ស្រ្តីអ្នកលក់មាន់ម្នាក់ នៅក្នុងប្រទេសថៃ បានធ្វើឲ្យគ្រប់គ្នានៅលើបណ្តាញសង្គម ផ្ទុះការភ្ញាក់ផ្អើល និងកោតសរសើរជាខ្លាំង បន្ទាប់ពីបានបង្ហាញលុយសន្សំពេញ១ឆ្នាំ ដែលជាប្រភេទក្រដាស ៥០ បាត និង ១០០ បាត យកចេញពី «ធានាគារកូនជ្រូក» ធុងទឹក សម្រាប់កាដូឆ្នាំថ្មី ២០២៣ ដែលមានចំនួនទឹកប្រាក់សរុបជិត ៣ សែនបាត (ស្មើនឹងជាង ៨០០០ ដុល្លារ)។ ហើយនេះអាចនិយាយបានថា ជារឿងលើកទឹកចិត្ត សម្រាប់អ្នកដែលពិតជាចង់ចាប់ផ្តើមសន្សមលុយ។
នេះបើតាមស្រ្តីអ្នកលក់មាន់ដែលមានគណនីហ្វេសប៊ុកឈ្មោះ Parinatra Soonklang បានបង្ហោះបង្ហាញរូបភាពធុងទឹកដ៏ធំមួយដែលត្រូវបានបិទជិត ដែលផ្ទុកលុយសន្សំពេញ១ឆ្នាំ ដោយភ្ជាប់សាររៀបរាប់ទាំងរំភើបចិត្តថា៖ «កាដូឆ្នាំថ្មី រង្វាន់អ្នកឧស្សាហ៍ ចាប់ផ្តើមសន្សំលុយពីថ្ងៃទី [១ មករា ២០២២ – ៣១ ធ្នូ ២០២២ ១ឆ្នាំពេញ (៣៦៥ថ្ងៃ)] ក្រដាស 50 បាត ៥១៦២ សន្លឹក សរុប ២៥៨,១០០ ប្រាក់បាត និងក្រដាស ១០០ បាត ចំនួន ២០០០០ ប្រាក់បាត សរុបទាំងអស់ចំនួន ២៧៨,១០០ បាត។
ស្រ្តីលក់មាន់ខាងលើ ក៏បានចែករំលែកឲ្យដឹងថា «មុខរបរជាអ្នកលក់មាន់ អាចទទួលបានលុយក្រដាស ៥០ បាត ជាច្រើនសន្លឹកក្នុងថ្ងៃ ហើយយើងគួរត្រូវជ្រើសរើសយកតែក្រដាសថ្មី។ ប៉ុន្តែ មិនមានការកំណត់ថា ត្រូវទម្លាក់ប៉ុន្មានសន្លឹកក្នុង១ថ្ងៃទេ។
តែយ៉ាងណា ក៏សូមបញ្ជាក់ថា «ខ្ញុំមិនបង្អួតទ្រព្យសម្បត្តិទេ តែចង់បង្ហាញពីភាពជោគជ័យ នៃការសន្សំ ដែលខំព្យាយាម អត់ធ្មត់មិនហ៊ានចាយវាយផ្តេសផ្តាសពេញ១ឆ្នាំ។ ហើយធានាគារ 50, 100 នេះ គឺជាឃ្លាំងលុយសម្រាប់អនាគតកូនប្រុសខ្ញុំ កុំភ្លេចអ្នកលក់មាននៅស្រស់តូប Nong Ang Pao ផ្សារវត្ត Khok Bumrungrat»៕ រក្សាសិទ្ធិដោយ៖ លឹម ហុង





