Saturday, April 27, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

សុខភាពយើង៖ គ្រោះថ្នាក់បណ្ដាលពីការ “គេងផ្កាប់” ដែលអ្នកអាចមិនដែលដឹង

spot_img

អ្នកណាដែលចូលចិត្តគេងផ្កាប់ អាចនឹងត្រូវស្ដាប់អត្ថបទនេះបន្តិចហើយ ថាតើហេតុអីបានការគេងផ្កាប់មុខ បង្កគ្រោះថ្នាក់ដល់សុខភាពដោយមិនដឹងខ្លួន?
យើងជឿថា មនុស្សម្នាក់ៗសុទ្ធតែមានឥរិយាបថគេងជាប្រចាំរបស់ខ្លួន ដែលគេងហើយ ធ្វើឱ្យលក់ស្រួល មិនថាតែគេងផ្អៀង គេងផ្ងារ ឬគេងផ្កាប់ឡើយ តែអ្នកដឹងទេថា ឥរិយាបថគេងផ្កាប់ ដែលមនុស្សជាច្រើនអាចនឹងចូលចិត្តគេងនោះ ការពិតទៅ អាចនឹងបង្កគ្រោះថ្នាក់ដល់សុខភាពច្រើនជាងយើងគិតទៅទៀត។ ថ្ងៃនេះ សុខភាពយើង នឹងនាំមកនូវអត្ថបទដែលពាក់ព័ន្ធនឹងរឿងនេះមកជម្រាបជូន…

គេងផ្កាប់ ហុចផលប៉ះពាល់អ្វីខ្លះដល់រាងកាយ?

-ការដកដង្ហើម
មនុស្សជាច្រើនប្រហែលជាធ្លាប់សង្កេតឃើញហើយថា ឥរិយាបថគេងផ្កាប់ ជាឥរិយាបថគេងដែលធ្វើឱ្យយើងដកដង្ហើមមិនបានស្រួលឡើយ ដោយសារតែលោកអ្នកបានគេងសង្កត់លើបណ្ដូលកណ្ដាលរបស់សាច់ដុំក្បាំងខ្យល់ ដែលស្ថិតនៅចំកណ្ដាលរវាងប្រអប់ទ្រូង និងប្រអប់ពោះរបស់លោកអ្នក ធ្វើឱ្យលោកអ្នកមិនអាចដកដង្ហើមចូលទៅក្នុងសួតបានពេញលេញ ធ្វើឱ្យពិបាកដកដង្ហើម និងមានអារម្មណ៍ទើសទាល់កាន់តែខ្លាំងឡើង។
ក្រៅពីនេះ ការដែលយើងដកដង្ហើមមិនស្រួលនេះ នៅហុចផលប៉ះពាល់ដល់សុខភាពផ្លូវចិត្តទៀតផង។ មានលទ្ធផលនៃការងារស្រាវជ្រាវមួយ បានរកឃើញថា ការដកដង្ហើមខ្លីៗ ឬដកដង្ហើមមិនបានពេញលេញ អាចបង្កឱ្យកម្រិតភាពតានតឹងធុញថប់ និងក្ដីវិតក្កកង្វល់កើនឡើង។ ឥរិយាបថគេងផ្កាប់ ដែលទៅសង្កត់លើសួត និងក្បាំងខ្យល់ និងធ្វើឱ្យយើងដកដង្ហើមមិនស្រួលនោះ ថែមទាំងធ្វើឱ្យយើងពិបាកគេងលក់ ឬគេងលក់មិនស្រួលទៀតផង។

-ឆ្អឹងខ្នង
លទ្ធផលនៃការស្រាវជ្រាវ បានរកឃើញថា ឥរិយាបថគេងផ្កាប់ ជាឥរិយាបថគេង ដែលមិនល្អចំពោះសុខភាពរបស់ឆ្អឹងខ្នងឡើយ ដោយសារតែការគេងផ្កាប់នេះ នឹងធ្វើឱ្យកើតមានកម្លាំងសង្កត់យ៉ាងខ្លាំងនៅត្រង់ឆ្អឹងកងខ្នង ធ្វើឱ្យមិនអាចស្ថិតក្នុងឥរិយាបថដែលត្រឹមត្រូវ និងស័ក្តិសមជាមួយរូបរាងរបស់ឆ្អឹងកងខ្នង បង្កឱ្យកើតអាការឈឺខ្នង ជាពិសេសផ្នែកខាងក្រោម ម្ដុំចង្កេះ។ ក្រៅពីនេះ នៅអាចធ្វើឱ្យកើតអាការស្ពឹកស្រពន់ និងចុករួយតាមខ្លួនប្រាណទៀតផង។

-កញ្ចឹងក
ដូចគ្នានឹងឆ្អឹងខ្នងដែរ ឥរិយាបថគេងផ្កាប់ អាចចាត់បានថា ជាឥរិយាបថគេងដែលមិនស័ក្តិសមជាមួយឆ្អឹងខ្នង និងឆ្អឹងកញ្ចឹងកឡើយ ព្រោះពេលដែលយើងត្រូវគេផ្កាប់ ផ្ទៃមុខនឹងបែរទៅរកពូក ធ្វើឱ្យយើងចាំបាច់ត្រូវបែរមុខចេញទៅខាង ដោយសារតែមិនអាចដកដង្ហើមបាន។ ការដែលយើងគេងក្នុងឥរិយាបថងាកកបែបនេះយូរៗ នឹងធ្វើឱ្យឆ្អឹងខ្នង និងក្បាល មិនស្ថិតក្នុងខ្សែបន្ទាត់ដូចគ្នា ហុចផលឱ្យកើតអាការរួយ-ក ហើយបើសិនជានៅតែគេងក្នុងឥរិយាបថបែបនេះយូរៗទៅ អាចនឹងនាំឆ្ពោះទៅរកអាការដែលកាន់តែធ្ងន់ធ្ងរឡើងជារឿយៗមិនខាន។

ទិចនិកល្អៗ បើសិនចាំបាច់ត្រូវគេងផ្កាប់
ទោះជាយើងដឹងរួចហើយថា ការគេងផ្កាប់ មិនល្អចំពោះសុខភាពក្ដី តែក្នុងករណីខ្លះ បើចាំបាច់ ក៏យើងអាចគេងផ្កាប់បានដែរ ដូចជាកើតអាការឈឺខ្នង និងឈឺផ្នែកខាងៗនៃដងខ្លួន ធ្វើឱ្យមិនអាចគេងផ្អៀង ឬគេងផ្ងារបាន ដូច្នេះ បើសិនយើងចាំបាច់ត្រូវគេងផ្កាប់ តទៅនេះគឺទិចនិកល្អៗ ដែលអាចជួយឱ្យការគេងផ្កាប់បានកាន់តែសប្បាយស្រួលខ្លួនឡើង…
១-ប្រើខ្នើយទាបៗ…ព្យាយាមប្រើខ្នើយកើយទាបៗ សំប៉ែតៗ ឬមិនបាច់កើយខ្នើយតែម្ដងក៏បាន ដើម្បីធ្វើឱ្យកម្ពស់ចន្លោះរវាងកញ្ចឹងកនឹងខ្នើយ មានទាបបំផុតតាមដែលអាចទាបបាន។

២-ជ្រើសរើសប្រើពូករឹងៗ…ព្រោះពូកទន់ៗ នឹងធ្វើឱ្យខ្លួនរបស់យើង ទ្រុឌចូលទៅក្នុងពូក ដែលរឹតតែធ្វើឱ្យមានអារម្មណ៍ទើសទ័ល ថប់ និងពិបាកដកដង្ហើម។ ដូច្នេះ ទើបគួរព្យាយាមជ្រើសរើសប្រើពូកដែលរឹងៗ ដែលមិនធ្វើឱ្យខ្លួនយើងកប់ចូលទៅក្នុងពូក។

៣-ខ្នើយទ្រាប់…គួររកខ្នើយមកដាក់ទ្រាប់ម្ដុំត្រគាក ដើម្បីជួយលើកឱ្យឆ្អឹងកងខ្នង ស្ថិតក្នុងលំដាប់កម្ពស់ស្មើគ្នា និងស្ថិតក្នុងឥរិយាបថធម្មជាតិ និងជួយកាត់បន្ថយកម្លាំងសង្កត់ ទៅលើឆ្អឹងកងខ្នងបានទៀតផង។ ក្រៅពីនេះ បើជាមនុស្សស្រី អាចរកខ្នើយ មកដាក់ឱបកល់នៅម្ដុំដើមទ្រូង ដើម្បីជួយកាត់បន្ថយកម្លាំងសង្កត់ទៅលើសុដន់ និងជួយកាត់បន្ថយអាការឈឺដើមទ្រូងបានទៀតផង។

ចូរកុំភ្លេចថា ឥរិយាបថគេងដែលល្អ សំខាន់ខ្លាំងណាស់ចំពោះសុខភាពនៅពេលគេងលក់ និងសុខភាពជាទូទៅរបស់អ្នក ដូច្នេះ បើអាចទៅរួច និងគ្មានភាពចាំបាច់ត្រូវគេងផ្កាប់ទេនោះ យើងគ្រប់គ្នា គួរចៀសវាងពីការគេងផ្កាប់ ព្រោះអាចបង្កឱ្យកើតបញ្ហាចំពោះសុខភាពក្នុងរយៈពេលវែង ដែលមានទាំងការពិបាកដកដង្ហើម អាការឈឺខ្នង ឈឺកញ្ចឹងក និងបញ្ហាផ្សេងៗទៀត ដែលអាចនឹងកើតឡើងនៅពេលក្រោយបាន៕

spot_img
×