កណ្តាល ៖ មិនអាចនៅឈរមើលទូកចម្លងកញ្ចេះកញ្ចាស់លិចចូលទៅក្នុងទន្លេជាបន្តបន្ទាប់ ឬម្ចាស់ និងក្រុមការងារធ្វេសប្រហែសទៀតនោះទេ លោក គង់ សោភ័ណ្ឌ អភិបាលខេត្តកណ្ដាល បានបញ្ជាដល់នគរបាលខេត្តកណ្ដាល ត្រូវកសាងសុំណុំរឿងបញ្ជូនម្ចាស់ទូក-ដ ដែលបង្កគ្រោះថ្នាក់ថ្មីៗទៀតនេះទៅតុលាការ ព្រោះថា មិនគិតគូរពីសុវត្ថិភាពធ្វើឱ្យធ្លាក់ម៉ូតូកង់៣មួយគ្រឿង ចូលទន្លេ បណ្ដាលឲ្យកុមារីម្នាក់ ស្លា.ប់យ៉ាងខ្លោចផ្សា។
ហេតុការណ៍ទូក-ដ ធ្វើឱ្យធ្លាក់ម៉ូតូកង់៣ចូលទន្លេ និងបណ្ដាលឱ្យកុមារីម្នាក់ស្លា.ប់នេះ បានកើតឡើង កាលពីល្ងាចថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០២២ ត្រង់ចំណុចកំពង់ចម្លងក្បាលកោះគរ-ស្វាយប្រទាល ស្ថិតក្នុងភូមិឫស្សីជ្រោយ ឃុំស្វាយប្រទាល ស្រុកស្អាង ខេត្តកណ្តាល ។

ក្នុងពេលជួបសំណេះសំណាល និងចែកវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុ នៅស្រុកលើកដែក នាថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០២២ លោក គង់ សោភ័ណ្ឌអភិបាលខេត្តកណ្ដាល បានបញ្ជាឲ្យនគរបាលកសាងសំណុំរឿងបញ្ជូនទៅតុលាការ ដើម្បីទុកឲ្យតុលាការសម្រេចទោសទាន់លើម្ចាស់ទូកដរ ដែលខ្វះការប្រុងប្រយ័ត្ន ខ្វះការរៀបចំសុវត្ថិភាពជូនអ្នកដំណើរ។
អភិបាលខេត្តកណ្ដាលរូបនេះ បានថ្លែងថា លោកបានឈឺចាប់ម្ដងរួចមកហើយអំពីការលិចទូក-ដនេះ គឺមុននេះបណ្ដាលឲ្យសិស្សសាលា១១នាក់ស្លា.ប់ ដោយសារលិចទូកនៅកំពង់ភ្នំ ហើយលោកបានដាក់បទបញ្ជាឲ្យរឹតបន្តឹងចំពោះម្ចាស់អាជីវកម្មទូក-ដ ឲ្យមានបច្ចេកទេសត្រឹមត្រូវ ចុះហេតុអីបានជាមានករណីធ្លាក់ម៉ូតូកង់៣ចូលទន្លេស្លា.ប់ក្មេងស្រីម្នាក់ នៅស្រុកស្អាង ទៀតហើយ?

ខ្ញុំឈឺចាប់ណាស់ កាលទូក-ដ នៅកំពង់ភ្នំលិចស្លាប់១១នាក់ ខ្ញុំហៅថាទូក-ដ នោះឈ្មោះថា ទូក-ដ សម្លា.ប់មនុស្សម្ដងរួចមកហើយ ចុះទូក-ដ នេះទៀត តើទូក-ដ អ្វី? គឺទូក-ដ ពិឃាតមនុស្ស។ ខ្ញុំក៏ស្នើទៅមន្ទីរសេដ្ចកិច្ច និងហិរញ្ញវត្ថុខេត្ត ឲ្យលុបចោលអារឿងទូក-ដ បែបបុរាណដែលដាក់ទូក២ទន្ទឹមគ្នា ហើយបើកកាត់ទន្លេនេះ ខ្ញុំបញ្ជាឲ្យឈប់ភ្លាម ត្រូវមើលឡើងវិញអារឿងទូក-ដនេះ ឱ្យមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ ម្ចាស់ទទួលខុសត្រូវក្នុងការការពារសុវត្ថិភាពជូនអ្នកដំណើរ។
គួររម្លឹកថា ករណីសោកនាដកម្មលិចទូក-ដ បណ្ដាលឲ្យសិស្សសាលាស្លា.ប់ចំនួន១១នាក់ និងរួចខ្លួនបាន៤នាក់ បានកើតឡើង កាលពីយប់ថ្ងៃព្រហស្បតិ៍ថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២២ វេលាម៉ោង៧យប់ ស្ថិតនៅចំណុច ទូក-ដទទឹង ភូមិកោះចំរើន ឃុំកំពង់ភ្នំ ស្រុកលើកដែក ។ រីឯមួយករណីទៀតនេះ គឺ ម៉ូតូកង់៣ បានរអិលធ្លាក់ចូលទន្លេបាសាក់ភូមិសាស្ត្រស្រុកស្អាង បណ្ដាលឲ្យកុមារីម្នាក់ស្លា.ប់៕ រក្សាសិទ្ធិដោយ ៖ ពិសិដ្ឋ CEN











