ក្បាលរបស់ក្មេងតូចៗ តែងតែមានហេតុបណ្ដាលឱ្យទៅបោក ឬប៉ះទង្គិចនឹងវត្ថុរឹងៗជារឿយៗ មិនថាតែដាក់ឱ្យគេងនៅលើគ្រែសុខៗសោះ ភ្លេចមើលតែមួយភ្លែត ស្រាប់តែធ្លាក់ក្ឌុក!មកលើកម្រាលឥដ្ឋ ស្រែកយំឡើងខ្ទរ ដោយសារតែក្បាលត្រូវបោកនឹងកម្រាលឥដ្ឋរឹងៗឡើងហើមពកហ្នឹងឯង។ ក្មេងខ្លះទៀតរត់លេងរពឹស រអឹល ដួលផ្កាប់មុខ ក្បាលបោកនឹងរបស់រឹងៗជាញឹកញាប់ រហូតអាចនិយាយបានថា មានរឿងធ្វើឱ្យអាណាព្យាបាលពិបាកចិត្តជារឿយៗតែម្តង។
នៅពេលក្បាលរបស់ក្មេងទៅបោកប៉ះនឹងវត្ថុរឹងៗនោះ លោកឪពុកអ្នកម្តាយប្រហែលជាភ័យបារម្ភមិនតិចតួចឡើយ ខ្លាចប៉ះពាល់ដល់ខួរក្បាលរបស់កូន ខ្លាចកូនកើតអីធ្ងន់ធ្ងរ ជាពិសេសនៅលើក្មេងតូច គឺជារឿងសំខាន់បំផុត ដែលលោកឪពុកអ្នកម្តាយយកគួរចិត្តទុកដាក់ឱ្យខ្លាំង។
ព្រោះថា បើការបោកប៉ះនោះធ្ងន់ធ្ងរ ខួរក្បាលដែលនៅខាងក្នុង អាចនឹងជាំហើម នឹងបង្កឱ្យមានគ្រោះថ្នាក់បាន។ ក្រោយពីកើតឧប្បត្តិហេតុ លោកឪពុកអ្នកម្តាយ ចូរសង្កេតមើលអាការរបស់កូនថា ក្នុងអំឡុងពេល ១២ ទៅ ៤៨ម៉ោងទៅមុខទៀត តើកូននៅតែប្រក្រតី ល្អដូចធម្មតាដែរឬទេ? បើនៅតែលេងសើចសប្បាយ ញ៉ាំអាហារបានល្អធម្មតា លេងរពឹសបានដដែលនោះ បង្ហាញថា កូនមិនមានកើតអីធ្ងន់ធ្ងរទេ តែបើកូនមានអាការដូចខាងក្រោមនេះ ត្រូវប្រញាប់នាំទៅមន្ទីរពេទ្យជាបន្ទាន់។
១-កូនមានអាការស្ងៀមស្ងាត់យ៉ាងខ្លាំង…ជាប្រក្រតីក្មេងនឹងអស់កម្លាំងល្វើយ និងគេងលក់បានយូរក្រោយពីកើតឧប្បត្តិហេតុហើយ តែក៏គួរតែភ្ញាក់ នៅពេលអ្នកម្តាយដាស់ដូចពេលវេលាធម្មតា
២-ក្អួតខ្លាំង ក្អួតចេញមកដូចគេព្រួសទឹក
៣-កូនថ្ងូរថា ឈឺក្បាលខ្លាំង និងកាន់តែឈឺឡើង ឬអាការឈឺនោះមិនធូរស្រាលសោះ ទោះជាឱ្យញ៉ាំថ្នាំបំបាត់ការឈឺចាប់ហើយក៏ដោយ
៤-កូនប្រាប់ថា មើលឃើញរូបភាពបែកជា២ ឬយើងមើលឃើញប្រស្រីភ្នែករបស់កូនកម្រើកមិនស៊ីចង្វាក់គ្នា
៥-រន្ធប្រស្រីភ្នែក តបស្នងមិនប្រក្រតីជាមួយកាយវិការ
៦-កូនមានអាការប្រកាច់។
៧-កូនប្រើដៃ-ជើងទាំងសងខាងមិនស្មើគ្នា ដើរទ្រេតទ្រោត ពិបាកទប់ខ្លួន
៨-និយាយស្តីស្តាប់មិនយល់ មើលទៅរាងវិលវល់។
អាការទាំងនេះ ឬអាការណាមួយ គឺជាអាការដែលប្រាប់ឱ្យដឹងថា អាចមានអ្វីម្យ៉ាងខុសប្រក្រតីជាមួយខួរក្បាល និងសរសៃឈាមដែលហូរដែលទៅចិញ្ចឹមខួរក្បាលរបស់កូនហើយ ត្រូវនាំទៅមន្ទីរពេទ្យជាបន្ទាន់។
តែបើក្បាលរបស់កូនប៉ះមិនធ្ងន់ធ្ងរ មានត្រឹមតែស្នាមរបួសតូចមួយ ស្នាមក្រហមៗជាំៗ ឬមានដុំពកឡើងឱ្យឃើញនោះ និងពេលវេលាកន្លងផុតទៅកន្លះថ្ងៃ កូននៅតែមើលទៅប្រក្រតីធម្មតា មិនបាត់មាត់បាត់ក មិនស្រងូតស្រងាត់ និយាយស្តីស្តាប់គ្នាបាន និងលើកដៃលើកជើងបានដូចធម្មតានោះ លោកឪពុកអ្នកម្តាយសប្បាយចិត្តចុះថា កូនមិនកើតអីធ្ងន់ធ្ងរទេ មានតែស្នាមរបួសផ្នែកខាងក្រៅដែលត្រូវមើលថែទាំប៉ុណ្ណោះ។
បើឃើញថា ក្បាលកូនឡើងពកហើម ដោយសារតែនៅលើក្បាលមានសរសៃឈាមមកប្រមូលផ្ដុំរួមគ្នាច្រើន ទើបធ្វើឱ្យងាយហើម។ ចូរស្អំដោយទឹកកកនៅត្រង់កន្លែងហើមប្រមាណជា ២០នាទី។ ភាពត្រជាក់នឹងជួយឱ្យសរសៃឈាមបង្រួញខ្លួន កាត់បន្ថយអាការឈឺចាប់ និងហើមបាន។
ហើយតទៅមុខទៀត អាណាព្យាបាលត្រូវតែប្រយ័ត្នប្រយែងឱ្យកាន់តែខ្លាំងឡើងហើយ ព្រោះបើសិនក្បាលកូន ប៉ះនឹងវត្ថុរឹងញឹកញាប់ វាមិនមែនជារឿងល្អឡើយ៕