ថ្មីៗនេះ អ្នកប្រើប្រាស់បណ្តាញសង្គមហ្វេសប៊ុក ពិតជាមានការចាប់អារម្មណ៍ជាខ្លាំង ខណៈបានឃើញរដ្ឋបាលក្រុងព្រះសីហនុ បានចេញសេចក្តីជូនដំណឹងឲ្យសាធាធារណជនបានដឹងថា បងប្អូនដែលមកលេងកម្សាន្តនៅតាមឆ្នេរសមុទ្រ ពុំមានការបង់ប្រាក់នោះទេ ពោលគឺអាចក្រាលកន្ទេល ឬបោះតង់ អង្គុយពិសារម្ហូបអាហារយ៉ាងរីករាយ ជៀសវាងកុំឲ្យតែបោះសំរាមចោលពាសវាលពាសកាលទៅបានហើយ។
នេះបើយោងតាមទំព័រហ្វេសប៊ុក រដ្ឋបាលក្រុងព្រះសីហនុ បានជម្រាបឲ្យដឹងកាលពីថ្ងៃទី៤ ខែមករា ឆ្នាំ២០២២ ថា៖ «ចំពោះការមកលេងកម្សាន្តនៅតាមឆ្នេរ គឺមិនមានការបង់ប្រាក់នោះទេ បងប្អូនអាចក្រាលកន្ទេល ឬតង់សម្រាប់អង្គុយលេង ឬពិសារម្ហូបអាហារ ប៉ុន្តែមិនអនុញ្ញាតឱ្យនរណាម្នាក់វាតទីយកឆ្នេរសាធារណៈធ្វើជាទីតាំងផ្ទាល់ខ្លួន ដើម្បីប្រកបអាជីវកម្មជាដាច់ខាត»។
រដ្ឋបាលក្រុងព្រះសីហនុ ក៏បានបញ្ជាក់ថា៖ «ករណីបងប្អូនជួបប្រទះការទារលុយកាក់ សូមទាក់ទងក្រុមការងារ៖ 096 723 6600»។
ក្រោយពីបានឃើញសេចក្តីជូនដំណឹងដ៏រំភើបនេះ បងប្អូនមហាជនបានសម្តែងនូវការកោតសរសើរជាខ្លាំង ចំពោះចំណាត់ការការពារ និងទប់ស្កាត់ជនខិលខូចមកទារលុយ។ ជាមួយគ្នានោះ បងប្អូនដែលធ្លាប់អស់លុយដោយសារថ្លៃកន្ទេល ពេលទៅលេងនៅកែប ក៏បានបញ្ចេញមតិយ៉ាងខ្លីថា៖ «គ្រាន់បើជាងខេត្តកែប»។
តែក្នុងនោះ អ្នកខ្លះ ដែលប្រហែលអស់លុយថ្ងៃឆ្លងឆ្នាំ ក៏បានបង្ហាញការសោកស្តាយយ៉ាងដូច្នេះថា៖ «បើផុសនេះបានសរសេរមុនថ្ងៃឆ្លងឆ្នាំ មិនដឹងល្អយ៉ាងណាទេ»៕ រក្សាសិទ្ធិដោយ៖ លឹម ហុង









