យុវជនម្នាក់ អាយុ ១៧ឆ្នាំ មកពីរដ្ឋ Missouri សហរដ្ឋអាមេរិច បានសម្រេចចិត្តប្តឹងឪពុកម្តាយរបស់ខ្លួនទារសំណងជំងឺចិត្តចំនួន២៥០.០០០ដុល្លារ ដោយសារតែដាក់ឈ្មោះឲ្យខ្លួនអាក្រក់ខ្លាំងពេកកាលពីនៅតូច។
យុវជនដែលប្តឹងឪពុកម្តាយនោះឈ្មោះថា Gaylord Williams ដែលពាក្យ Gaylord ជាពាក្យប្រើសម្រាប់បន្តុះបង្អាប់មនុស្សប្រុសខ្ទើយ ហើយឈ្មោះនេះ បានធ្វើឲ្យគាត់រងការឈឺចាប់យ៉ាងខ្លាំង ដោយមានការចំអក និងធ្វើបាបពីអ្នកដទៃ។
បើតាមសេក្តីបញ្ជាក់នៅក្នុងបណ្តឹង យុវជ័នរូបនោះបានអះអាងថា គាត់គឺជាកូនក្មេងដែលឪពុកម្តាយរបស់គាត់មិនចង់បានដូច្នេះហើយទើបឪពុកម្តាយរបស់ខ្លួន ដាក់ឈ្មោះបែបនោះឲ្យគាត់។
បុរសវ័យក្មេងដដែលបញ្ជាក់ថា “ពួកគាត់ធ្លាប់បានប្រាប់ខ្ញុំជាច្រើនលើកថា ខ្ញុំគឺជាកូនដែលមានដោយចៃដន្យ ហើយខ្ញុំបានបំផ្លាញជីវិតរបស់ពួកគេ។ នៅពេលស្រវឹង ឪពុករបស់ខ្ញុំក៏បានទទួលស្គាល់ដែរថា ពួកគេបានដាក់ឈ្មោះខ្ញុំបែបនោះគឺដើម្បីបំផ្លាញជីវិតរបស់ខ្ញុំ ដូចដែលខ្ញុំបំផ្លាញជីវិតរបស់ពួកគាត់”។
Gaylord បញ្ជាក់ទៀតថា គំរោងដ៏អាក្រក់របស់ឪពុកម្តាយគាត់ទទួលបានផល ហើយគាត់ត្រូវទ្រាំនឹងការសើចំអក និងការធ្វើបាបយ៉ាងច្រើន ដោយសារតែឈ្មោះរបស់គាត់។
គាត់បញ្ជាក់ទៀតថា គាត់ព្យាយាមដូរឈ្មោះពីអតីតកាលរបស់គាត់ និងបានសុំឪពុកម្តាយគាត់ដូរជាច្រើនដង ប៉ុន្តែពួកគេបដិសេធរហូត។
គាត់និយាយថា “ជីវិតរបស់ខ្ញុំជួបរឿងវេទនាខ្លាំងណាស់។ ខ្ញុំមិនអាចចាំរហូតដល់ខ្ញុំអាយុ ១៨ឆ្នាំ ដើម្បីមានសិទ្ធិស្របច្បាប់ ក្នុងការដូរឈ្មោះដោយខ្លួនឯងនោះទេ”។
ទោះយ៉ាងណា ឪពុកម្តាយរបស់គាត់ ឈ្មោះ Dave និង Carol Williams បានបដិសេធការចោទប្រកាន់របស់កូនប្រុសរបស់ខ្លួនដោយពួកគេបានអះអាងថា ពួកគេដាក់ឈ្មោះកូន Gaylord ដោយសារតែពួកគេចូលចិត្តឈ្មោះនោះប៉ុណ្ណោះ៕ ប្រភព៖ World News Daily Report