សំណើរៀបការ គឺជាពេលវេលាដ៏សំខាន់មួយទៀត សម្រាប់គូស្នេហ៍ដែលបុរសវ័យក្មេងជាច្រើន ព្យាយាមរកវិធី surprise ស្នើសុំមិត្តស្រីរៀបការដើម្បីទាក់ទាញការចាប់អារម្មណ៍ក្នុងគ្រាដែលមិនអាចបំភ្លេចបាន ប៉ុន្តែមិនមែនរាល់សំណើរៀបការ នឹងទទួលបានលទ្ធផលដូចការរំពឹងទុកនោះទេ ហើយវាក៏អាចក្លាយជាគ្រាដ៏អាម៉ាសផងដែរ។
ជាក់ស្តែង ដូចករណីបុរសជនជាតិចិនម្នាក់នេះ ដែលរៀបចំធ្វើការ surprise ស្នើសុំនារីម្នាក់នៅមុខផ្សារទំនើបធំមួយក្នុងតំបន់ស្វយ័ត Nanning Guangxi Zhuang ប្រទេសចិន កាលពីពេលកន្លងទៅថ្មីៗនេះ ដោយគាត់បានរង់ចាំរហូតដល់នារីដែលគាត់ស្រលាញ់ដើរចេញពីផ្សារ ខណៈត្រៀមរួចស្រេចនូវបាច់ផ្កាដ៏ធំ និងកាបូបម៉ាកល្បីៗ ដោយសង្ឃឹមថាមិត្តស្រីនឹងពិតចិត្ត តែមានឯណា បានត្រឹមខកចិត្តខ្លាំងប៉ុណ្ណោះ។
ពិតណាស់ តាមរយៈវីដេអូ បានបង្ហាញបុរសរូបនោះ ឈរកាន់បាច់ផ្កាកុលាប និងកាបូប១ នៅចំពោះមុខមិត្តស្រី ប៉ុន្តែ អ្វីៗមិនដូចការរំពឹងទុករបស់គាត់ទេ គឺមិត្តស្រីរបស់គាត់ បានច្រានចោលសំណើរសុំការទាំងស្រុង។ ដោយសារតែមិនអាចលួងលោមនាងយល់ព្រម បន្ទាប់មក បុរសរូបនោះ ក៏បានដេកដួលលើដី ហើយចាប់ផ្តើមប្រកាច់ននៀលដូចកូនក្មេងអ៊ីចឹង។
ក្នុងអំឡុងពេល ដេកឡាំប៉ាលើដី បុរសរូបនេះត្រូវបានលឺនិយាយថា៖ «បើអូនមិនយល់ព្រមរៀបការទេ បងនឹងមិនក្រោកឡើងឡើយ»។ ទោះជាយ៉ាងណា នារីរូបនោះ ថែមទាំងយកជើងទាត់កាបូបម៉ាកល្បីទៀតផង។ ដោយសារតែមិនអាចយកឈ្នះចិត្តនាង បុរសចរិតកូនក្មេងនេះ ក៏បានងើបអង្គុយវិញដោយខ្លួនឯង។
ក្រោយពីបានឃើញហួសចិត្តពេក អ្នកលេងអ៊ីនធឺណិតរិះគន់បានរិះគន់ចំៗថា៖ «គ្រាន់ឃើញសកម្មភាពរបស់គាត់ ខ្ញុំយល់ពីមូលដែលនារីនោះបដិសេធ» ។ រីឯអ្នកលេងម្នាក់ទៀតក៏ថា «មិនមែនស្ត្រីទាំងអស់ចូលចិត្តការស្នើសុំជាសាធារណៈនោះទេ ពេលខ្លះវាធ្វើឲ្យតានតឹងទៅវិញ រឿងសំខាន់បំផុត គឺភាពស្មោះត្រង់»៕ រក្សាសិទ្ធិដោយ៖ លឹម ហុង






