មនុស្សជាច្រើន ពិតណាស់ចង់មានទំនាក់ទំនងស្នេហាល្អ និងយូរអង្វែង។ ប៉ុន្តែមិនមែនគ្រប់គ្នាអាចបំពេញបំណងប្រាថ្នានេះបាននោះទេ ព្រោះទំនាក់ទំនងនីមួយៗមានបញ្ហាប្រឈម និងឧបសគ្គជាច្រើនដែលត្រូវជម្នះ ហើយនៅទីបំផុត វាប្រហែលជាមិនមានការបញ្ចប់ដ៏រីករាយឡើយ។
ទាក់ទងនឹងការលើកឡើងនេះ នៅថ្ងៃទី៤ ខែមករា ឆ្នាំ ២០២៣ គេហទំព័រ Sinchew បង្ហាញរឿងរ៉ាវរបស់នារីវ័យក្មេងម្នាក់ នៅក្នុងប្រទេសឥណ្ឌូនេស៊ី ព្រោះតែដើម្បីសុភមង្គលរបស់ម្ដាយ នាងសុខចិត្តជ្រើសរើសការបោះបង់ និងបានរៀបចំឱ្យម្តាយនាងរៀបការជាមួយមិត្តប្រុសរបស់នាង ទាំងក្តីឈឺចាប់។ ហើយវីដេអូ TikTok របស់នាង ត្រូវបានចែករំលែក និងក្លាយជាប្រធានបទពិភាក្សាយ៉ាងទូលំទូលាយ នៅលើប្រព័ន្ធផ្សព្វផ្សាយសង្គម។
ឃ្លីបវីដេអូដែលត្រូវបានបង្ហោះ បានបង្ហាញនារីវ័យក្មេងជាកូនស្រី បានចូលរួមក្នុងពិធីមង្គលការរបស់ម្តាយនាង និងអតីតមិត្តប្រុសរបស់នាង ពោរពេញដោយស្នាមញញឹមរីករាយ។ ក្នុងវីដេអូ នាងបាននិយាយថា «សង្ឃឹមថាម្តាយរបស់ខ្ញុំ នឹងមានសុភមង្គលជាងនេះ។ ការធ្វើឱ្យម្តាយសប្បាយចិត្ត គឺជារឿងដ៏ល្អបំផុត»។
ទោះបីជាយ៉ាងណា បន្ទាប់ពីបង្ហាញស្នាមញញឹមដ៏រីករាយ ផ្នែកចុងក្រោយនៃឃ្លីបវីដេអូ ក៏បានបង្ហាញពេលនាងត្រឡប់មកផ្ទះវិញ ស្រក់ទឹកភ្នែក និងភ្ជាប់ជាមួយសារសរសេរថា «តើខ្ញុំអាចទុកចិត្តអ្នកណា ធ្វើជាប្ដីខ្ញុំម្ដងទៀតទៅ?»។
ទាក់ទងរឿងដ៏មិននឹកស្មានដល់នេះ បើតាមរបាយការណ៍របស់ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុក បានបង្ហើបឲ្យដឹងថា កូនកំលោះ គឺជាអតីតមិត្តប្រុសរបស់នារីជាកូនស្រី មុនពេលធ្លាក់ក្នុងអន្លង់ស្នេហ៍ជាមួយម្ដាយរបស់នាង។ បើទោះជាដំបូងឡើយ នាងប្រឆាំងនឹងទំនាក់ទំនង និងអាពាហ៍ពិពាហ៍នេះក្ដី ប៉ុន្តែព្រោះតែដើម្បី «សុភមង្គលរបស់ម្តាយ» នៅទីបញ្ចប់ នាងត្រូវតែយល់ព្រម ដោយមិនអាចប្រកែកបាន។
វីដេអូឃ្លីបរបស់នារីម្នាក់នេះ ទទួលបានការចាប់អារម្មណ៍ ពីសំណាក់អ្នកនិយមលេងអ៊ីនធឺណិត ចូលមើលជិត ១៧ លានដង ដោយមនុស្សជាច្រើនបានចូលមកបញ្ចេញមតិ លើកទឹកចិត្ត និងសូមឱ្យនាងរឹងមាំ ហើយយបន្តជម្នះភាពសៅហ្មងនេះ ជឿថាថ្ងៃណាមួយនាងនឹងរកឃើញស្នេហាពិតដែលនាងប្រាថ្នា។
ក្នុងនោះ អ្នកលេងបណ្តាញសង្គម បានបង្ហាញអារម្មណ៍អាណិតដល់នាងថា៖ «ខ្ញុំសោកសៅជំនួស អាណិតណាស់, សូមសរសើរនាងពិតជាធ្វើចិត្តបាន ព្រោះតែដើម្បីម្តាយ, សូមឱ្យអ្នកបានជួបសេចក្ដីស្រឡាញ់បន្ទាប់ពីនេះ, បេះដូងអ្នកខ្លាំង, តើខ្ញុំគួរធ្វើដូចម្តេច? ពេលនេះអតីតមិត្តប្រុសបានក្លាយជាឪពុកចុង,…»៕ រក្សាសិទ្ធិដោយ៖ លឹម ហុង





@nndbrliana #CapCut ♬ suara asli – fckubitch – nandaberliana

