វីដេអូចែករំលែកលើហ្វេសប៊ុកមួយ បានបង្ហាញឲ្យឃើញស្ត្រីម្នាក់បើកម៉ូតូបណ្តើរ និងឆ្លៀតប្រើទូរស័ព្ទបណ្តើរ ខណៈកូនស្រីតូចរបស់នាងអង្គុយនៅពីមុខនាង ទាំងពួកគេទាំងពីរសូម្បីពុំពាក់មូកសុវត្ថិភាពការពារ ។
វីដេអូដ៏រន្ធត់នេះ ត្រូវបានគេជឿថា បានកើតឡើងនៅក្នុងខេត្ត Phuket ប្រទេសថៃ កាលពីថ្ងៃពុធ ខណៈវាត្រូវបានបង្ហោះចែករំលែកនៅលើផេកហ្វេសប៊ុកមួយឈ្មោះ Phuketalive ។
ឃ្លីបខ្លីនេះ ដែលត្រូវបានថតដោយអ្នកបើករថយន្តដែលមានការតក់ស្លុតជាខ្លាំង បានបង្ហាញស្ត្រីជាម្តាយដ៏ព្រហើននេះ បើកម៉ូតូយ៉ាងលឿន ដោយពុំត្រឹមតែមិនពាក់មូកសុវត្តិភាពខ្លួនឯង សូម្បីកូនស្រីរបស់នាងក៏ពុំខ្វល់ខ្វាយនោះដែរ ។ នៅចំណុចមួយនៃវីដេអូ ស្ត្រីរូបនេះបានឆ្លៀតមើលទូរស័ព្ទ និងសូម្បីវាយសារ ដោយដៃទាំងពីររបស់នាងព្រលែងពីចង្កូតដៃម៉ូតូទៀតផង ។
ជាមួយគ្នានេះផងដែរ អ្នកលេងអ៊ិនធើរណេតជាច្រើន បានផ្ទុះកំហឹងយ៉ាងខ្លាំង ទៅលើស្ត្រីជាម្តាយរូបនេះ ដោយនាំគ្នាជេរប្រទេចបែបៗនេះថា៖ «មីឆ្កួតនេះ ឆ្កួតមែនហ្មង! តើខ្វះពេលណាស់មែនឬ បានជាពុំគិតពីគ្រោះថ្នាក់អាចកើតអីចឹង! ងាប់ខ្លួនឯងវាមិនថ្វីទេ តែនៅពេលនោះ ក្មេងម្នាក់ដែលពុំដឹងអី តើគ្នាភ័យខ្លាចយ៉ាងណាទៅ ប្រសិនមានគ្រោះថ្នាក់កើតឡើង» ៕ ចន្ទី