និយាយដល់ឈ្មោះ «រីសតតាលុងសែនជ័យ» ដែលមានទីតាំងនៅស្ថិតក្នុងស្រុកតាលុងសែនជ័យ ខេត្តពោធិ៍សាត់ នោះជឿថា ប្រិយមិត្តយុវវ័យមួយចំនួនធ្លាប់បានលឺ ធ្លាប់បានស្គាល់ខ្លះរួចហើយ ព្រោះថា ទីតាំងនេះ គឺជាកន្លែងដ៏ពេញនិយមខ្លាំង សម្រាប់យុវវ័យប្រុសស្រីសម័យថ្មី ដែលរស់នៅក្បែរ និងជុំវិញតំបន់នោះ នាំគ្នាទៅលេងកម្សាន្តឡើងពពាក់ពពូន ជាពិសេស គឺនៅចុងសប្តាហ៍ និងថ្ងៃបុណ្យទានធំៗដូចជា បុណ្យភ្ជុំបិណ្ឌ ចូលឆ្នាំថ្មី និងបុណ្យឆ្លងឆ្នាំជាដើម។
អ្វីដែលធ្វើឲ្យយុវជនប្រុសស្រី ជ្រួលច្រឺមនាំគ្នាទៅលេងភ្លូកទឹកភ្លូកដីនោះ គឺដោយសារតែទីកន្លែងកម្សាន្តនេះ មានសួនច្បារស្អាតៗសម្រាប់ថតរូប មានអាងហែលទឹក មានយន្តហោះពិតៗសម្រាប់ឡើងទៅអង្គុយលេង (ឲ្យស្គាល់រសជាតិយន្តហោះ) មានកញ្ចុះអាហារ និងជាពិសេសនោះ គឺមានឆាកធុងបាស់ សម្រាប់រាំកម្សាន្ត ដែលត្រូវចិត្តយុវវ័យស្រីៗខ្លាំងតែម្តង។
ពិតណាស់ ជាមួយតន្រ្តីធុងបាស់ឡើងកក្រើកទីវាល រីសតតាលុងសែនជ័យ មហាជននៅលើបណ្តាញសង្គម ពិតជាមានការចាប់អារម្មណ៍ខ្លាំងតែម្តង ខណៈបានឃើញវីដេអូចែករំលែកជាបន្តបន្ទាប់ បានបង្ហាញឲ្យឃើញស្ទាវស្រីៗ នាំគ្នារាំបែកស្លុយពាក់មួកសុវត្ថិ និងចាក់ក្បាច់រាំម៉ាអស់ៗដៃបង្អួតគ្នា ដែលឃើញហើយបានត្រឹមហួសចិត្តនិយាយមិនចេញ។
ក្រោយពីបានឃើញបែកស្អុយដល់ថ្នាក់នេះ មហាជនអ្នកលេងបណ្តាញសង្គមជាច្រើន បានសម្តែងការហួសចិត្តយ៉ាងខ្លាំង ក្នុងយុវជនម្នាក់បានបញ្ចេញមតិលើកឡើងចំៗថា «ទាល់តែឃើញផ្ទាល់ភ្នែក ទើបដឹងថាយុវជន យុវវ័យ ក្នុងសង្គមឥឡូវនេះ មួយចំនួន ពិតជាធ្លាក់ចុះសីលធម៌ក្នុងសង្គមជាតិខ្លាំងណាស់ តើអនាគតមនុស្សជំនាន់ក្រោយនេះ នឹងទៅជាយ៉ាងណា បើសំបូរតែស្រាបៀរ ល្បែងពាលលា គ្រឿងញៀន ជនអន្ធពាលជាដើម សង្ឃឹមអ្វីទៀត»។ ចំណែកនិស្សិតស្រីម្នាក់ ដែលជាអ្នកខេត្តពោធិ៍សាត់ ក៏បាននិយាយការពិតនេះថា៖ «មករៀនសាកល គេសួរថាមកពីខេត្តណា ប្រាប់ថាពោធិ៍សាត់ គេក៏ចាប់ផ្តើមថា ក្មេងពោធិ៍សាត់ពូកែរាំបែកស្លុយ ឮហើយសើចជាមួយគេដែរ តែសើចក្នុងចិត្តសែនឈឺ, ខ្ញុំអ្នកពោធិ៍សាត់ មានការខ្មាសអៀនណាស់ ព្រោះត្រូវគេដៀលទាំងអ្នកដែលត្រឹមត្រូវទៀត»។
ដោយឡែក អ្នកលេងបណ្តាញសង្គមដទៃទៀត ក្រោយឃើញឡប់ឡែវីវក់ហួសចិត្តពេក ក៏បានដាក់ឲ្យបែបនេះថា៖ «សួនសត្វ តែលោសែនជ័យ, សួនសត្វចឹងឯង,…»៕ រក្សាសិទ្ធិដោយ៖ លឹម ហុង




