ភ្នំពេញ ៖ សាកសពបុរសម្នាក់ត្រូវបានប្រជានេសាទប្រទឃើញ អណ្តែតតាមទឹកទន្លេ នៅភូមិតាព្រហ្ម សង្កាត់ព្រែកឯង ខណ្ឌច្បារអំពៅ កាលពីវេលាម៉ោង ៧និង៣០នាទីព្រឹក ថ្ងៃទី៧ ខែមករា ឆ្នាំ២០២៣។
សាកសពបុរសខាងលើនេះ មិនត្រូវបានគេស្គាល់អត្តសញ្ញាណនៅឡើយនោះទេ ដោយសពមានសភាពហើមស្អុយ ស្លៀកខោខូវប៊យពណ៌ទឹកប៊ិចជើងខ្លី និងពាក់អាវយឺតពណ៌ស។

យោងតាមប្រភពព័ត៌មាននៅកន្លែងកើតហេតុ បានឲ្យដឹងថា នៅព្រឹកមិញនេះ មានបុរសម្នាក់ដែលជាប្រជានេសាទ បានចុះទៅបង់សំណាញ់រកត្រី នៅតាមច្រាំងទន្លេ ខណ:កំពុងតែបង់សំណាញ់បានត្រីចំនួន៣ក្បាល បម្រុងនឹងបង់សំណាញ់បន្តទៀត ស្រាប់តែឃើញសាកសពអណ្តែតមកក្បែរគាត់ ភ្លាមៗនោះរូបគាត់ក៏បាត់ស្ទុះរត់ចេញមកខាងលើគោក ដើម្បីប្រញាប់រាយការណ៍ជូនសមត្ថកិច្ចមូលដ្ឋាន ក្រោយពេលដែលសមត្ថកិច្ចទទួលបានព័ត៌មានថា មានករណីសាកសពអណ្តែតទឹកខាងលើនេះ ភ្លាមៗកម្លាំងនគរបាលប៉ុស្តិ៍ព្រែកឯង និងកម្លាំងជំនាញនៃអធិការដ្ឋាននគរបាលខណ្ឌច្បារអំពៅ សហការជាមួយកម្លាំងជំនាញនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ចុះមកពិនិត្យសាកសព និងធ្វើការស្រាវជ្រាវរកក្រុមគ្រួសារសាច់ញាតិ ដើម្បីប្រគល់សាកសពជូនក្រុមគ្រួសារចាត់ចែងធ្វើបុណ្យតាមប្រពៃណី។

បច្ចុប្បន្នសាកសពបុរសខាងលើនេះ កំពុងតែតម្កល់ទុកនៅវត្តព្រែកឯង បើសិនមានបងប្អូនណាបាត់សមាជិកក្រុមគ្រួសារ សាច់ញាតិ សូមទៅទំនាក់ទំនង សមត្ថកិច្ចនគរបាលសង្កាត់ព្រែកឯង នៃខណ្ឌច្បារអំពៅ៕ រក្សាសិទ្ធិដោយ ៖ សួង សាម




