ថ្មីៗនេះ ករណីបងប្រុសតាមរកឃើញប្អូនស្រី និងមិត្តភក្តិ ចេញពីសាលាមិនទៅផ្ទះ បែរនាំគ្នាមកសម្ងំក្នុងកន្លែងកញ្ចុះស្ងាត់ ដែលជាកន្លែងមិនល្អ សម្រាប់គូស្នេហ៍ជាយុវវ័យភ្លើតភ្លើន បានកំពុងបង្កឲ្យមានទាំងមតិរិះគន់ និងយល់ស្រប វែកញែកឡើងចម្រូងចម្រាស់ នៅលើបណ្តាញទំនាក់ទំនងសង្គម ខណៈវីដេអូនេះកំពុងទទួលការចាប់អារម្មណ៍យ៉ាងខ្លាំង។
តាមរយៈវីដេអូ បានបង្ហាញក្មេងស្រីវ័យជំទង២នាក់ ស្ថិតក្នុងសម្លៀកបំពាក់ជាសិស្សសាលា បានកំពុងនៅក្នុងកញ្ចុះ។ នៅពេលនោះ ក្មេងស្រីជាប្អូន បាននិយាយទៅកាន់បងប្រុសថា មកពីនាងស្ត្រេស ហត់នឹងការសិក្សាពេក ទើបនាំគ្នាមកកន្លែងហ្នឹង ប៉ុន្តែ ភ្លាមៗនោះ បងប្រុសក៏បានតបសួរទៅវិញថា ចុះចាំបាច់បិទទូរស័ព្ទ ហើយមកកន្លែងហ្នឹងធ្វើអី? ប្អូនស្រីក៏ឆ្លើយថា មកពីទូរស័ព្ទអស់ថ្ម តែបងប្រុសនោះក៏បានតបថា នេះគ្រាន់តែជាលេសដោះសារប៉ុណ្ណោះ ព្រោះម៉ែតេមិនដែលលើក ហើយតែងប្រាប់អស់ថ្មរហូតហ្នឹង។
លើសពីនេះ បងប្រុសរូបនោះ ក៏បានស្តីបន្ទោសឲ្យថា រៀនមិនគិតខំប្រឹងទេ តែបែរជាយកលុយម៉ែខំធ្វើការរកស៊ីឡើងតត្រុក មកសម្ងំកន្លែងកញ្ចុះ រង់ចាំជួបប្រុសបែបនេះ។ បងប្រុសនោះ ក៏បាននិយាយថា សំណាងហើយ ដែលអាប្រុសនោះ មិនទាន់មកដល់ កុំអីដឹងតែផ្អើលកញ្ចុះហ្នឹងហើយ។ ទោះជាយ៉ាងណា ប្អូនស្រីនោះដែលហាក់កំពុងចាប់ផ្តើមឈ្លក់នឹងស្នេហា ទាំងមិនទាន់ដុះស្លាបផង បានបោះសម្តីដាក់បងប្រុសដ៏ហួសចិត្តថា បងឯងចេះដឹងអី ខ្លួនខ្ញុំតើ…។
យ៉ាងណាមិញ ចំពោះមូលហេតុដែលបងប្រុសសម្រេចចិត្តថតបង្ហោះបែបនេះ គឺអាចដោយសារប្អូនស្រីរូបនេះនិយាយមិនស្តាប់ ហើយបងប្រុសគ្មានជម្រើសណាមួយក្រៅពីថតប៉ុណ្ណោះ។ ជាក់ស្តែង បុរសជាបងប្រុសបាននិយាយថា ដើរទៅណាមកណាមិនដែលចេះតេប្រាប់ម៉ែឲ្យដឹងទេ ហើយតែងលេសប្រាប់ថាទូរស័ព្ទអស់ថ្មរហូត តែមិននឹកស្មានមកសម្ងំនៅកន្លែងមិនល្អបែបនេះសោះ។
ទាក់ទងរឿងនេះ ឃើញថាមានបងប្អូនមហាជនមួយចំនួន បានរិះគន់បងប្រុសមិនគួរណាថតប្អូនបង្ហោះបែបនេះទេ ដែលអាចធ្វើឲ្យប្អូនស្រីខ្មាសគេ គិតខ្លី ព្រោះក្មេងសម័យនេះឆាប់ស៊ីជោរនឹងសេចក្តីស្លាប់ណាស់។ តែទោះជាយ៉ាងណា ក៏មានមតិយល់ស្របនឹងទង្វើរបស់បុរសជាបងប្រុស ដោយគេបានលើកឡើងថា៖ «ធ្វើជាបងចេះជួយដាស់តឿនប្អូនបែបនេះពិតជាល្អណាស់! កុំចាំដល់ពេលជ្រុលជ្រោះហើយ បានខំការពារដាស់តឿនក៏គ្មានន័យអ្វីបានមកវិញដែរ»។ ខណៈនារីម្នាក់ដែលជាស្រីដូចគ្នា ក៏បានសម្តែងការហួសចិត្តនឹងពាក្យសម្តីប្អូនស្រីនោះ «បងឯងចេះដឹងអី ខ្លួនខ្ញុំតើ» ដោយបានដាក់ឲ្យកប់ៗថា៖ «បងឯងចេះដឹងអីខ្លួនខ្ញុំតើ ត្រូវមែន តែបើខ្លួនរបស់ប្អូនផើម រឺគេរំលោភសម្លាប់ តើជាកិត្តិយសកេរ្តិ៍ឈ្មោះអ្នកណា ហើយអ្នកណាគេដែលខូចចិត្តស្ទើរដាច់ខ្យល់នោះ គឺបងប្រុស និងម៉ែហ្នឹងហើយ ម៉េចបានមិនដឹងអ្វីសោះចឹងមីនាង»។
ចូលរួមវែកញែកក្នុងរឿងនេះដែរ លោកពូម្នាក់ ក៏បានលើកឡើងឲ្យដឹងថា៖ «បងគេនិយាយត្រឹមត្រូវ.បើដឹងខ្លួនខុសហើយស្តាប់គេទៅ.កុំរឹងប្រើសំដីឈ្លើយដាក់បងទៀត.មិនទាន់ចេះរកស៊ីអីផង.នៅក្នុងការសិក្សាចាយលុយម៉ែឪនូវឡើយ.ចេះមានប្រុស.មកពីបងនិយាយមិនស្តាប់បានគេថតបង្ហោះដើម្បីឲ្យមនុស្សទូទៅក្នុងfacebookជួយកែលំអរ.រឿងអញ្ចឹងមិនមែនជាការខ្មាស់អៀនអីទេ.មានតែគេជួយណែនាំថែម.កូននេះគេហៅថាកូនបំផ្លាញ.មិនមែនកូនជាទ្រព្យទេ.កូនខ្ញុំសទ្ធតែស្រី៤នាក់តែគេសុទ្ទតែកូនទ្រព្យទាំងអស់ គេស្តាប់តាមខ្ញុំណាស់ គេធ្វើការងាអស់ហើយ នៅតែកូនស្រីពៅមួយទេ.គេជិ:កូនកង់ទៅរៀនចម្ងាយ៥គីឡូម៉ែត.នៅតែគេខំតស៊ូជិ:ទៅរៀន.ឥឡូវគេថ្នាក់ទី៨ហើយ»៕ រក្សាសិទ្ធិដោយ៖ លឹម ហុង







ទស្សនាវីដេអូ => Click here

