បុរសជនជាតិរុស្សីម្នាក់ បានអះអាងថា គាត់បានជាប់គុកអស់រយៈពេល ៣ឆ្នាំទាំងគាត់មិនបានប្រព្រឹត្តខុសអ្វីសោះ ប៉ុន្តែពេលចេញពីគុកវិញ ទើបដឹងមូលហេតុគឺគាត់មានបងប្អូនភ្លោះ ដែលបែកគ្នាតាំងពីយូរ។
ប៉ូលិសចាប់គាត់ គឺដោយសារតែប៉ូលិសយល់ច្រឡំថា គាត់គឺជាបងប្រុសភ្លោះរបស់ខ្លួន។ ប៉ុន្តែអ្វីដែលគួរឲ្យភ្ញាក់ផ្អើលនោះគឺថា សូម្បីខ្លួនគាត់ក៏មិនដឹងថា គាត់មានបងប្អូនភ្លោះដែរ។
លោក Andrey Chistyakov អាយុ ៤០ បានរំលឹកសាច់រឿងរបស់គាត់ដូច្នេះថា គាត់ទើបតែមានអាយុ ១៨ឆ្នាំ នៅពេលដែលគេចាប់ និងដាក់គុកគាត់។ គាត់អះអាងថា គាត់ត្រូវបានគេចាប់ខ្លួនភ្លាមៗនៅពេលគាត់ចេញពីផ្ទះរបស់គាត់ នៅក្នុងតំបន់ Sokol ដើម្បីទៅចូលរួមធ្វើទាហ៊ាន។
ប៉ូលិសបានចោទប្រកាន់រូបគាត់ថា បានប្រព្រឹត្តឧក្រិដ្ឋកម្មនៅទីក្រុង Izhevsk ដែលកន្លែងនោះគាត់មិនដែលបានទៅសូម្បីតែមួយដង។
នៅពេលត្រូវបានដោះលែងពីគុក លោក Andrey Chistyakov បានទាក់ទងជាមួយគ្រួសារដើមរបស់គាត់ ហើយចុងបញ្ចប់ទើបដឹងថា គាត់មានបងប្អូនភ្លោះ។ បងស្រីរបស់គាត់បញ្ជាក់ប្រាប់គាត់ថា គាត់បានបាត់ខ្លួននៅពេលគ្រួសារបានរើផ្ទះទៅនៅកន្លែងផ្សេង។
លោក Andrey Chistyakov ជីវិតរបស់គាត់ត្រូវបានបំផ្លាញដោយបងប្រុសភ្លោះរបស់គាត់ ដូច្នេះគាត់មិនដែលមានបំណងជួបគ្នានោះទេ។ គាត់មិនអាចសូម្បីជួលផ្ទះបាន ដោយសារតែគាត់មានប្រវត្តិជាប់គុក៕ សុភ័ក្ត្រ