Thursday, July 17, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

មហាអំណាចនុយក្លេអ៊ែរចំនួន៣ប្រទេស ដាស់ជប៉ុន ឲ្យភ្ញាក់ពីដំណេក

រាជធានីតូក្យូ៖ ជប៉ុន ជាប្រទេសមហាអំណាចយោធាដ៏ខ្លាំងក្លាបំផុតមួយ នៅលើពិភពលោក នាសម័យសង្គ្រាមលោកលើកទី២ លុះពេលក្រោយការចាញ់សង្គ្រាមនោះមក ប្រទេសអាស៊ីបូព៌ាមួយនេះ បានងាកទៅគិតគូរតែ អំពីរឿងសេដ្ឋកិច្ច ហើយដេកលង់លក់ នៅក្នុងសន្ដិភាព អស់រយៈពេលជាច្រើនទសវត្សរ៍កន្លងមកហើយ ប៉ុន្ដែការគំរាមកំហែងរបស់ចិន ទៅលើកោះតៃវ៉ាន់ ការឈ្លានពានរបស់រុស្ស៊ីទៅលើប្រទេសអ៊ុយក្រែន និង ការបាញ់មីស៊ីលជាញឹកញាប់ ពីប្រទេសកូរ៉េខាងជើង បានដាស់ជប៉ុន ឲ្យភ្ញាក់ដឹងខ្លួនឡើងវិញ គិតគូរពង្រឹងវិស័យយោធា កើនឡើងទ្វេដង ក្រោមច្បាប់យុទ្ធសាស្រ្ដសន្ដិសុខជាតិថ្មីរបស់ខ្លួន។

សារព័ត៌មាន South China Morning Post បានចេញផ្សាយ កាលពីព្រឹក ថ្ងៃព្រហស្បតិ៍ ទី២៩ ខែធ្នូ ថា ជប៉ុន បានចេញសេចក្ដីព្រាងឯកសារការពារជាតិថ្មីដ៏ធំសម្បើមមួយ ដែលសកម្មភាពនេះ ធ្វើឲ្យក្រុមអ្នកវិភាគ គិត ថា នឹងកើតឡើងឆាប់ៗនេះ។ ដូច្នេះរដ្ឋាភិបាលរបស់លោក ហ៊្វូមីអូ គីស៊ីដា (Fumio Kishida) បានយល់ព្រមបែងចែកថវិកា ចំនួន៤៣ពាន់ពាន់លានយ៉េន (លុយជប៉ុន) ឬស្មើនឹង៣២៣,៤ពាន់លានដុល្លារសហរដ្ឋអាមេរិក សម្រាប់ការចំណាយ លើវិស័យការពារជាតិ ចន្លោះពីឆ្នាំ២០២៣ ដល់២០២៧ ដោយកើនឡើង រហូតដល់៥០ភាគរយ លើសពីថវិកា រយៈពេលប្រាំឆ្នាំ នាពេលបច្ចុប្បន្ននេះ។ សេចក្ដីព្រាងនេះ មានន័យ ថា ក្រុងតូក្យូ បានសម្រេចចិត្ត បង្កើនការទិញគ្រឿងសឹកទំនើបៗ អាចបាញ់ រហូតដល់ចម្ងាយ ជាង២០០០គីឡូម៉ែត្រ សម្រាប់បំពាក់ដល់កងទ័ពរបស់ខ្លួន ដើម្បីប្រឈមមុខនឹងបច្ចាមិត្ដ។

ក្រោយពេលកញ្ចប់ថវិកាទាំងនេះ នឹងត្រូវបានអនុវត្ដ ដោយសភាជប៉ុន នោះ ក្រុងតូក្យូ នឹងប្រើប្រាស់កញ្ចប់ថវិកាទាំងនេះ សម្រាប់ទិញមីស៊ីល Tomahawks (តូម៉ាហក់) ផលិតដោយសហរដ្ឋអាមេរិក ខណៈក្រុមហ៊ុនឧស្សាហកម្មធុនធ្ងន់ Mitsubishi របស់ជប៉ុន នឹងធ្វើឲ្យកាន់តែប្រសើរឡើង និង ផលិតកាន់តែធំនូវមីស៊ីលនាំផ្លូវ បាញ់ពីលើដីទៅនាវា។ មីស៊ីល ប្រភេទ ១២ នេះ អាចវាយប្រហារ ចន្លោះពី២០០គីឡូម៉ែត្រ ទៅដល់ជាង ១ ០០០គីឡូម៉ែត្រ ដែលអាចកម្ទេចលើគោលដៅយោធារបស់សត្រូវ នៅក្នុងប្រទេសជិតខាង រួមមាន ចិន ជាដើម។

ក្រោមយុទ្ធសាស្រ្ដសន្ដិសុខជាតិថ្មី (NSS) និង ឯកសារ ចំនួន២ផ្សេងទៀត បានចេញ នៅពាក់កណ្ដាលខែធ្នូនេះ ជប៉ុន នឹងបង្កើនការចំណាយ លើវិស័យការពារជាតិ កើនឡើងទ្វេដងសម្រាប់រយៈពេល៥ឆ្នាំខាងមុខនេះ។ នេះជាលើកទី១ ដែលក្រុងតូក្យូ បានសម្រេចចិត្តដាក់ពង្រាយនូវមីស៊ីលយ៉ាងច្រើន អាចវាយប្រហារទៅលើគោលដៅយោធា នៅក្នុងប្រទេសដទៃ ។

គោលនយោបាយថ្មីនេះ បានបំផ្លាញនូវបម្រាម មានអាយុកាលរាប់ទសវត្សរ៍ ដែលជប៉ុន បានប្រកាន់ខ្ជាប់នូវគោលជំហរការពារជាតិ ក្រោមរដ្ឋធម្មនុញ្ញសន្តិភាពរបស់ខ្លួន ដែលបានតាក់តែឡើង ដោយសហរដ្ឋអាមេរិក ក្រោយពេលក្រុងតូក្យូ បានចាញ់សង្គ្រាមលោកលើកទី២។

លោក តូប៊ៀស ហាររីស (Tobias Harris) ជាអ្នកជំនាញនយោបាយជប៉ុន និង ជានាយករង នៃមូលនិធិម៉ាសាល់អាល្លឺម៉ង់ បានបញ្ជាក់ ថា «តាមរយៈការសម្រេចបាននូវចក្ខុវិស័យ ដូចបានរៀបរាប់ នៅក្នុងឯកសារទាំងបីនោះ នៅទីបំផុត ប្រទេសជប៉ុន អាចនឹងក្លាយទៅជាប្រទេសមហាអំណាចយោធា ដូចគេឯងដែរ ទាក់ទងនឹងសមត្ថភាពការពារជាតិរបស់ខ្លួន។ ជប៉ុន បានកែប្រែគោលជំហររបស់ខ្លួន ដោយសារបរិយាកាសគំរាមកំហែងដល់ប្រទេសជាតិ កំពុងតែប្រែប្រួលខ្លាំង»។

គោលនយោបាយថ្មីនេះ នឹងបង្កើនការចំណាយ រហូតដល់២ភាគរយ នៃផលិតផលក្នុងស្រុកសរុប (GDP) របស់ជប៉ុន ដែលតាមធម្មតា ក្រុងតូក្យូ បានចំណាយត្រឹមតែ១ភាគរយប៉ុណ្ណោះ។ ដូច្នេះ អំណាចយោធារបស់ជប៉ុន នឹងកាន់តែខ្លាំងក្លាឡើង បន្ទាប់ពីសហរដ្ឋអាមេរិក និង ចិន។

រដ្ឋធម្មនុញ្ញសន្ដិភាពរបស់ជប៉ុន ក្រោយការចាញ់សង្គ្រាមលើកទី២ បានអនុញ្ញាតឲ្យក្រុងតូក្យូ សម្រាប់ត្រឹមតែការពារខ្លួន ហើយក៏មិនអនុញ្ញាតឲ្យវាយលុកទៅលើប្រទេសដទៃនោះឡើយ។ ប៉ុន្ដែដោយសារបរិយាកាសគំរាមកំហែង នាពេលបច្ចុប្បន្ន ដូចជា សកម្មភាពយោធារបស់ចិន គំរាមកំហែងទៅលើកោះតៃវ៉ាន់, សកម្មភាពឈ្លានពានរបស់រុស្ស៊ី ទៅលើអ៊ុយក្រែន និង មហិច្ឆតាគ្រាប់បែកបរមាណូរបស់កូរ៉េខាងជើង ធ្វើឲ្យជប៉ុន គិតពិចារណាឡើងវិញ ហើយបង្កើតយុទ្ធសាស្រ្ដការពារជាតិថ្មីរបស់ខ្លួន អាចវាយប្រហារ ទៅលើគោលដៅយោធារបស់សត្រូវ នៅលើទឹកដីរបស់បច្ចាមិត្ត។

ជាការប្រតិកម្ម ប្រឆាំងនឹងយុទ្ធសាស្រ្ដសន្ដិសុខថ្មីរបស់ជប៉ុន នោះ ក្រុងមូស្គូ បានចោទប្រកាន់ក្រុងតូក្យូ ថា បានឱបក្រសោបនូវការធ្វើយោធូបនីយកម្ម ដោយឥតលាក់លៀម។ ស្របគ្នានេះ ដែរ ក្រុងព្យុងយ៉ាង ក៏បានបរិហារអំពីផែនការនេះ ថា ជាការប្រឈមមុខយ៉ាងធ្ងន់ធ្ងរ ចំពោះសន្តិភាពអន្តរជាតិ ខណៈក្រុងប៉េកាំង បានអះអាង ថា ជប៉ុន កំពុងតែបំភ្លៃនូវការគំរាមកំហែងរបស់ចិន ដើម្បីស្វែងរកលេស សម្រាប់ការកសាងយោធូបនីយកម្មរបស់ខ្លួន ប៉ុន្តែសកម្មភាពនេះ នឹងត្រូវបរាជ័យ។

ដោយឡែក លោក ជេក ស៊ូលលីវ៉ាន់ (Jake Sullivan) ទីប្រឹក្សាសន្ដិសុខជាតិ ប្រចាំសេតវិមានរបស់ប្រធានាធិបតីសហរដ្ឋអាមេរិក បានកោតសរសើរ ដល់យុទ្ធសាស្រ្ដការពារជាតិថ្មីរបស់ជប៉ុន ថា នេះជាការបោះជំហានទៅមុខដ៏ក្លាហាន និង ជាប្រវត្តិសាស្ត្រ សម្រាប់ពង្រឹង និង ការពារឥណ្ឌូ-ប៉ាស៊ីហ្វិក សេរី និង បើកចំហ»៕ រក្សាសិទ្ធិដោយ ៖ សារាយSN

×