Sunday, December 22, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

រដ្ឋមន្ត្រី​ពាណិជ្ជកម្ម​កម្ពុជា និង​អនុរដ្ឋមន្ត្រី​ពាណិជ្ជកម្ម​ចិន ដើម្បី​ជំរុញ​ទំហំ​ពាណិជ្ជកម្ម និង​វិនិយោគ​ទ្វេភាគី​ឱ្យបាន​ដល់ ៦​ពាន់​លាន​ដុល្លារ​

​ភ្នំពេញ ​៖ រដ្ឋមន្ត្រី​ពាណិជ្ជកម្ម​កម្ពុជា ជួបពិភាក្សា​ជាមួយ​អនុរដ្ឋមន្ត្រី​ពាណិជ្ជកម្ម​ចិន ដើម្បី​ត្រួតពិនិត្យ​លទ្ធផល នៃ​កិច្ចសហប្រតិបត្តិការ ក្នុង​បណ្តា​ឆ្នាំកន្លងមក និង​លើក​ទិសដៅ​ការងារ ជំរុញ​ទំហំ​ពាណិជ្ជកម្ម និង​វិនិយោគ​ទ្វេភាគី ឱ្យបាន​ដល់ ៦​ពាន់​លាន​ដុល្លារ នៅ​ត្រឹម​ឆ្នាំ​២០២០ ស្របតាម​ផែនការ ដែល​ថ្នាក់ដឹកនាំ នៃ​ប្រទេស​ទាំង​ពីរ បាន​ដាក់ចេញ​នា​ពេលកន្លងមក​។​

​នៅក្នុង​កិច្ចប្រជុំ​លើក​ទី​៥ នៃ​គណៈកម្មការ​ចម្រុះ​ទ្វេភាគី​កម្ពុជា​-​ចិន នៅ​សណ្ឋាគារ​សុខា​ភ្នំពេញ កាលពី​រសៀល​ថ្ងៃ​ទី​១៩ ខែមិថុនា ឆ្នាំ​២០១៨ លោក ប៉ាន សូរ​ស័ក្តិ រដ្ឋមន្ត្រី​ក្រសួង​ពាណិជ្ជកម្ម​កម្ពុជា បាន​ដឹកនាំ​គណៈប្រតិភូ​កម្ពុជា ពិភាក្សា​ការងារ​ជាមួយ​គណៈប្រតិភូ​ចិន ដឹកនាំ​ដោយ​លោកស្រី កៅ យាន អនុរដ្ឋមន្ត្រី​ក្រសួងពាណិជ្ជកម្ម​ចិន ។​

​លោក​រដ្ឋមន្ត្រី ប៉ាន សូរ​ស័ក្តិ និង​លោកស្រី កៅ យាន បាន​អបអរ​ចំពោះ​កំណើន​ពាណិជ្ជកម្ម​ទ្វេភាគី ក្នុង​ឆ្នាំ​២០១៧ ដែល​សម្រេចបាន ប្រមាណ ៥.៨០០​លាន​ដុល្លារ​អាមេរិក ពោល​គឺ​បាន​កើនឡើង ២១,៨% បើ​ធៀប​នឹង​ឆ្នាំ​២០១៦ ដែល​មាន​ត្រឹមតែ ៤.៧៦០​លាន​ដុល្លារ​អាមេរិក​។ ក្នុងនោះ​ការនាំចេញ​របស់​កម្ពុជា​ទៅ​ចិន បាន​កើនឡើង​ចំនួន ២២% ប្រៀបធៀប​នឹង​ឆ្នាំ​២០១៦ ដែល​មាន​ចំនួន​ត្រឹមតែ ៣.៩២៩​​លាន​ដុល្លារ​ប៉ុណ្ណោះ​។ ភាគី​ទាំងពីរ​បាន​រំ​លេច អំពី​វឌ្ឍនភាព​សំខាន់ៗ នៃ​វិស័យ​ពាណិជ្ជកម្ម​ទ្វេភាគី លើ​ការងារ​បញ្ហា​អនាម័យ និង​ភូតគាម​អនាម័យ ដែល​ស្ថិត​ជារ​បាំង​បច្ចេកទេស រាំងស្ទះ​ការធ្វើ​ពិពិធ​កម្ម ការនាំ​ចេញ​កសិផលរ​បស់​កម្ពុជា ទៅ​កាន់​ទីផ្សារ​ប្រទេស​ចិន ដែល​រួមមាន ផ្លែឈើ និង​ផលដំណាំ​ផ្សេងទៀត​។ ភាគី​ចិន​នឹង​ពិចារណា​ក្នុង​ការបង្កើន ការទិញ​ផលិតផល​បន្ថែម​ពី​កម្ពុជា រួម​ទាំង​ការទិញ​អង្ករ​ផងដែរ សម្រាប់​ឆ្នាំ​២០១៩ ខាងមុខនេះ ដើម្បី​កាត់បន្ថយ​អ​តុលុ្យភាព​នៃ​ជញ្ជីងពាណិជ្ជកម្ម​។​

​លោក​រដ្ឋមន្ត្រី ក៏​បាន​ថ្លែងអំណរគុណ ដល់​រដ្ឋាភិបាល​នៃ​ប្រទេស​ចិន ដែល​កន្លង​មក​តែង​ជួយ​គាំទ្រ ការអនុវត្ត​គម្រោង​នានា របស់​រដ្ឋាភិបាល​កម្ពុ​ជា និង​បាន​កៀងគរ​វិនិយោគិន ឱ្យ​ចូលមក​បណ្តាក់ទុន​នៅ​កម្ពុជា ក្រោម​ក្របខណ្ឌ​ផ្លូវ​មួយ​-​ខ្សែក្រវ៉ាត់​មួយ ក្នុង​បំណង​ចូលរួម​ជំរុញ​កំណើនសេដ្ឋកិច្ច និង​កាត់បន្ថយ​ភាពក្រីក្រ​របស់​ប្រជាជន​កម្ពុជា ស្របតាម​ផែនការ​យុទ្ធសាស្ត្រ​អភិវឌ្ឍន៍​ជាតិ​។​

​ជា​ការឆ្លើយតប លោកស្រី កៅ យាន បាន​សន្យា​នឹង​ធ្វើ​ការសម្របសម្រួល ជាមួយ​ស្ថាប័ន​ពាក់ព័ន្ធ សំដៅ​ស្វែងរក​ដំណោះស្រាយ​បញ្ហា​នានា ជូន​វិស័យ​ឯកជន​កម្ពុជា និង​រាជរដ្ឋាភិបាល​ផងដែរ​។ លោកស្រី​ក៏​បាន​ថ្លែងអំណរគុណ​ដល់ លោក​រដ្ឋមន្ត្រី ដែល​កន្លង​មក​តែង​ជួយ​សម្របសម្រួល​វិនិយោគិន​ចិន និង​គាំទ្រ​ការរៀបចំ​ជំនួប​ធុរកិច្ច ក៏​ដូច​ជា​ព្រឹត្តិការណ៍​ពិព័រណ៍​ពាណិជ្ជកម្ម​ផ្សេងៗ​៕ ដោយ​៖​កូឡាប​

  

×