ក្មេងប្រុសអាយុ ៥ ឆ្នាំ ម្នាក់ ដែលធ្លាក់ជាប់គាំងក្នុងអណ្តូងដ៏តូចជម្រៅ ៣០ ម៉ែត្រ រយៈពេល ៤ ថ្ងៃ បានធ្វើឲ្យ «អង្រួន» ប្រទេសទូម៉ារ៉ុកទាំងមូល ខណៈហេតុការណ៍ដ៏ស្លុតចិត្តនេះ ក៏បានទាក់ទាញការចាប់អារម្មណ៍ពីប្រទេសជិតខាង និងស្ថានីយ៍ទូរទស្សន៍ជាច្រើន ផ្សាយបន្តផ្ទាល់ពីកិច្ចខិតខំប្រឹងប្រែងជួយសង្គ្រោះដ៏ប្រឈមនឹងគ្រោះថ្នាក់ ទាំងយប់ទាំងថ្ងៃ។
យោងតាមកាសែត Washington Post បានចុះផ្សាយឲ្យដឹងថា នៅរសៀលថ្ងៃអង្គារ ទី១ ខែកុម្ភៈ ឆ្នាំ ២០២២ ក្មេងប្រុសឈ្មោះ Rayan អាយុ ៥ ឆ្នាំ បានរអិលដួលដោយចៃដន្យ ធ្លាក់ចូលទៅក្នុងអណ្តូងស្ងួតក្បែរផ្ទះរបស់គេជម្រៅ ៣០ ម៉ែត្រ នៅក្នុងភូមិតូចមួយ Ighrane ភាគខាងជើងប្រទេសម៉ារ៉ុក។ ក្រោយពីទទួលបានដំណឹងនេះភ្លាម កម្លាំងសង្គ្រោះបានចុះទៅដល់កន្លែងកើតហេតុ និងធ្វើការគណនាតាមផែនការសង្គ្រោះ។
កិច្ចខិតខំប្រឹងប្រែងជួយសង្គ្រោះ គឺជួបការលំបាក ដោយសារតែជម្រៅ និងអណ្តូងតូចចង្អៀតពេក (មានទំហំ ៤៥ សង់ទីម៉ែត្រ) ប៉ុណ្ណោះ។
ជាមួយនឹងផែនការដំបូង ពួកគេបានធ្វើការជីកអណ្តូងឲ្យធំទូលាយ ដើម្បីទាញក្មេងប្រុសនោះឡើង ប៉ុន្តែមួយសន្ទុះក្រោយមក ពួកគេបានដឹងថា នេះអាចបណ្តាលឱ្យថ្មបាករលំ និងមានគ្រោះថ្នាក់ដល់ក្មេងប្រុសនោះ ហើយជម្រើសផ្សេងទៀត ក៏ត្រូវបានគេពិចារណា។
វិធីសាស្ត្រដែលអាចធ្វើទៅបាននៅពេលនោះ គឺត្រូវប្រើគ្រឿងចក្រធំៗ ដើម្បីជីករណ្តៅស្របគ្នា ដើម្បីយកក្មេងប្រុសនោះចេញមកដោយសុវត្ថិភាព តាមដែលអាចធ្វើទៅបាន។ ពួកគេបានធ្វើការទាំងយប់ទាំងថ្ងៃ ដោយប្រជែងនឹងពេលវេលាដើម្បីបង្កើតរណ្តៅដ៏ធំ និងរឹងមាំនៅជាប់គ្នា ហើយបន្ទាប់មក ជីករូងក្រោមដីផ្តេកទៅកាន់អណ្តូងនោះ។
ការងារកាន់តែតានតឹងខ្លាំងឡើងៗ រហូតដល់នាទីចុងក្រោយ ពេលដែលក្រុមជួយសង្គ្រោះ ត្រូវធ្វើយ៉ាងណាឱ្យផ្លូវរូងក្រោមដីដែលនាំទៅដល់ទីតាំងអណ្តូរ និងធានាមិនឲ្យបាក់ថ្មសង្កត់លើក្មេងប្រុសនោះ។ តែរាល់ចលនាត្រូវតែដោះស្រាយយ៉ាងច្បាស់លាស់ តាមដែលអាចធ្វើទៅបាន។
វីដេអូដែលថតបាននៅរសៀលថ្ងៃសុក្រ ទី៤ ខែកុម្ភៈ រយៈពេល៣ថ្ងៃ ចាប់តាំងពីក្មេងប្រុសជាប់ក្នុងនោះ បានបង្ហាញពីមនុស្សទាំងអស់ដែលចូលរួមក្នុងការជួយសង្គ្រោះក្នុងជម្រៅរាប់សិបម៉ែត្រ គឺប្រើតែពន្លឺភ្លើងពិលខាងលើប៉ុណ្ណោះ។
នៅលើដីជុំវិញរណ្តៅជីកនោះ មានមនុស្សជាច្រើន បានប្រមូលផ្តុំគ្នាបួងសួងដល់ក្មេងប្រុស។ ពួកគេចំណាយពេលមួយយប់នៅក្រោមដើមឈើ ដោយបារម្ភអំពីព័ត៌មានថ្មីៗ។ ឪពុកម្តាយរបស់ Rayan បានធ្វើម្ហូបបែបប្រពៃណីសម្រាប់ហ្វូងមនុស្ស ខណៈដែលមនុស្សជាច្រើនផ្សេងទៀតបានចែកចាយនំប៉័ង។
ក្នុងអំឡុងពេលប្រតិបត្តិការជួយសង្គ្រោះ អ្នកជួយសង្គ្រោះបានទទួលជោគជ័យក្នុងការបញ្ជូនអុកស៊ីហ្សែន និងទឹកផឹក ក៏ដូចជាកាមេរ៉ាតាមដានផងដែរ។ ទោះជាយ៉ាងណាក៏ដោយ សុខភាពរបស់ក្មេងប្រុសនេះស្ថិតក្នុងស្ថានភាពអាក្រក់ខ្លាំងណាស់ បន្ទាប់ពីជាប់ក្នុងរយៈ ៤ ថ្ងៃ ហើយប្រទេសម៉ារ៉ុកទាំងមូល «ញ័រអង្រួន» ព្រោះតែក្តីព្រួយបារម្ភពីអាយុជីវិតក្មេងប្រុសរូបនេះ។ តែយ៉ាងណា មុននឹងបញ្ជូនកាមេរ៉ា បំពង់អុកស៊ីហ្សែន ចុះមកក្រោមដ៏ថប់ដង្ហើម គ្មានអ្នកណាប្រាកដថា Rayan នៅមានជីវិតនោះទេ។
នៅក្នុងបទសម្ភាសន៍ជាមួយទីភ្នាក់ងារសារព័ត៌មានក្នុងស្រុកមួយ នៅពេលការជួយសង្គ្រោះកំពុងដំណើរការ ឪពុករបស់ Rayan បាននិយាយថា «មនុស្សគ្រប់គ្នាកំពុងព្យាយាមអស់ពីសមត្ថភាពដើម្បីរក្សាគាត់ឱ្យនៅមានជីវិត ហើយកាន់ដៃគាត់នៅចុងបញ្ចប់នៃថ្ងៃនោះ។ ប៉ុន្តែនៅចុងបញ្ចប់នៃថ្ងៃនេះ ខ្ញុំមិនអាចលាក់បាំងទេ ដែលទាំងម្ដាយគាត់ ទាំងខ្ញុំ គឺបាក់ទឹកចិត្ត និងព្រួយបារម្ភយ៉ាងខ្លាំង»។
គាត់ក៏បានសារភាពថា គាត់កំពុងធ្វើការជួសជុលអណ្តូង ហើយកូនប្រុសរបស់គាត់ បានរអិលដួលដោយចៃដន្យពេលកំពុងរត់លេង។ ប៉ុន្តែដំបូងឡើយ គាត់មិនបានដឹងថា កូនប្រុសបាត់ទៅណាទេ ហើយបានស្វែងរកអស់ជាច្រើនម៉ោង មុននឹងប្រទះឃើញវា ដោយសារលឺសំឡេងស្រែកបន្លឺឡើងចេញពីក្នុងអណ្តូង។
អ្នកជួយសង្គ្រោះមកពីយោធាម៉ារ៉ុក រួមជាមួយក្រុមអ្នកអង្កេត និងកម្មករទាំងអស់ បានចូលរួមកិច្ចខិតខំប្រឹងប្រែងជួយសង្គ្រោះ។ របាយការណ៍ព័ត៌មានក្នុងស្រុកនិយាយថា សូម្បីតែសមាគមឡើងភ្នំ និងរូងភ្នំក្នុងស្រុក ក៏មកចូលរួមជួយសង្គ្រោះផងជួយដែរ។
Abdelhadi Tamarani សមាជិកក្រុមជួយសង្គ្រោះបាននិយាយថា ក្រុមការងាររបស់គាត់ បានខិតខំប្រឹងប្រែងអស់ពីសមត្ថភាព ហើយឈានដល់ជម្រៅ ២៥ ម៉ែត្រ កាលពីយប់ថ្ងៃព្រហស្បតិ៍ មុនពេលជីកប្រហែល ៤ ម៉ែត្របន្ថែមទៀតដល់ក្មេងប្រុស។ ហើយក្នុងរយៈពេល ២ ថ្ងៃចុងក្រោយ គឺដំណាក់កាលនៃការថប់ដង្ហើមបំផុត។
Tamarani បាននិយាយកាលពីយប់ថ្ងៃព្រហស្បតិ៍ថា «យើងនឹងធ្វើអ្វីតាមដែលអាចធ្វើទៅបាន ដើម្បីនាំយក Rayan ត្រឡប់ទៅគ្រួសាររបស់គាត់វិញ»។
ក្នុងអំឡុងពេលប្រតិបត្តិការជួយសង្គ្រោះ ប្រជាជនម៉ារ៉ុកបានអធិស្ឋានជាមួយ hashtag #SaveRayan នៅលើប្រព័ន្ធផ្សព្វផ្សាយសង្គម។ ហើយរូបអធិដ្ឋាន បានផុសផុលពេញបណ្តាញសង្គមប្រទេសម៉ារ៉ុក និងអាល់ហ្សេរីដែលនៅជិតខាង និងសូម្បីតែនៅក្នុងប្រទេសបារាំងដែលមានសហគមន៍ម៉ារ៉ុកដ៏ធំមួយ។
ទីបំផុត មិនទាន់ដល់យប់ថ្ងៃសៅរ៍ទេ ក្រុមសង្គ្រោះបានទៅដល់ Rayan បន្ទាប់ពីជីករូងផ្តេកដែលមានប្រវែងជាង ៥ ម៉ែត្រ។
ឧទ្ធម្ភាគចក្រ និងរថយន្តសង្គ្រោះ ត្រូវបានដាក់ពង្រាយនៅកន្លែងកើតហេតុ សម្រាប់កិច្ចខិតខំប្រឹងប្រែងជួយសង្គ្រោះទាំងអស់។ ទោះជាយ៉ាងណាក៏ដោយ អព្ភូតហេតុមិនបានកើតឡើងទេ ដោយជាអកុសល ក្មេងប្រុសនេះបានស្លាប់បាត់ទៅហើយ មុនពេលក្រុមសង្គ្រោះទៅដល់។
ព្រះមហាក្សត្រ Mohammed ផ្ញើសាររំលែកទុក្ខដ៏ក្រៀមក្រំ ទៅដល់ឪពុកម្តាយរបស់ក្មេងប្រុសនេះ។ Abderrahim Sabihi អ្នកស្រុកម្នាក់ដែលបានមើលកិច្ចខិតខំជួយសង្គ្រោះពីហាងកាហ្វេមួយ ក៏បាននិយាយថា “ខ្ញុំពិតជាសោកសៅណាស់ដែលបានទទួលដំណឹងថា Rayan បានទទួលមរណភាព។ សូមចូលរួមរំលែកទុក្ខដ៏ក្រៀមក្រំបំផុតចំពោះឪពុកម្តាយរបស់គាត់ផង” ។
លោក Mehdi Idrissi អាយុ ៣២ឆ្នាំ ជាវេជ្ជបណ្ឌិតនៅទីក្រុង Fez ប្រទេសម៉ារ៉ុក ដែលបានតាមដានកិច្ចខិតខំប្រឹងប្រែងជួយសង្គ្រោះតាំងពីដំបូងមក ក៏បាននិយាយថា «ខ្ញុំជឿថាអព្ភូតហេតុនៅតែកើតឡើង។ តែក្នុងនាមជាប្រទេសមួយ យើងត្រូវការក្តីសង្ឃឹមខ្លះ ហើយទោះបីជាការបញ្ចប់គឺសោកនាដកម្ម តែធ្វើឲ្យពួកយើងទាំងអស់គ្នា អាចស្ងប់ចិត្ត»៕ រក្សាសិទ្ធិដោយ៖ លឹម ហុង











