ថ្មីៗនេះ មហាជនជាច្រើន នៅលើបណ្តាញសង្គមហ្វេសប៊ុក បានផ្ទុះការភ្ញាក់ផ្អើលខ្លាំងតែម្តង ខណៈបានឃើញគ្រូមហាជុំ ដៃខ្សែគ្រូមហាជ័យ បាន Live លក់គ្រឿងរាសីពាក់ព័ន្ធបើកឃ្លាំងទ្រព្យ សម្រាប់ឆ្នាំ២០២៣ ឲ្យរកស៊ីជោគជ័យមានបាន ចំរើនមង្គល ប្រៀបដូចលក់ឡេអ៊ីចឹង ដោយមានហ្វ្រីសេវាដឹកជញ្ជូនទៀតផង។
ពិតណាស់ ទាក់ទងរឿងបើក «ឃ្លាំងទ្រព្យ» នេះផងដែរ គ្រូមហាជុំបានពន្យល់ឲ្យដឹងថា ការបើកឃ្លាំងទ្រព្យមិនមែនចេះតែបើកទេ គឺទាល់តែមានគ្រូចាក់សោបើកឲ្យ ទើបអាចចូលយកទ្រព្យបាន ហើយការឈានទៅបើកឃ្លាំងទ្រព្យនេះទៀតសោត គឺគ្មានអ្វីក្រៅពីពឹងព្រះម៉ែធរណីនោះទេ។ ហេតុនេះ គ្រូមានរបស់រាសីពូកែមួយចំនួន ដើម្បីយកទៅគោរព និងប្រើប្រាស់។
តែទន្ទឹមនឹងការនិយាយទាក់ទាញថា ចង់ចេះវិធីបើកឃ្លាំងសម្បត្តិ មិនអស់លុយអស់កាក់សូម្បីតែ១រៀលពុះជា៤ គ្រាន់តែជួយស៊ែរទុកជាការជួនដំនឹប គ្រូមហាជុំ ក៏បានឆ្លៀតឱកាសប្រម៉ូតូលក់តែម្តង។ ក្នុងនោះទី១ គ្រូបានលើកបង្ហាញរូបចម្លាក់ព្រះម៉ែធរណី ក្នុង១អង្គតម្លៃ 60$ ដោយប្រាប់ថា យកទៅគោរពបូជា នឹងទទួលបានលាភជ័យ បញ្ជៀសខ្មាំងសត្រូវពីមុខពីក្រោយ ឲ្យវិនាស រលាយសាបសូន្យ…។
ទី២- ខ្សែកបន្តោងព្រះម៉ែធរណី (អះអាងថាធ្វើអំពីគុជថ្ម ដាំត្បូងធម្មជាតិ ពិតៗ១០០% ខ្សែមាសថៃ មិនងាយហើរពណ៌) គឺសម្រាប់ស្រ្តីលក់ដូរ ដែលចង់លើករាសី លក់ឆាប់ដាច់ ហេងៗ និងជោគជ័យក្នុងការរកស៊ី អាចជាវយកទៅពាក់ចុះមិនខុសបំណងនោះទេ ដោយតម្លៃ១ខ្សែត្រឹមតែ 35$ ប៉ុណ្ណោះ។
ទី៣- ចំពោះអ្នកឆុងឆ្នាំថោះ, រកា ឬអ្នកដែលធ្លាក់រាសីខ្លាំង រកស៊ីមិនឡើង ត្រូវគេបោកប្រាស់ ជំពាក់លុយមិនសង មានរឿងរកាំរកូសក្នុងគ្រួសារ កូនចៅនិយាយមិនស្តាប់… គឺអាចជាវបន្តោងឃ្លោក «សក្កទេវរាជ៦ប្រការ» ឬ ហៅថា «មន្តអាគម៦សំណាង» យកទៅព្យួរក្នុងឡាន ឬ ក្បាលដំណេក តម្លៃ 18$ នឹងធានាថា ធ្វើដំណើរដើរហើរទៅណានឹងជួបតែសុវត្ថិភាព និងទទួលលាភសំណាងពេញមួយជីវិត។
លើសពីនេះ គ្រូមហាជុំ ក៏បានបញ្ជាក់ឲ្យដឹងថា ប្រសិនបើកូនចៅណា ចង់ផ្លាស់ប្តូររៀបចំកំប៉ុងជើងធូប ឬ ជំនាងផ្ទះ សម្រាប់ឆ្នាំ២០២៣ នេះ គឺអាចទាក់ទងឆាតមកផេកបាន ដោយគ្រូមានលក់ «ដី៥ធាតុ» (១គីឡូ ២គីឡូ) និងយ័ន្ត ដើម្បីដាក់កល់លើករាសី រកស៊ីចំរុងចម្រើន។
គួររម្លឹកថា គ្រូមហាជុំ ធ្លាប់បានធ្វើឲ្យមហាជនស្ទើរពេញមួយនគរផ្ទុះការភ្ញាក់ផ្អើល និងសម្តែងការហួសចិត្តយ៉ាងខ្លាំង បន្ទាប់ពីបានទៅចូលរួមទៅធ្វើបុណ្យរំលឹកដល់គុណស្តេចនាគ ជាមួយដៃគូគ្រូមហាជ័យ រាំពត់ពេនម្នាក់ទៅបែបតារាកូរ៉េ ម្នាក់បែបស្រវឹង និងស្រែកយំ ផ្អើលពេញទូក នៅលើផ្ទៃទន្លេចតុមុខ កាលពីអំឡុងខែមីនា ឆ្នាំ២០២២ កន្លងទៅ៕ រក្សាសិទ្ធិដោយ៖ លឹម ហុង










