ថ្មីៗនេះ ទំព័រហ្វេសប៊ុក 我们是马来西亚人 We are Malaysian បានចែករំលែករឿងរ៉ាវដ៏អស់សំណើចខ្លាំងមួយ ខណៈដែលគេបានឃើញប៉ូលិសចរាចរណ៍ម្នាក់ បានដេញតាមចាប់បុរសជិះម៉ូតូម្នាក់ រត់ឆ្លេឆ្លានៅលើស្ពានអាកាស ប៉ុនប៉ងលោតចុះពីលើស្ពានទាំងព្រលឹងចុងសក់ ដោយមិនដឹងថា ជាករណីជិះម៉ូតូបញ្ច្រាសទិស ឬ បានប្រព្រឹត្តបទល្មើសអ្វីនោះទេ។
បើតាមរយៈវីដេអូឃ្លីប បានបង្ហាញបុរសម្នាក់ ជិះម៉ូតូបញ្ច្រាស់គេឯងនៅកណ្តាលស្ពាន ទាំងទទឹងទិស ហើយនៅពេលឃើញប៉ូលិស ក៏បានចុះពីម៉ូតូ រួចបណ្តើរត្រឡប់បកក្រោយវិញ ប៉ុន្តែ មិនដឹងម៉ូតូមិនឆេះ ឬយ៉ាងណា ភ័យស្លន់ពេក ទុកម៉ូតូចោល រួចប៉ុនប៉ងលោតចុះពីស្ពាន តែប្រហែលឃើញកម្ពស់ស្ពានខ្ពស់ពេក ក៏បានប្តូរចិត្តរត់ទៅផ្នែកខាងស្តាំ ប៉ុនប៉ងលោតចុះជាលើកទី២។
ទោះយ៉ាងណា ដោយសារតែមិនហ៊ាន ក៏បានចុះមកវិញ ហើយវីដេអូក៏ត្រូវបានបញ្ចប់ត្រឹមហ្នឹង។ គេជឿជាក់ថា បុរសរូបនោះនឹងមិនអាចគេចខ្លួនរួចពីការចាប់ខ្លួនរបស់ប៉ូលិសនោះទេ។
ជាមួយស្ថានភាពដ៏មហាហួសចិត្តនេះ ឃើញថាដែលសូម្បីតែអ្នកបើករថយន្ត ថតកាមេរ៉ានៅពីខាងក្រោយ ក៏ទប់សំណើចពុំបានដែរ៕ រក្សាសិទ្ធិដោយ៖ លឹម ហុង


