ប្រិយមិត្តមួយចំនួនធំ ប្រាកដណាស់បានស្គាល់រួចហើយ ពីសេដ្ឋីអចលនទ្រព្យវ័យក្មេង ឧកញ៉ា អ៊ឹង ឃាង និងក៏ត្រូវបានស្គាល់ថា គឺជាកូនប្រសាររបស់ឧកញ៉ា តែ តាំងប៉ ផងដែរ បន្ទាប់ពីបានភ្ជាប់ពាក្យ និងរៀបការជាមួយឧកញ៉ា តែ កលិកា ជាកូនស្រីឧកញ៉ា តែ តាំងប៉ កាលពីថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២២ បង្កការភ្ញាក់ផ្អើលខ្លាំងតែម្តង ព្រោះឧកញ៉ាប៉ះឧកញ៉ាដូចគ្នា។
តែអ្វីដែលធ្វើឲ្យមហាជន មានការភ្ញាក់ផ្អើល និងស្ទើរតែមិនគួរឲ្យជឿនោះ គឺកាលពីល្ងាចម្សិលមិញនេះ (ថ្ងៃទី៣ ខែមករា ឆ្នាំ២០២៣) គេក៏ស្រាប់តែឃើញនៅលើហ្វេសប៊ុកឧកញ៉ា អ៊ឹង ឃាង បានធ្វើការប្រកាស «កាត់កាល» ឪពុកក្មេក ឧកញ៉ា តែ តាំងប៉ យ៉ាងចំហរតែម្តង។ ជាក់ស្តែង ឧកញ៉ា អ៊ឹង ឃាង បានសរសេរប្រកាសយ៉ាងដូច្នេះថា៖ «ខ្ញុំសូមប្រកាស ខ្ញុំមិនមានអ្វីជាប់ពាក់ព័ន្ធជាមួយឧកញ៉ា តែ តាំងប៉ ចាប់ពីពេលនេះតទៅ»។
តែទន្ទឹមនឹងសាររចេញមកកាត់កាលឪពុកក្មេកជាឧកញ៉ាដូចគ្នាដ៏មិននឹកស្មានបែបនេះ គេក៏មិនដឹងថា ឧកញ៉ា អ៊ឹង ឃាង មានទំនាស់រឿងអ្វីជាមួយឧកញ៉ា តែ តាំងប៉ ខ្លាំងក្លាកម្រិតណានោះទេ បានជាកូនប្រសាជាឧកញ៉ា សម្រេចចិត្តធ្វើការប្រកាសកាត់កាលឪពុកក្មេកដែលក៏ជាឧកញ៉ាដូចគ្នា ឲ្យមហាជនបានដឹងឮជាសាធារណៈបែបនេះសោះឡើយ!?។
ទោះជាយ៉ាងណា ក្រោយរឿងនេះបានផ្ទុះល្បី ធ្វើឲ្យមហាជនផ្ទុះការសើចចំអក និងហួសចិត្តខ្លាំងរួចមក នៅពេលនេះ ឧកញ៉ា អ៊ឹង ឃាង បានចេញមកបញ្ជាក់ឲ្យមហាជនបានដឹងថា តាមពិតទៅ ឧកញ៉ា និងឪពុកក្មេក គ្មានទំនាស់រឿងអ្វីនោះទេ តែរឿងនេះកើតឡើងដោយសារជនអនាមិក Hack អាខោនហ្វេសប៊ុកឧកញ៉ា ដើម្បីចង់បង្ខូចកិត្តិយស កេរ្តិ៍ឈ្មោះប៉ុណ្ណោះ។
ពិតណាស់ នៅមុននេះបន្តិច (ថ្ងៃទី៤ ខែមករា ឆ្នាំ២០២២) លោកឧកញ៉ា អ៊ឹង ឃាង បានបង្ហោះសារបញ្ជាក់យ៉ាងដូច្នេះថា៖ «ខ្ញុំបាទសូមជូនដំណឹង ថ្ងៃទី3 មករា 2023 ម្សិលមិញនេះ វេលាម៉ោងប្រហែល6ល្ងាច Facebook page របស់ខ្ញុំបាទមានបញ្ហា ត្រូវបានជនអនាមិក hack account យកទៅប្រើ ប៉ុន្តែពេលនេះខ្ញុំបានគ្រប់គ្រងវិញហើយ សូមមហាជនកុំមានការ ភ័ន្តច្រឡំ និងសូមកុំចែកចាយបន្ត»៕ រក្សាសិទ្ធិដោយ៖ លឹម ហុង







