Sunday, December 22, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ផ្សារ​ពាណិជ្ជកម្ម​ចិន នឹង​ផ្តល់​អត្ថប្រយោជន៍​ច្រើនយ៉ាង សម្រាប់​សេដ្ឋកិច្ច​កម្ពុជា​

​(​កណ្តាល​)៖ រដ្ឋមន្ត្រី​ក្រសួង​ពាណិជ្ជកម្ម​កម្ពុជា លោក ប៉ាន សូរ​ស័ក្តិ បាន​គូសបញ្ជាក់ថា វត្តមាន​របស់​ផ្សារ​ពាណិជ្ជកម្ម​ចិន នឹង​ផ្តល់​អត្ថប្រយោជន៍​ច្រើន​យ៉ាង​សម្រាប់​សេដ្ឋកិច្ច​កម្ពុជា ដោយសារ​ផ្សារ​នេះ នឹង​ស្រូបយក​ទំនិញ​ក្នុងស្រុក ដែល​ផលិត​ដោយ​សហគ្រាស​ធុន​តូច និង​មធ្យម ដើម្បី​ជំរុញ​ការនាំចេញ​។ លើសពីនេះ ផ្សា​នេះ នឹង​បង្កើត​ឱកាស​ការងារ និង​ប្រាក់​ចំណូល​ជូន​ប្រជាជន លើកកម្ពស់​វិស័យ​ទេសចរណ៍​ជាតិ ព្រមទាំង​ជំរុញ​ទំហំ​ពាណិជ្ជកម្ម​ទ្វេភាគី​រវាង​កម្ពុជា និង​ចិន ថែម​ទៀត​។​

​លោក ប៉ាន សូរ​ស័ក្តិ បាន​គូសបញ្ជាក់​ដូច្នោះ នា​ឱកាស​អញ្ជើញ​ជា​អធិបតីភាព នៅក្នុង​ពិធី​បើកសម្ពោធ​ផ្សារ​ពាណិជ្ជកម្ម ចេ​ឌូ​បាយី កម្ពុជា​-​ចិន ដែល​មាន​ទីតាំង​ស្ថិតនៅតាម​បណ្តោយ​ផ្លូវជាតិ​លេខ ៤ ក្នុង​ឃុំ​រការ ស្រុក​អង្គ​ស្នូល ខេត្ត​កណ្តាល នា​ព្រឹក​ថ្ងៃទី​២១ ខែមិថុនា ឆ្នាំ​២០១៨ ក្រោម​វត្តមាន​ចូលរួម​ពី​ថ្នាក់ដឹកនាំ និង​មន្ត្រីរាជការ​មកពី​ស្ថាប័ន​ពាក់ព័ន្ធ អាជ្ញាធរ​ដែនដី តំណាង​មន្ទីរ​ពាណិជ្ជកម្ម​ខេត្ត​ស៊ី​ឈួន​ប្រទេស​ចិន អាជីវករ ពាណិជ្ជករ និង​ប្រជាពលរដ្ឋ​ប្រមាណ​ជាង ៦០០​នាក់​។​

​នៅក្នុង​ឱកាស​នោះ លោក​រដ្ឋមន្ត្រី បានលើកឡើង​ពី​កំណើន​រឹងមាំ​សេដ្ឋកិច្ច​របស់​កម្ពុជា និង​វឌ្ឍនភាព​នៃ​វិស័យ​សំណង់ ដែល​ធ្វើឲ្យ​កើនឡើង​នូវ​តម្រូវការ​ប្រើប្រាស់​សម្ភារៈ និង​គ្រឿង​សង្ហា​រឹម​ប្រណិតៗ ហើយ​ការមកដល់​នៃ​ផ្សារ​ពាណិជ្ជកម្ម​ចិន នឹង​ផ្តល់​ជម្រើស​កាន់តែច្រើន​សម្រាប់​ប្រជាជន​កម្ពុជា ដែល​ប្រាថ្នា​ចង់បាន​ជីវិត​រស់នៅ​តាម​បែប​ស៊ីវិល័យ ស្របតាម​បរិបទ​រីកចម្រើន​នៃ​វិស័យ សេដ្ឋកិច្ច។​

​លើសពីនេះ ដើម្បី​ជំរុញ​ការនាំ​ចេញ​ផលិតផល​ខ្មែរ លោក​រដ្ឋមន្ត្រី បាន​អំពាវនាវ​ដល់​សហគ្រិន និង​ផលិតករ​កម្ពុជា សហការ​ជាមួយ​ក្រសួង​ពាណិជ្ជកម្ម ដាក់តាំង​បង្ហាញ​ផលិតផល និង​មុខទំនិញ នៅក្នុង​បរិវេណ​ពិព័រណ៍​ដែល​ផ្តល់ជូន​ដោយ​ក្រុមហ៊ុន ចេ​ឌូ​បាយី គ្រឿង​សង្ហារឹម គ្រុប ដើម្បី​ស្វែងរក​អតិថិជន និង​ដៃគូ​ពាណិជ្ជកម្ម មកពី​ប្រទេស​ចិន សំដៅ​លក់ និង​ចែកចាយ​ទៅ​កាន់​ទីផ្សារ​ធំៗ​នៅក្នុង​ប្រទេស​ចិន​។​

​លោកស្រី ចាង យី​ង (Zhang Ying) អនុប្រធាន​មន្ទីរ​ពាណិជ្ជកម្ម​នៃ​ខេត្ត​ស៊ី​ឈួន​ប្រទេស​ចិន បាន​ជម្រាបជូន​អង្គពិធី អំពី​សក្តានុពល​សេដ្ឋកិច្ច​របស់​ខេត្ត​ស៊ី​ឈួន ដែល​ជា​មជ្ឈមណ្ឌល​ឧស្សាហកម្ម​ធំ​មួយ​នៅក្នុង​ប្រទេស​ចិន ហើយ​ការវិនិយោគ​បង្កើត​ផ្សារ​ពាណិជ្ជកម្ម​នៅក្នុង​ប្រទេស​កម្ពុជា គឺ​ដើម្បី​ធ្វើ​គំរូ​ផ្សារ​លើកដំបូង​របស់​ខេត្ត​ស៊ី​ឈួន នៅក្នុង​តំបន់​អាស៊ាន សំដៅ​ឆ្លើយតប​នឹង​គោលនយោបាយ​ផ្លូវ​មួយ ខ្សែក្រវ៉ាត់​មួយ របស់​រដ្ឋាភិបាល​ចិន​។​

​គួរកត់សម្គាល់​ថា បច្ចុប្បន្ន​ប្រទេស​ចិន បាន​ក្លាយជា​ដៃគូ​វិនិយោគ​ធំ​បំផុត​នៅ​កម្ពុជា​។ បើ​តាម​កំណត់​ត្រា​របស់​ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា (CDC) ស្តី​ពី​ទុនវិនិយោគ​ផ្ទាល់​ពី​បរទេស (FDI) បង្ហាញថា ចាប់ពី​តាំង​ឆ្នាំ​២០០៤ រហូតដល់​ខែ​មិថុនា ឆ្នាំ​២០១៧ ទឹកប្រាក់​វិនិយោគ​ពី​ប្រទេស​ចិន មាន​ចំនួន ៧២៦ ប៊ី​លាន​ដុល្លារ ហើយ​បាន​ឈរ​ក្នុង​លំដាប់​ទី​១ ក្នុងចំណោម​ប្រទេស​ដៃគូ​ទាំងអស់​។ លើសពីនេះ ទំហំ​ពាណិជ្ជកម្ម​ទ្វេភាគី​កម្ពុជា និង​ចិន នៅក្នុង​ឆ្នាំ​២០១៧ សម្រេចបាន ៥,៨ ប៊ី​លាន​ដុល្លារ ក្នុងនោះ​ការនាំចេញ​របស់​កម្ពុជា មាន​ចំនួន ១​ប៊ី​លាន​ដុល្លារ និង​នាំចូល​ពី​ប្រទេស​ចិន​មាន​ចំនួន ៤,៧​ប៊ី​លាន​ដុល្លារ​៕ ​ដោយ​៖​បញ្ញា​ស័ក្តិ​

 

×