ព្រះសង្ឃ គូ សុភាព គឺជាព្រះសង្ឃដ៏ល្បីមួយអង្គនៅក្នុងប្រទេសកម្ពុជា ដែលមានចំណេះដឹង ការសិក្សាខ្ពង់ខ្ពស់បញ្ចប់ថ្នាក់បរិញ្ញាប័ត្រ ថ្នាក់បណ្ឌិត ដែលព្រះអង្គធ្លាប់បានទៅសិក្សារៀនសូត្របន្ថែមនៅសហរដ្ឋអាមេរិក ហើយព្រះអង្គគឺជាសាស្ត្រាចារ្យដែលបង្រៀនពីការអភិវឌ្ឍគុណធម៌ ចរិយាវិទ្យា ភាពជាអ្នកដឹកនាំព្រះពុទ្ធសាសនា និងចិត្តវិទ្យាផងដែរ។
ពិតណាស់ ព្រះសង្ឃ គូ សុភាព បានធ្វើឲ្យមនុស្សគ្រប់ស្រទាប់ក្មេង-ចាស់ ចូលចិត្តស្តាប់យ៉ាងខ្លាំង ជាពិសេសតាមរយៈវីដេអូបង្ហាញពីការអប់រំផ្លូវចិត្ត បង្ហាញគំនិតដោះស្រាយបញ្ហាផ្លូវជីវិតដ៏ល្អៗជាច្រើនរាប់មិនអស់ ដែលព្រះអង្គមានសង្ឃដីកាថា ទស្សនៈ និងគំនិតដែលព្រះអង្គលើកយកមកអប់រំដល់មនុស្ស គឺមិនមែនជាអ្វីដែលថ្មីនោះទេ ប៉ុន្តែជាការប្រមូលផ្ដុំនូវឱវាទរបស់ព្រះពុទ្ធ និងអ្នកប្រាជ្ញផ្សេងទៀត ហើយច្នៃវាឲ្យមនុស្សគ្រប់គ្នាបានងាយយល់។
តែយ៉ាងណាមិញ ទន្ទឹមនឹងឃើញបច្ចុប្បន្ននេះ មានគ្រូបារមី គ្រូរាសី កាត់ឆុង កាត់គ្រោះ តាមអនឡាញមួយចំនួន កំពុងចេញមកអះអាងថាខ្លួនពូកែ អាចជួយធ្វើឲ្យមនុស្សរកស៊ីជោគជ័យ លាភសំណាងហូរចូលឈឹបៗ និងអាចបញ្ជៀសសត្រូវទាំងឡាយទាំងពួង មកយារយីឲ្យវិនាសសាបសូន្យជាដើម ដោយគ្រាន់តែទិញរបស់គ្រូយកទៅគោរព ឬ ដាក់ក្នុងផ្ទះ ក្នុងឡាន ប៉ុណ្ណោះ ហើយប្រកាសលក់ដូរ (ទម្លាក់លេខ+ទីតាំង) ដឹកជញ្ជូនឲ្យហ្វ្រីៗ ហួសចិត្តខ្លាំងពេក គេក៏បានលើកយកប្រធានបទ «កុំសូវជឿពេក» គំនិតអប់រំដ៏ចាក់ៗដោតរបស់ព្រះគ្រូ គូ សុភាព ចំនួន ៨ ចំណុច មកបង្ហាញឲ្យបានភ្លឺថា៖
ទី១- កុំសូវជឿគ្រូទាយពេក គាត់ទាយយូរហើយនៅតែទាយដដែល។
ទី២- កុំសូវជឿគ្រូរំដោះគ្រោះពេក អាត្មានៅតែមានចោរលួចអីវ៉ាន់។
ទី៣- កុំសូវជឿចាក់គម្ពីពេក វាសនាអ្នកមិននៅក្នុងគម្ពីហ្នឹងទេ។
ទី៤- កុំដេកចាំសំណាងអី សំណាងកើតមកពីពាក្យថា «សាង» សាងច្រើន សំណាងច្រើន។
ទី៥- កុំសូវជឿថ្ងៃខែឆ្នាំពេក ថ្ងៃណាក៏ល្អដែរ ឲ្យតែចិត្តយើងល្អ។
ទី៦- កុំសូវជឿគ្រូមន្តអាគមពេក គ្រូមន្តច្រើនតែខ្មោចចូល។
ទី៧- កុំសូវជឿយល់សប្តិពេក អ្នកចាក់ឆ្នោតមិនដែលឃើញមាន។
ទី៨- កុំឆាប់ជឿគេពេក ប្រយ័ត្នគេបោក៕ រក្សាសិទ្ធិដោយ៖ លឹម ហុង









