ថ្មីៗនេះ ចូលដើមឆ្នាំ២០២៣ មហាជននៅលើបណ្តាញសង្គម ពិតជាមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង នៅពេលដែលបានឃើញសម្តេចតេជោ ហ៊ុន សែន បានចូលទៅខមិនជជីកសួរ ទៅនឹងរូបភាពដែលក្មួយប្រុសសម្តេច គឺឯកឧត្តម ហ៊ុន ជា បានបង្ហោះរូបថតជាមួយមនុស្សស្រីដ៏ស្រស់ស្អាតដ៏ប្លែកមុខម្នាក់ ដែលសម្តេចសង្ស័យជាស្រីស្នេហ៍តែម្តង។ ជាក់ស្តែង សម្តេចបានខមិនដាក់ជាការសង្ស័យថា «តើស្រីម្នាក់នេះជាប្រពន្ធ ហ៊ុន ជា ឬជាស្រីរបស់ ហ៊ុន ជា ព្រោះប្រពន្ធ ហ៊ុន ជា ដែលរៀបការពេញច្បាប់មុខខុសពីនេះ ឬមកពីខ្ញុំមើលមិនច្បាស់?»។
ទន្ទឹមនឹងនោះផងដែរ សម្តេចតេជោ ហ៊ុន សែន ក៏បានបង្ហោះនៅលើទំព័រហ្វេសប៊ុកផ្លូវរបស់សម្តេច លើកឡើងអំពីរឿងដ៏សង្ស័យនេះទាំងយប់ថ្ងៃទី០១ ខែមករា ឆ្នាំ២០២៣ ដោយភ្ជាប់រូបថតឯកឧត្តម ហ៊ុន ជា ថតជុំគ្នាជាមួយប្រពន្ធដើមនិងកូនស្រី និងរូបថតជាមួយមនុស្សស្រីថ្មី រៀបរាប់យ៉ាងដូច្នេះថា៖ «ល្ងាចនេះឃើញហ្វេសបុកហ៊ុន ជាបង្ហោះ រូបថតជាមួយស្រីម្នាក់ដែលខ្ញុំចូលទៅសួរ តើជាប្រពន្ធហ៊ុន ជាឬជាស្រីហ៊ុន ជា? ពុំមានចម្លើយណាមួយជាក់លាក់ទេរាប់ ទាំងហ៊ុន ជាក៏មិនចេញមកបំភ្លឺដែរ។ ដើម្បីដឹងច្បាស់តើជាប្រពន្ធស្របច្បាប់ ឬជាស្រីយកប្តីគេខ្ញុំបង្ខំចិត្តប្រើផេកផ្លូវការ របស់ខ្ញុំដើម្បីសួរបញ្ជាក់ទៅហ៊ុន ជា ទើបច្បាស់»។
សម្តេចតេជោ ហ៊ុន សែន ក៏បានទម្លាយរឿងរ៉ាវប្តីប្រពន្ធក្មួយប្រុស ហ៊ុន ជា រៀបការពេញច្បាប់ឲ្យដឹងទៀតថា៖ «រឿងដែលគួរឲ្យឆ្ងល់ គឺកាលពីឆ្នាំ១៩៩៥ ស្រឡាញ់កូនក្រមុំគេដែលជាប្រពន្ធដើម។ ម្តាយគេមិនឲ្យ ហ៊ុន ជា ចាប់ជំរត់ទៅ កំពង់ចាម ហើយជាប់ឃុំនៅទីនោះ។ ខ្ញុំជាឪពុកមាត្រូវសម្រួលជាមួយម្តាយនិងគ្រួសារខាងស្រី កុំឲ្យគេប្តឹងនិងសុំឲ្យបានរៀបការ។ គ្រួសារខាងស្រីយោគយល់ ព្រមឲ្យរៀបការដែលខ្ញុំចេញចំណាយរៀបការឲ្យក្មួយ។ ស្រាប់តែមិនឃើញប្រពន្ធដែលរៀបការពេញច្បាប់ បែរជាចេញស្រីផ្សេងទាំងប្រពន្ធដើម និងកូនត្រូវរស់យ៉ាងឈឺចាប់ទៅវិញ។ ខ្ញុំនៅតែទទួលស្គាល់ក្មួយប្រសារដែលរៀបការពេញច្បាប់ ដែលតាមស្រាវជ្រាវមិនមានការលែងលះគ្នាទេ។ ច្បាប់យើងប្តីមួយប្រពន្ធមួយ។ ឃើញហ្វេសបុកស្រីនោះក៍បង្ហោះរូបថតដូច ហ៊ុន ជា ដែរតើនាងចង់ឲ្យ ហ៊ុន ជា អស់ផ្កាយពីស្មាមែនទេ?។ ខ្ញុំមានសិទ្ធិឈឺឆ្អាល ព្រោះខ្ញុំចង់ថែទាំត្រកូលហ៊ុន»។
សម្តេច ក៏បានបញ្ជាក់បន្ថែមក្នុងខមិន ឲ្យក្មួយប្រុសឯកឧត្តម ហ៊ុន ជា ចេញមុខបកស្រាយបំភ្លឺទាក់ទងរូបថតមនុស្សស្រីម្នាក់នោះ តើជានាងជាអ្នកណាឲ្យប្រាកដ!?។
តែទន្ទឹមនឹងរឿងនេះកំពុងផ្ទុះការចាប់អារម្មណ៍ ក៏ឃើញអ្នកលេងបណ្តាញសង្គមមួយចំនួន បានខមិនថា សង្ស័យតែឯកឧត្តម ហ៊ុន ជា លេងសើច Prank ដោយលើកឡើងថា អាចជាប្រពន្ធរបស់គាត់ ព្រោះកាលមុន ប្រពន្ធគាត់ធាត់ តែឥឡូវស្គម។ រីឯអ្នកខ្លះទៀតថា ជាប្អូនស្រីធម៌របស់គាត់ទេ សម្តេចពុក!។
ទោះយ៉ាងណា រឿងជាក់ លាក់មិនជិត រឿងពិត គង់តែធ្លាយ ហើយជាមួយគ្នានេះ មហាជនក៏សង្ឃឹមថា ឯកឧត្តម ហ៊ុន ជា នឹងចេញមុខបកស្រាយក្នុងពេលឆាប់ៗ ដើម្បីឲ្យអស់មន្ទិលសង្ស័យ ព្រោះសូម្បីតែសម្តេចជាឪពុកមា ដែលចេញមុខផ្សំផ្គុំរៀបការឲ្យពេញច្បាប់ ក៏បានបង្ហាញប្រតិកម្មអំពីរឿងនេះ៕ រក្សាសិទ្ធិដោយ៖ លឹម ហុង














