Thursday, July 17, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

អត្តសញ្ញាណប័ណ្ណមន្ត្រីរាជការស៉ីវិលប្រភេទថ្មី ត្រូវបានប្រកាសដាក់ឲ្យដំណើរការជាផ្លូវការ ប្រើជាកាតសម្គាល់ខ្លួន និង ATM បើកប្រាក់បៀរវត្សពីធនាគារ

ភ្នំពេញ : ឯកឧត្តម ព្រុំ សុខា រដ្ឋមន្ត្រីក្រសួងមុខងារសាធារណ: កាលពីល្ងាចថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០២២នេះ បានអញ្ជើញជាអធិបតីភាពប្រកាសដាក់ឱ្យដំណើរការជាផ្លូវការ ការប្រើប្រាសស់អត្តសញ្ញាណប័ណ្ណមន្ត្រីរាជការស៉ីវិលប្រភេទថ្មី ដែលបានរៀបចំឡើងនៅសណ្ឋាគារ Cambodianna និងដោយមានការចូលរួមពីតំណាងធនាគារ រួមទាំងមន្ត្រីជំនាញពាក់ព័ន្ធជាច្រើនរូបទៀតផងដែរ។

លោក ព្រុំ សុខា រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ បានថ្លែងថា ការដាក់ឱ្យប្រើប្រាស់អត្តសញ្ញាណប័ណ្ណមន្ត្រីរាជការស៉ីវិលប្រភេទថ្មី ដើម្បីប្រើប្រាស់ជាកាតសម្គាល់ខ្លួន និងជាប័ណ្ណ អេធីអ៊ឹម(ATM)សម្រាប់បើកប្រាក់បៀរវត្សរ៍ពីធនាគារ រួមទាំងអាចប្រើប្រាស់ជាសម្រាប់មុខងារដទៃទៀតនេះ គឺជាការធ្វើកំណែរទម្រង់រដ្ឋបាលសាធារណ: ស្របទៅនិងកម្មវិធីសម្រាប់អនុវត្តន៍ នូវគោលនយោបាយរបស់រាជរដ្ឋាភិបាល សម័យឌីជីថល។

លោក ព្រុំ សុខា បានបន្តថា «ការប្រកាសដាក់ឱ្យប្រើប្រាស់ស្មាតកាតនេះ បានសញ្ជាក់ថា យើងបានសម្រេចនូវស្នាដៃមួយ ជាស្នាដៃពន្លកនៃកិច្ចខិតខំប្រឹងប្រែង ក្នុងកម្មវិធីសម្រាប់អនុវត្តន៍នូវគោលនយោបាយរដ្ឋាភិបាលឌីជីថល របស់រាជរដ្ឋាភិបាលនៃព្រះរាជជាណាចក្រកម្ពុជា ដែលមានសម្តេចតេជោ ហ៊ុន សែន ជាប្រមុខដឹកនាំ ក្នុងការប្រើបច្ចេកវិទ្យាទំនើប នៅក្នុងយុគសម័យនៃសម័យនៃបច្ចេកវិទ្យា 4.0»។

លោករដ្ឋមន្ត្រី ព្រុំ សុខា បានបញ្ជាក់ដែរថា ការប្រកាសដាក់ឱ្យប្រើប្រាស់អត្តសញ្ញាណប័ណ្ណមន្ត្រីរាជការប្រភេទថ្មីនេះ ក៏ជាជំហ៊ានមួយក្នុងការធ្វើកំណែរទម្រង់រដ្ឋបាលសាធារណៈ ដើម្បីធ្វើយ៉ាងណាក្នុងការអភិវឌ្ឍ និងការក៏សាងធនធានមនុស្ស ក៏សាងអភិវឌ្ឍស្ថាប័ន ហើយការបោះពុម្ពស្មានកាតនេះ ក៏ជាដើរឱ្យទាន់នៃការអភិវឌ្ឍបច្ចេកវិទ្យាផងដែរ។

លោក ព្រុំ សុខា បានបន្ថែមទៀតថា ដំណើរការប្រើប្រាស់អត្តសញ្ញាណប័ណ្ណ មន្ត្រីរាជការស៉ីវិលប្រភេទថ្មីនេះ គឺជាការកែប្រែក្តីស្រម៉ៃ ឱ្យក្លាយជាការពិត តាមរយៈការកែរប្រែពីកាតមន្ត្រីរាជការ ឱ្យបានក្លាយទៅជាកាតមន្ត្រីរាជការផង និងអាចប្រើប្រាស់ដើម្បីបើកប្រាក់ខែ តាមរយៈធនាគារជាដៃគូផង រួមទាំងការប្រើប្រាស់ទៅមធ្យោបាយផ្សេងៗមួយចំនួនទៀត។
លោកបានអះអាងទៀតថា ក្រសួងក៏នឹងចាប់ផ្តើមធ្វើការអភិវឌ្ឍលើបញ្ហាផ្សេងៗទៀត ដែលក្នុងនោះក្រសួងក៏នឹងរៀបចំលើគម្រោងគាំពារសុខុមាលភាព របស់មន្ត្រីរាជការរួមទាំងបញ្ហាមួយចំនួនទៀតផងដែរ។

តាមរបាយការណ៍ ការដាក់ឱ្យប្រើប្រាស់អត្តសញ្ញាណប័ណ្ណមន្ត្រីរាជការស៉ីវិលប្រភេទថ្មីនេះ ដើម្បីឆ្លើយតបទៅនឹងដំណើរការនៃបដិវត្តន៍ឧស្សាហកម្មជំនាន់ទី៤ ស្របពេលជាមួយនឹងការរីករាលដាលនៃជំងឺកូវីដ១៩ ក្របខណ្ឌគោលនយោបាយសេដ្ឋកិច្ច និងសង្គមឌីជីថលកម្ពុជា ២០២១-២០៣៥ ហើយត្រូវបានរៀបចំឡើងកាលពីឆ្នាំ២០២១ ដែលមានលក្ខណៈជាក្របខណ្ឌរួម និងជាផែនទីចង្អុលផ្លូវ ក្នុងគោលដៅជំរុញដំណើរការបរិវត្តកម្មឌីជីថល លើគ្រប់តួអង្គ ក្នុងសេដ្ឋកិច្ច និងសង្គមកម្ពុជាទាំងមូល។
ក្របខណ្ឌគោលនយោបាយនេះ មានសសរស្តម្ភចំនួន៣ គឺ (១) ការកសាងរដ្ឋាភិបាលឌីជីថល (២) ការកសាងពលរដ្ឋឌីជីថល និង(៣)ការកសាងធុរកិច្ចឌីជីថល។ អនុលោមតាមក្របខណ្ឌគោលនយោបាយខាងលើនេះ រាជរដ្ឋាភិបាលបានដាក់ចេញ នូវគោលនយោបាយរដ្ឋាភិបាលឌីជីថល កម្ពុជា ២០២២-២០៣៥ ដោយផ្តោតលើចក្ខុវិស័យ «ការកសាងរដ្ឋាភិបាលឌីជីថល ដើម្បីលើកកម្ពស់ គុណភាពជីវិតនិងទំនុកចិត្តប្រជាពលរដ្ឋ តាមរយៈការបម្រើសេវាសាធារណៈឱ្យកាន់តែប្រសើរ»។ការបោះពុម្ព និងផ្តល់ជូនអត្តសញ្ញាណប័ណ្ណ មន្ត្រីរាជការប្រភេទថ្មី បានឆ្លុះបញ្ចាំងយ៉ាងប្រត្យក្សនូវកិច្ចខិតខំប្រឹងប្រែង និងការឆ្លើយតបថ្មីមួយទៀត របស់ក្រសួងមុខងារសាធារណៈ ក្នុងការរួមចំណែកជំរុញការកសាង រដ្ឋាភិបាលឌីជីថល តាមរយៈការធ្វើទំនើបកម្មនិងនវានុវត្ត ក្នុងរដ្ឋបាលសាធារណៈផងដែរ។

លោកព្រុំ សុខាបានបញ្ជាក់ថា កន្លងមករាជរដ្ឋាភិបាលធ្លាប់ បានបោះពុម្ព និងផ្តល់ជូនអត្ត សញ្ញាណប័ណ្ណជូនមន្ត្រីរាជការ ដើម្បីប្រើបាស់ជាផ្លូវការ ។ ប៉ុន្តែការផ្ដល់ជូន នេះបានអាក់ខានចាប់តាំងពី ឆ្នាំ២០១៥ រហូតដល់សព្វថ្ងៃ។ ដោយមើលឃើញពីតម្រូវការចាំបាច់របស់ មន្ត្រីរាជការស៊ីវិល ក្នុងការប្រើប្រាស់ដើម្បីបង្ហាញអត្តសញ្ញាណរបស់ខ្លួនក្នុងការបំពេញបេសកកម្មការងារ និងដោយផ្អែកលើការវិវត្តជឿនលឿននៃប្រព័ន្ធបច្ចេកវិទ្យា ស្របតាមប្រក្រតីភាពថ្មីនៃបរិបទកូវីដ-១៩ផង នោះ ។ អគ្គនាយកដ្ឋាន IT ចាប់ផ្តើម ធ្វើការសិក្សា និងរៀបចំបោះពុម្ព និងផ្តល់ជូនអត្តសញ្ញាណប័ណ្ណជូនមន្ត្រីរាជ ការស៊ីវិលឡើងវិញដែលបច្ចុប្បន្នមានចំនួនប្រមាណជាង២២ម៉ឺននាក់ទាំងនៅតាមក្រសួង សា្ថប័ន ថ្នាក់ជាតិនិងរដ្ឋបាលថ្នាក់ក្រោមជាតិក្នុងទម្រង់ថ្មីជាប្រភេទស្មាតកាត(Smart Card) ដែលអាច អនុញ្ញាតឱ្យមន្ត្រីរាជការប្រើប្រាស់ជាប័ណ្ណសម្គាល់ខ្លួនផង ជាប័ណ្ណអេធីអឹម(ATM)សម្រាប់ដកបៀវត្សពី ធនាគារផង និងអាចប្រើប្រាស់ជាមធ្យោបាយសម្រាប់មុខងារចាំបាច់ដទៃទៀតដែរ៕ រក្សាសិទ្ធិដោយ : សុវណ្ណារិទ្ធ

×