វីដេអូនៃហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ដ៏ហួសចិត្ត និងអស់សំណើចខ្លាំងមួយ ដែលបង្កឡើងដោយខ្លួនឯង ពីនារី២នាក់ជិះម៉ូតូបុកលូទាំងកម្រោល បានកំពុងរីករាលដាលនៅលើបណ្តាញសង្គម ជាមួយមតិជជែកវែកញែកហេតុផល ឡើងព្រោងព្រាត និងសូមឲ្យនារីទាំងពីរបកស្រាយឲ្យបានដឹងផង តើមកពីមូលហេតុអ្វីពិតប្រាកដ!?។
តាមរយៈវីដេអូបានបង្ហាញឲ្យឃើញ ដំបូងឡើយ នារី២នាក់ជិះម៉ូតូធូដេពណ៌សឌុបគ្នា កំពុងឈប់នៅច្រកផ្លូវខាងធ្វេងរង់ចាំរថយន្តបើកឆ្លងកាត់។ បន្ទាប់មក ខណៈឃើញផ្លូវស្ងាត់អស់ឡានចរាចរ ពួកនាងក៏សម្រេចបើកម៉ូតូឆ្លងទៅផ្នែកខាងស្តាំផ្លូវ ប៉ុន្តែ អ្វីដែលមិននឹកស្មានដល់នោះ គឺពួកនាងស្រាប់តែជិះស្ទុយទៅបុកលូយ៉ាងពេញទំហឹង បណ្តាលឲ្យប៉ះគូទម៉ូតូ ដួលធ្លាក់ដីទាំងពីរដេកស្តូកស្តឹងតែម្តង។ ទន្ទឹមនឹងនោះ គេក៏មិនដឹងថា នារីជាអ្នកឌុប រងគ្រោះថ្នាក់ធ្ងន់ ឬស្រាលនោះទេ ខណៈពេលកើតហេតុភ្លាមៗ គេបានឃើញបុរសម្នាក់រត់ទៅជួយយ៉ាងលឿនផងដែរ។
យោងតាមវីដេអូកាមេរ៉ាសុវត្ថិភាព ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ដ៏មហាហួសចិត្តនេះ បានកើតឡើងកាលពីថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០២២ វេលាម៉ោង ១ : ៥ នាទី រសៀល ប៉ុន្តែ ប្រភពពុំបានបញ្ជាក់ឲ្យដឹងពីទីតាំងកើតហេតុនៅម្តុំណានោះទេ ខណៈវីដេអូនេះធ្វើឡើងមានអក្សរចិន ហើយចាប់ផ្តើមត្រូវបានចែករំលែកចេញពីបណ្តាវេបសាយអនឡាញ ក្នុងប្រទេសវៀតណាម។
ដោយឡែក ក្រឡេកមកមើលខមិនបងប្អូនអ្នកលេងបណ្តាញសង្គមវិញ បាននាំគ្នាវែកញែកហេតុផលពីគ្រោះថ្នាក់ចរាចរណ៍ដ៏អស់សំណើចនេះ ដោយយល់ឃើញផ្សេងៗគ្នាថា ករណីនេះអាចបណ្តាលមកពីជម្ងឺបេះដូង ឬ ដាក់របស់អ្វីពីមុខកល់កាច់ចង្កូតបត់មិនរួច។ រីឯអ្នកខ្លះទៀតថា មកពីគាំងចង្កូតម៉ូតូ ឬ ជាប់ហ្គាស្លន់…។ តែដោយសារពុំដឹងមូលហេតុមួយណា ក្នុងចំណោមហេតុផលលើកឡើងទាំងនេះ គេក៏សូមឲ្យនារីជាសម៉ីខ្លួនទាំងពីរទោះជានៅកន្លែង បើបានឃើញវីដេអូនេះហើយ សូមជួយបកស្រាយឲ្យបានដឹងផង៕ រក្សាសិទ្ធិដោយ៖ លឹម ហុង








