កាលពីល្ងាចថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២៥ ឯកឧត្តម ហាប់ ទូច រដ្ឋមន្រ្តីស្តីទីនៃក្រសួងវប្បធម៌និងវិចិត្រសិល្បៈ រួមជាមួយឯកឧត្តម Ali Akbar Nazari ឯកអគ្គរដ្ឋទូតនៃសាធារណរដ្ឋអ៊ីស្លាមអ៊ីរ៉ង់ប្រចាំព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញជាគណៈអធិបតីក្នុងពិធីបើក“សប្ដាហ៍ភាពយន្តអ៊ីរ៉ង់លើកទី១នៅកម្ពុជា នៅរោងភាពយន្តលេជេន អូឡាំព្យា រាជធានីភ្នំពេញ។ ក្នុងឱកាសនេះក៏មានវត្តមានចូលរួមរបស់ឯកអគ្គរាជទូត រដ្ឋទូត ឯកឧត្ដម លោកជំទាវ តំណាងក្រសួងស្ថានប័ន ព្រមទាំង ផលិតករភាពយន្ត សិល្បករ សិល្បការិនីសរុបចំនួន១៥០រូប។
កម្មវិធីសប្ដាហ៍ភាពយន្តអ៊ីរ៉ង់លើកទី១នេះ ត្រូវបានរៀបចំឡើងក្នុងគោលបំណងរួមចំណែកលើកស្ទួយចំណងមេត្រីភាព ការផ្លាស់ប្ដូរវប្បធម៌ និងទំនាក់ទំនងរវាងប្រជាជននិងប្រជាជននៃប្រជាជាតិទាំងពីរ ព្រមទាំងផ្តល់ឱកាសសម្រាប់ផលិតករ សិល្បករ និងអ្នកប្រកបអាជីពក្នុងវិស័យភាពយន្ត បានសិក្សាស្វែងយល់ ចែករំលែកនូវចំណេះដឹង បទពិសោធ និងគំនិតថ្មីៗ ក៏ដូចជាពិនិត្យលទ្ធភាពសហការផលិតខ្សែភាពយន្តរួមគ្នា ឬការវិនិយោគ ក្នុងគោលដៅជំរុញឧស្សាហកម្មភាពយន្តនៃប្រទេសទាំងពីរ។
ក្នុងឱកាសនោះ ឯកឧត្តមរដ្ឋមន្រ្តីស្តីទីបានមានប្រសាសន៍ថា ក្រោមម្លប់នៃសន្តិភាព និងការអភិវឌ្ឍលើគ្រប់វិស័យរបស់រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិត និងចក្ខុវិស័យវែងឆ្ងាយរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា យើងមានមោទនភាព និងសុទិដ្ឋិនិយម ចំពោះកិច្ចសហប្រតិបត្តិការវប្បធម៌ប្រកបដោយផ្លែផ្កាក្នុងរយៈពេលកន្លងមកនេះ រវាងព្រះរាជាណាចក្រកម្ពុជា និងសាធារណរដ្ឋអ៊ីស្លាមអ៊ីរ៉ង់ និងបន្តពង្រឹងនិងពង្រីកជាលំដាប់ តាមរយៈការចូលរួមក្នុងសកម្មភាពវប្បធម៌នានា និងការគាំទ្រគ្នាទៅវិញទៅមកក្នុងវេទិការអន្តរជាតិ។ ក្រសួងវប្បធម៌និងវិចិត្រសិល្បៈ សូមស្វាគមន៍ចំពោះការរៀបចំសប្ដាហ៍ភាពយន្តអ៊ីរ៉ង់នៅកម្ពុជា និងបន្តកិច្ចសហការគាំទ្រឱ្យមានការរៀបចំព្រឹត្តិការណ៍នេះនៅឆ្នាំបន្តបន្ទាប់ទៀត តាមដែលអាចធ្វើទៅបាន ដើម្បីបង្កើនការយល់ដឹងកាន់តែស៊ីជម្រៅអំពីវប្បធម៌ទៅវិញទៅមក នៃប្រជាជាតិទាំងពីរ ដែលជាប្រទេសមានវប្បធម៌អរិយធម៌ដ៏ចំណាស់ និងសម្បូរបែប។
សូមបញ្ជាក់ជូនថា សប្ដាហ៍ភាពយន្តអ៊ីរ៉ង់លើកទី១នៅកម្ពុជានាពេលនេះ សហការរៀបចំដោយស្ថានទូតនៃសាធារណរដ្ឋអ៊ីស្លាមអ៊ីរ៉ង់ប្រចាំព្រះរាជាណាចក្រកម្ពុជា និងក្រសួងវប្បធម៌និងវិចិត្រសិល្បៈ ចាប់ពីថ្ងៃទី៣០ ខែមេសា ដល់ថ្ងៃទី៤ ខែឧសភា ឆ្នាំ២០២៥ ដោយធ្វើការចាក់បញ្ចាំងភាពយន្តល្បីៗរបស់អ៊ីរ៉ង់ ជូនទស្សនិកជនទស្សនាដោយសេរី នៅរោងភាពយន្ត លេជេន សាខាអូឡាំព្យា៕ រក្សាសិទ្ធដោយ៖សុទ្ធលី















