លោកបណ្ឌិត អ៊ិត សំហេង រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានផ្សព្វផ្សាយការដាក់ឱ្យប្រើប្រាស់ផែនការមេ លើកទី២ ស្តីពីសុខភាព និងសុវត្ថិភាពការងារ ឆ្នាំ២០១៨-២០២២ នារសៀល នៅថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០១៨ នៅសណ្ឋាគារសាន់វ៉េភ្នំពេញ រាជធានីភ្នំពេញ។
លោកបណ្ឌិត អ៊ិត សំហេង មានប្រសាសន៍ថា បន្ទាប់ពីបានអនុវត្តន៍ប្រកបដោយជោគជ័យ នូវផែនការមេលើកទី១ ស្តីពីសុខភាព និងសុវត្ថិភាព ការងារ ឆ្នាំ២០០៩-២០១៣ ផែនការមេលើកទី២នេះ គឺជាសមិទ្ធផលថ្មីមួយទៀត ដែលបានរៀបចំឡើង ដោយមានការសិក្សាផ្អែកលើលទ្ធផល នៃការអនុវត្តផែនការមេលើកទី១ ការពិគ្រោះយោបល់ត្រីភាគី ការចូលរួមពីភាគី និងអ្នកពាក់ព័ន្ធផ្សេងៗ រួមទាំងមន្ត្រីក្រោមឱវាទនាយកដ្ឋានពេទ្យការងារ និង អង្គការអន្តរជាតិខាងការងារ ដែលបានឯកភាព និងសម្រេចដាក់ចេញនូវសកម្មភាពជាអាទិភាព ចំនួន៦ សម្រាប់ចង្អុលបង្ហាញដល់គ្រប់ភាគីពាក់ព័ន្ធ យកទៅពង្រីកផែនការសកម្មភាព សំដៅបង្កើនប្រសិទ្ធភាពការងារនៅក្នុងវិស័យសុខភាព និងសុវត្ថិភាព ការងារឱ្យស្របតាមការវិវត្តន៍ នៃសង្គមសេដ្ឋកិច្ចសម្រាប់ កម្មករនិយោជិតនៅគ្រប់មុខវិជ្ជាជីវៈ។
លោករដ្ឋមន្ត្រីលើកឡើងថា ផែនការមេលើកទី២នេះ នឹងបំពេញតួនាទីជាផែនទីបង្ហាញផ្លូវ និងកាលានុវត្តភាព ដែលជាការប្តេជ្ញា របស់ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ក្នុងគោលបំណង ដើម្បីបង្កើតឱ្យមាន បរិយាកាសការងារល្អប្រកបដោយសុខភាព និងសុវត្ថិភាពការងារសម្រាប់ កម្មករនិយោជិតទាំងអស់ តាមរយៈការធានាឱ្យបាននូវការអនុវត្តប្រកបដោយប្រសិទ្ធភាព នូវការពិនិត្យតាមដាន និងវាយតម្លៃជាប្រចាំដើម្បីស្វែងរកមធ្យោបាយឱ្យកាន់តែប្រសើរឡើងបន្ថែមទៀត ក្នុងការអនុវត្តប្រកបដោយជោគជ័យ នូវគោលបំណងអាទិភាពចំនួន ៦ចំណុច រួមមាន៖
– គោលបំណងទី១៖ ពង្រឹងប្រព័ន្ធសុខភាព និងសុវត្ថិភាពការងារជាតិ។
– គោលបំណងទី២៖ ពង្រឹងការងារអធិការកិច្ច និងការអនុវត្តបទដ្ឋានសុខភាព និងសុវត្ថិភាព ការងារ។
– គោលបំណងទី៣៖ ជំរុញអង្គការនិយោជក និងអង្គការកម្មករនិយោជិតចូលរួមសកម្មភាព សុខភាព និងសុវត្ថិភាពការងារ។
– គោលបំណងទី៤៖ រៀបចំ និងអនុវត្តកម្មវិធីពិសេសសម្រាប់មុខរបរគ្រោះថ្នាក់។
– គោលបំណងទី៥៖ ជំរុញឱ្យមានការការពារផ្នែកសុខភាព និងសុវត្ថិភាពការងារ ដល់ សហគ្រាស ខ្នាតតូច និងមធ្យម និងកន្លែងធ្វើការនៅតាមជនបទ និងវិស័យសេដ្ឋកិច្ច ក្រៅប្រព័ន្ធ។
– គោលបំណងទី៦៖ គាំទ្រ និងជំរុញកិច្ចសហការផ្នែកសុខភាព និងសុវត្ថិភាពការងារលើ ការងារកុមារ ការប្រយុទ្ធប្រឆាំងគ្រឿងញៀន ជំងឺឆ្លង និងជំងឺមិនឆ្លងនៅតាមសហគ្រាស គ្រឹះស្ថាន។
លើសពីនេះទៅទៀត រាជរដ្ឋាភិបាល បានយកចិត្តទុកដាក់ផ្តល់សេវាសុខភាពដោយឥតគិត ថ្លៃ ជូនកម្មករនិយោជិត តាមរោងចក្រ សហគ្រាស និងតាមតំបន់ផ្ទះជួលរបស់កម្មករនិយោជិត។ កម្មវិធី ពិនិត្យ និងព្យាបាលជំងឺ របស់ក្រុមគ្រូពេទ្យស្ម័គ្រចិត្តរបស់ សម្តេចតេជោនាយករដ្ឋមន្ត្រី និងក្រុមគ្រួសារ រួមនឹងសប្បុរសជននានា និងក្រសួងសុខាភិបាល បានចុះពិនិត្យនិងព្យាបាលផ្ទាល់ជូនបង ប្អូនកម្មករ និយោជិតជាបន្តបន្ទាប់។
តាមរយៈផែនការមេលើកទី២ ស្តីពីសុខភាព និងសុវត្ថិភាពការងារឆ្នាំ២០១៨-២០២២ ក្រសួង នឹងបន្តពង្រឹងកិច្ចសហប្រតិបត្តិការជាមួយគ្រប់ភាគីពាក់ព័ន្ធ ដៃគូជាតិ និងអន្តរជាតិទាំងអស់ ដើម្បី អនុវត្តផែនការមេលើកទី២នេះឱ្យទទួលបានជោគជ័យ សំដៅពង្រឹងប្រព័ន្ធគ្រប់គ្រងសុខភាព និង សុវត្ថិភាពការងារថ្នាក់ជាតិ ថ្នាក់ខេត្ត និងថ្នាក់សហគ្រាស គ្រឹះស្ថានឱ្យកាន់តែមានប្រសិទ្ធភាព។
ជាមួយគ្នានេះដែរ លោករដ្ឋមន្ត្រី អរគុណដល់ក្រសួងស្ថាប័ន អង្គការនិយោជក អង្គការកម្មករនិយោជិត និងអង្គការដៃគូពាក់ព័ន្ធដែលបានចូលរួមក្នុងការផ្តល់យោបល់ និងធាតុចូល ជាពិសេសអង្គការអន្តរជាតិខាងការងារជប៉ុន ដែលបានគាំទ្រទាំងថវិកា និងបច្ចេកទេសដើម្បីឱ្យផែនការមេលើកទី២ស្តីពីសុខភាព និងសុវត្ថិភាពការងារឆ្នាំ២០១៨-២០២២លេចជារូបរាងឡើង។
លោកសង្ឈឹមយ៉ាងមុតមាំថា ផែនការមេលើកទី២នេះ នឹងត្រូវបានយកទៅប្រើប្រាស់យ៉ាងទូលំ ទូលាយ និងបង្កភាពងាយស្រួលដល់ភាគីពាក់ព័ន្ធ គ្រប់លំដាប់ថ្នាក់សម្រាប់យកទៅកសាងផែនការ សកម្មភាពលម្អិតក្នុងការលើកកម្ពស់ និងកែលំអប្រព័ន្ធគ្រប់គ្រងសុខភាព និងសុវត្ថិភាពការងារឱ្យកាន់ តែមានប្រសិទ្ធភាពខ្ពស់ ដើម្បីធានាថាកន្លែងធ្វើការ នឹងរក្សាបាននូវបរិយាកាសការងារល្អដែល មានសុខភាព និងសុវត្ថិភាព និងកំណើនផលិតភាពឈានទៅកសាងវប្បធម៌សុខភាព និងសុវត្ថិភាព ការងារនៅកន្លែងធ្វើការនាពេលអនាគត៕ ដោយ៖ បញ្ញាស័ក្តិ