ភ្នំពេញ: តុលាការកំពូលកាលពីថ្ងៃទី ២៨ខែ ធ្នូ ឆ្នាំ ២០២២ បានធ្វើការជំនុំជម្រះ លើបណ្តឹងសាទុក្ខ យុវជនជាប់ចោទម្នាក់ ជាប់ពាក់ព័ន្ធនឹងការវា.យស.ម្លាប់ បុរសវ័យចំណាស់ម្នាក់ ជាអតីតយោធិនចូលនិវត្តម្នាក់ ដោយរឿងគំនុំ ប្រព្រឹត្តនៅចំណុចផ្លូវ៥០២ ស្ថិតក្នុងភូមិបន្ទាយទី០២ ឃុំអូរសំព័រ ស្រុកម៉ាឡៃ ខេត្តបន្ទាយមានជ័យ កាលពីអំឡុងឆ្នាំ ២០២១ ។
លោកស្រី គិម សត្ថាវី ជាប្រធានចៅក្រមប្រឹក្សាជំនុំជម្រះនៃ តុលាការកំពូល បានថ្លែងឲ្យដឹងថា ជនជាប់ចោទរូបនេះមានឈ្មោះ វុន ឡៃហៀក ភេទប្រុស អាយុ២៦ឆ្នាំ មុខរបរ កម្មករសំណង់ រស់នៅភូមិកោះស្នួល ឃុំទួលពង្រ ស្រុកម៉ាឡៃ ខេត្តបន្ទាយមានជ័យ ។

ចំណែកជនរងគ្រោះឈ្មោះ រុង រឿង ភេទប្រុស អាយុ៥៩ឆ្នាំ ជាអតីតជាយោធិនចូលនិវត្ត រស់នៅភូមិបន្ទាយទី០២ ឃុំអូរសំព័រ ស្រុកម៉ាឡៃ ខេត្តបន្ទាយមានជ័យ ។
លោកស្រីចៅក្រម បានថ្លែងថា: នៅក្នុងសំណុំរឿងក្តីនេះ ជនជាប់ចោទ ឈ្មោះ វុន ឡៃហៀក ត្រូវបានសាលាដំបូងខេត្ត បន្ទាយមានជ័យ កាលពីអំឡុង ឆ្នាំ ២០២១ ផ្តន្ទាទោសដាក់ពន្ធនាគារកំណត់ ៣០ ឆ្នាំ និង បង្គាប់ឱ្យសងជំងឺចិត្ត ៧០ លានរៀល ទៅគ្រូសារជនរងគ្រោះពីបទ « ឃាត.កម្មគិតទុកជាមុន » តាមបញ្ញត្តិមាត្រា ២០០ នៃ ក្រមព្រហ្មទណ្ឌ ។

ជនជាប់ចោទ ត្រូវបានសមត្ថកិច្ចចាប់ខ្លួន កាលពីថ្ងៃទី១ ខែកុម្ភៈ ឆ្នាំ២០២១ នៅភូមិបន្ទាយទី២ ឃុំ អូរសំព័រ ស្រុកម៉ាឡៃ ខេត្តបន្ទាយមានជ័យ ។
គួរបញ្ជាក់ថា: នាពេលសវនាការ ជនជាប់ចោទ បានឆ្លើយសារភាព និងទទួលស្គាល់កំហុសរបស់ខ្លួន។ គាត់សុំឱ្យតុលាការកំពូល បន្ថយបន្ធូរទោសរបស់គាត់ចំនួន ១៥ ឆ្នាំ។
តុលាការកំពូលនឹងប្រកាសដីកា លើសំណុំរឿងក្តីនេះ នៅព្រឹកថ្ងៃទី ០៤ ខែ មករា ឆ្នាំ ២០២៣ ៕ រក្សាសិទ្ធិដោយ ៖ ចន្ទា ភា