គ្រោះអគ្គីភ័យដ៏មហារន្ធត់ ឆាបឆេះកាស៊ីណូហ្គ្រេនដាយមិនស៊ីធី នៅក្រុងប៉ោយប៉ែត ដែលមានមនុស្សរាប់រយនាក់ (រួមទាំងបុគ្គលិក និងភ្ញៀវ) ជាប់គាំងក្នុងនោះ បានធ្វើឲ្យមជ្ឈដ្ឋានមហាជនបង្ហាញអារម្មណ៍ស្លុតចិត្តយ៉ាងខ្លាំង ហើយអ្វីដែលតក់ស្លុតបំផុតនោះ គឺនៅពេលឃើញជនរងគ្រោះលោតទម្លាក់ខ្លួនចុះក្រោម ខណៈភ្លើងឆាបឆេះមកដល់ ដែលត្រូវបានដឹងថា បានធ្លាក់ស្លាប់យ៉ាងអណោចអាធម។
ជុំវិញគ្រោះអគ្គិភ័យដ៏កម្រនេះផងដែរ បើយោងតាមរបាយការណ៍បឋម បានឲ្យដឹងថា យ៉ាងហោចណាស់ មានមនុស្ស ១០ នាក់ ត្រូវបានរកឃើញស្លាប់ និង៣០នាក់រងរបួស ហើយគិតរហូតមកទល់ល្ងាចថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២២ កងកម្លាំងចម្រុះកម្ពុជា-ថៃ ជាច្រើននាក់ បាននិងកំពុងបន្តការរុករកជួយសង្គ្រោះ ខណៈភ្លើងមិនទាន់រលត់នៅឡើយ។
សូមបញ្ជាក់ថា អគ្គិភ័យនេះបានកើតឡើងកាលពីវេលាម៉ោង ១១ និង៣០នាទី យប់ថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០២២ ដោយផ្តើមចេញឆាបឆេះពីជាន់ក្រោម (ផ្ទាល់ដី) ប៉ុន្តែ មូលហេតុយ៉ាងណានោះ នៅមិនទាន់មានការបញ្ជាក់ផ្លូវការនៅឡើយនោះទេ។
តែអ្វីដែលកំពុងធ្វើឲ្យគ្រប់គ្នានៅលើបណ្តាញសង្គម មានការភ្ញាក់ផ្អើល និងផ្ទុះការវែកញែកយ៉ាងខ្លាំងនោះ គឺទន្ទឹមនឹងហេតុការណ៍គ្រោះអគ្គីភ័យដ៏រន្ធត់នេះកើតឡើង ក៏ស្រាប់តែលេចវីដេអូ TikTok មួយ បានបង្ហាញពីការពិនិត្យឃើញផ្សែងភ្លើងបញ្ចេញជារូបរាងមុខមនុស្ស ដែលខ្លះថាអ្នកតា និងរូបមួយទៀតជាតោ។ តើរូបទាំងនេះជាការពិត ឬយ៉ាងណា?៕ រក្សាសិទ្ធិដោយ៖ លឹម ហុង
















