Monday, September 15, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ហួសចិត្ត​ខ្លាំង​តែម្តង! យក​ចៅប្រុស មក​ប្តឹង​សមត្ថ​កិច្ច​ថា ម្តាយ​ផ្លុង​ចោលផ្ទះ​សំណា​ក់ ក្រោយ​ផ្ទុះ​រឿ​ង ស្រាប់តែ​ម្តាយ​បង្កើត​សុំ​អន្តរា​គ​ន៍​ពី​សមត្ថកិច្ច ទម្លាយ​ការពិត​ថា…

កាលពីម្សិលមិញនេះ មានរឿងដ៏ភ្ញាក់ផ្អើលខ្លាំងតែម្តង ខណៈបានឃើញស្រ្តីចំណាស់ម្នាក់ដែលត្រូវបានដឹងថាជាម្ចាស់ផ្ទះសំណាក់ បានពក្មេងប្រុសអាយុជិត១ខួបម្នាក់ មកប្តឹងអាជ្ញាធរសង្កាត់ ដោយគាត់បានប្រាប់ថា ក្មេងប្រុសតូចដ៏គួរឲ្យស្រលាញ់នេះ ត្រូវបានម្តាយយកមកផ្លុងចោលក្នុងផ្ទះសំណាក់របស់គាត់ មុនពេលគេចខ្លួនបាត់។ ហេតុការណ៍បង្កការភ្ញាក់ផ្អើលនេះ បានកើតឡើងកាលពីរសៀលថ្ងៃទី៩ ខែមករា ឆ្នាំ២០២៣ ស្ថិតនៅផ្ទះសំណាក់ស្កាយលាភ ក្នុងភូមិអូរដឹម២ សង្កាត់ចោមចៅ៣ ខណ្ឌពោធិសែនជ័យ ។

ដំបូងឡើយ ស្រ្តីម្ចាស់ផ្ទះសំណាក់ខាងលើ ឈ្មោះ ឡាយ ហុងលាង អាយុ ៧២ ឆ្នាំ បានប្រាប់សមត្ថកិច្ចឲ្យដឹងថា នៅវេលាម៉ោង៩យប់ថ្ងៃទី៨ ខែមករា ឆ្នាំ២០២៣ មានស្ត្រីពោះធំម្នាក់បើករថយន្តមួយគ្រឿង ពក្មេងប្រុសម្នាក់ខាងលើ ទៅជួលបន្ទប់ដេកសម្រាក លុះមួយសន្ទុះក្រោយមក ស្ត្រីរូបនោះបានចុះមកវិញតែម្នាក់ឯង ហើយប្រាប់កូនប្រុសថា កូនរបស់នាងដេកលក់ហើយ សុំចេញទៅក្រៅរកទិញអីហូបមួយភ្លែត។ ប៉ុន្តែ អ្វីដែលមិននឹកស្មានដល់នោះ គឺស្រ្តីរូបនោះស្រាប់តែបើករថយន្តចេញទៅបាត់ អស់រយៈពេលមួយយប់ទៅហើយមិនឃើញវិលវិញទេ ដោយទុកកូនប្រុសឲ្យក្រុមគ្រួសាររបស់គាត់ជួយមើលថែ។ ដោយចាំបាត់ៗនៅតែមិនឃើញស្ត្រីមកវិញ ទើបរហូតដល់វេលាម៉ោង២រសៀលថ្ងៃទី០៩ ខែមករា ឆ្នាំ២០២៣ គាត់ក៏សម្រេចចិត្តពក្មេងប្រុសនោះ យកទៅរាយការណ៍ប្តឹងអាជ្ញាធរសមត្ថកិច្ចចោមចៅ៣តែម្តងទៅ។

នៅក្នុងសាលាសង្កាត់ ស្រ្តីម្ចាស់ផ្ទះសំណាក់ ក៏បានប្រាប់អាជ្ញាធរសមត្ថកិច្ចថា ក្នុងករណីនៅតែមិនឃើញម្តាយក្មេងប្រុសមកយកកូនទៅវិញ គឺគាត់សុំយកក្មេងប្រុសនេះទៅឲ្យក្មួយចិញ្ចឹមបីបាច់ហើយ។ ទោះជាយ៉ាងណា អាជ្ញាធរបានប្រាប់ទៅស្រ្តីម្ចាស់ផ្ទះសំណាក់ថា មិនទាន់អាចយកកូនគេទៅចិញ្ចឹមបានទេ ហើយបើករណីម្តាយត្រឡប់មកយក គឺត្រូវតែប្រគល់កូនឲ្យម្តាយគេវិញ។

អ្វីដែលគួរឲ្យកត់សម្គាល់នោះ គឺថាក្មេងប្រុសតូចម្នាក់នេះ មានមុខមាត់ស្អាតដូចកូនចៅចិនអ៊ីចឹង ជាពិសេសមានទម្រង់មុខមាត់ដូចទៅនឹងស្រ្តីម្ចាស់ផ្ទះសំណាក់តែម្តង ដែលសូម្បីតែអាជ្ញាធរក៏លាន់មាត់ដូចដែរ។

ពិតណាស់ ដូចគិតមិនខុសមែន ក្រោយរឿងនេះបានផ្ទុះឡើង បន្ទាប់មក នៅព្រឹកថ្ងៃទី១០ ខែមករា ឆ្នាំ២០២៣ ស្រាប់តែស្រ្តីជាម្តាយ បានមកបង្ហាញខ្លួននៅសាលាសង្កាត់ចោមចៅ៣ និងសុំឲ្យអាជ្ញាធរជួយអន្តរាគមន៍រកយុត្តិធម៌ដល់រូបនាងផង ដែលធ្វើឲ្យសមត្ថកិច្ចមានការភ្ញាក់ផ្អើល និងស្រឡាំងកាំងខ្លាំងតែម្តង។

ជាក់ស្តែង ស្រ្តីជាម្តាយរូបនោះ បានប្រាប់ការពិតឲ្យដឹងថា រូបនាងមានការទំនាក់ទំនងជាមួយកូនប្រុសថៅកែផ្ទះសំណាក់ខាងលើ រហូតជ្រុលជ្រួសមានកូនប្រុសម្នាក់នេះ និងថែមទាំងមាននៅក្នុងផ្ទៃកូនម្នាក់ទៀត​ផង។ ប៉ុន្តែ បុរសជាប្តីមិនបានផ្តល់ភាពកក់ក្តៅ ក៏ដូចជាថវិការដើម្បីចិញ្ចឹមប្រពន្ធកូនទេ​ ទើបរហូតមកដល់ថ្ងៃទី៩​ ខែមករា​ នាងក៏បានយកកូនប្រុសមកអោយប្តីដើម្បីចិញ្ចឹម នៅផ្ទះសំណាក់ខាងលើ ដោយសារតែនាងមិនមានលទ្ធភាព។

តែអ្វីដែលធ្វើឲ្យនាងហួសចិត្តខ្លាំងនោះ គឺស្រាប់តែប្តីរបស់នាង និងម្តាយរបស់គាត់ បែរជាយកចៅប្រុស មកសាលាសង្កាត់ចោមចៅទី៣​ ដោយបំភ្លៃព័ត៌មានថា មានស្ត្រីម្នាក់បើករថយន្តមកសំរាកនៅផ្ទះសំណាក់គាត់ ហើយទុកកូនចោលទៅវិញ។

ទោះជាយ៉ាងណា ស្ត្រីជាម្តាយ បានសុំឲ្យអាជ្ញាធរជួយអន្តរាគមន៍​ ឲ្យប្តីនិងយាយ យល់ព្រមយកកូនប្រុសទៅចិញ្ចឹម ហើយនាងគ្រាន់តែសុំលក្ខខ័ណ្ឌ ចង់យកកូនទៅលេងផ្ទះបានម្តងម្កាលប៉ុណ្ណោះ ដើម្បីបង្ហាញពីក្តីនឹករលឹករវាងម្តាយ និងកូនរបស់នាង៕ រក្សាសិទ្ធិដោយ៖ លឹម ហុង

×