ហើយប្រាប់ថា មកយកថ្លៃទឹកថ្លៃភ្លើង ពេលនោះពួកគាត់ក៏បានប្រកែក និងប្រតាយប្រតប់គ្នា ហើយស្ត្រីខាងលើ បានយកទូរស័ព្ទថតទៅលើពួកបុរស៤នាក់ខាងលើ ទើបក្មួយប្រសារបស់គាត់ ទាញយកទូរស័ព្ទពីដៃរបស់គាត់ ចុះមកអង្គុយនៅហាងកាហ្វេមួយកន្លែងដែលនៅក្បែរនោះ។
មួយសន្ទុះក្រោយមក ក៏បានលុបរូបពួកគាត់ចោលអស់ ហើយបានប្រគល់ទូរស័ព្ទឲ្យទៅស្ត្រីខាងលើនោះវិញ ហើយក៏ត្រលប់ទៅផ្ទះវិញរៀងៗខ្លួនតែម្តង៕ រក្សាសិទ្ធិដោយ ៖ សួង សាម







