Wednesday, March 29, 2023

សុខភាពយើង៖ រឿងដែលគួរដឹង មុនពិនិត្យសុខភាព តើមានអ្វីខ្លះ?

spot_img

និយាយពីរឿងពិនិត្យសុខភាព មនុស្សជាច្រើនប្រហែលជាធ្លាប់ពិនិត្យរួចហើយ អ្នកខ្លះអាចពិនិត្យនៅកន្លែងធ្វើការ ឬពិនិត្យនៅមន្ទីពេទ្យ។ ទោះជារឿងការពិនិត្យសុខភាព មានយូរមកហើយក៏ដោយ តែនៅមានមនុស្សជាច្រើនទៀត នៅមិនទាន់ហ៊ាន ឬមិនដឹងថា ហេតុអីបានចាំបាច់ត្រូវទៅពិនិត្យ និងពិនិត្យហើយបានអ្វី? និងបើចង់ទៅពិនិត្យ តើត្រូវធ្វើយ៉ាងណាខ្លះ? ថ្ងៃនេះ សុខភាពយើង មានចម្លើយចំពោះរឿងនេះមកជម្រាបជូន ដើម្បីបានរៀនយល់ដឹង មុនពេលទៅពិនិត្យសុខភាព…
“ការពិនិត្យសុខភាព” ចែកចេញជា ២រឿង គឺ១-ការស្វែងរកជំងឺដែលបង្កប់នៅក្នុងខ្លួន ដែលមិនទាន់បង្ហាញអាការខុសប្រក្រតីអ្វីចេញមក ដែលហៅថា “ជំងឺលាក់មុខ” ដូចជា ជំងឺទឹកនោមផ្អែម លើសឈាម ខ្លាញ់ក្នុងឈាម មហារីកស្បូន ជាដើម និង១ទៀត គឺការស្វែងរកទង្វើដែលប្រឈម និងបច្ច័យប្រឈមក្នុងការកើតជំងឺផ្សេងៗ ដែលបើសិនជារកឃើញថា មានភាពប្រឈមហើយនោះ គ្រូពេទ្យនឹងផ្តល់នូវការណែនាំពីការប្រតិបត្តិខ្លួនយ៉ាងត្រឹមត្រូវ ដើម្បីការពារមិនឱ្យកើតជំងឺ។

អីលូវយើងនាំគ្នាមកដឹងថា តើ ៦រឿងគួរដឹង មុនពិនិត្យសុខភាពនេះ មានអ្វីខ្លះ?

១. ការពិនិត្យសុខភាពគឺជារឿងសំខាន់ ព្រោះមានជំងឺច្រើនប្រភេទ ដែលជាគ្រោះថ្នាក់លាក់មុខ។ ដូច្នេះការពិនិត្យតាំងពីរយៈចាប់ផ្តើមដំបូង បើសិនរកឃើញមាន វានឹងធ្វើឱ្យងាយស្រួលក្នុងការព្យាបាល និងមានឱកាសជាសះស្បើយបាន។

២. ការពិនិត្យសុខភាពកុមារ ក៏មានភាពសំខាន់ដូចគ្នាដែរ ដោយពេទ្យនឹងសង្កត់ធ្ងន់លើការចាក់វ៉ាក់សាំងដើម្បីការពារជំងឺ រួមទាំងការពិនិត្យមើលពីការចម្រើនធំធាត់ និងវិវឌ្ឍនាការរបស់កុមារថា តើស័ក្តិសម ឬត្រូវនឹងវ័យរបស់ក្មេងដែរឬទេ? និងដើម្បីការពារកុមារពីភាពខុសប្រក្រតីផ្សេងៗ ហើយដែលសំខាន់ គឺការពិនិត្យសុខភាពតាំងពីក្មេង នឹងធ្វើឱ្យគ្រូពេទ្យបានពិនិត្យមើលបច្ច័យប្រឈមផ្សេងៗ ដែលអាចនឹងកើតចំពោះក្មេង និងធ្វើការព្យាបាលបានទាន់ពេលវេលា។

៣. ការពិនិត្យសុខភាព ត្រូវពិនិត្យឱ្យស័ក្តិសមនឹងខ្លួនយើង បើពិនិត្យលើសពីភាពចាំបាច់ នឹងធ្វើឱ្យខាតបង់ប្រាក់ដោយឥតប្រយោជន៍ ហើយការពិនិត្យមួយចំនួន អាចនឹងនាំទៅរកសភាវជ្រៀតជ្រែក ដែលមានគ្រោះថ្នាក់ដល់ជីវិតបានទៀតផង។

៤.”ពិនិត្យសុខភាពប្រចាំឆ្នាំ” គឺជាពាក្យដែលយល់ខុស ព្រោះការពិនិត្យសុខភាព មិនចាំបាច់ត្រូវពិនិត្យរាល់ឆ្នាំទេ តែជាការពិនិត្យតាមដំណាក់កាល តាមភាពចាំបាច់របស់បុគ្គលម្នាក់ៗ អាស្រ័យលើភេទ អាយុ និងឱកាសប្រឈមក្នុងការឈឺថ្កាត់ ដូចជា ទឹកនោមផ្អែម ជាតិខ្លាញ់ក្នុងឈាមឡើងខ្ពស់ ជាដើម។

៥. មនុស្សភាគច្រើន ច្រើនតែយល់ច្រឡំថា ការពិនិត្យសុខភាព គឺការស្វែងរកជំងឺនៅក្នុងខ្លួនដោយការពិនិត្យក្នុងបន្ទប់ពិសោធន៍ និងទទួលការព្យបាលពីគ្រូពេទ្យ ទើបធ្វើឱ្យប្រហែស និងបណ្តែតបណ្តោយមិនសូវមើលថែទាំសុខភាពរបស់ខ្លួនឯង តែការពិតវិញ ការពិនិត្យសុខភាពដែលត្រឹមត្រូវ គឺផ្តល់ភាពសំខាន់លើការសាកសួរប្រវត្តិ ដើម្បីស្វែងរកបច្ច័យដែលប្រឈមនឹងការកើតជំងឺផ្សេងៗ។ នៅពេលបានដឹងពីបច្ច័យប្រឈមហើយ ដំណាក់កាលបន្តទៅទៀត គឺការឱ្យគ្រូពេទ្យពិនិត្យរាងកាយ ដោយនឹងពិនិត្យក្នុងមន្ទីរពិសោធន៍ ចំពោះតែអ្វីដែលចាំបាច់ប៉ុណ្ណោះ ដែលពេលខ្លះមិនចាំបាច់ត្រូវពិនិត្យសោះក៏មានដែរ។

៦. យើងអាចពិនិត្យសុខភាពដោយខ្លួនឯងបាន ដោយការពិនិត្យសង្កេតពីទង្វើ ទម្ងន់ខ្លួន ការវាស់រង្វង់ជុំចង្កេះ ថាតើស្ថិតក្នុងសភាវដុះក្បាលពោះដែរឬទេ? ដោយវាស់យកចំណុចកណ្តាលត្រង់ផ្ចិត រួចយកប្រវែងដែលទទួលបាន មកចែកនឹងកម្ពស់ខ្លួន ដោយមនុស្សប្រក្រតី នឹងមានប្រវែងជុំចង្កេះ មិនលើសពាក់កណ្តាលរបស់ប្រវែងកម្ពស់ខ្លួនឡើយ។ បើលើស បញ្ជាក់ថា ការដុះក្បាលពោះរបស់យើងនេះ មានភាពប្រឈមនឹងកើតជំងឺទឹកនោមផ្អែម លើសឈាម និងជំងឺត្បៀតសរសៃឈាមបេះដូង ឬខួរក្បាលហើយ។

វិធីការត្រៀមខ្លួនមុនពិនិត្យសុខភាព
១. គួរគេងសម្រាក និងលក់ឱ្យបានគ្រប់គ្រាន់ យ៉ាងហោចណាស់ ៦ម៉ោងមុនការពិនិត្យសុខភាព ព្រោះបើសិនជាមិនបានគេង នឹងធ្វើឱ្យលទ្ធផលការពិនិត្យខុសប្រក្រតី ជាពិសេសសម្ពាធឈាម ចង្វាក់បេះដូង សីតុណ្ហភាពរបស់រាងកាយ ដែលធ្វើឱ្យគ្រូពេទ្យមិនអាចវាយតម្លៃបានថា តើសុខភាពរាងកាយយើង មានភាពខុសប្រក្រតីមែនឬយ៉ាងណាឡើយ។
២. តមអាហារ និងភេសជ្ជៈ ចៀសវាងអាហារដែលមានជាតិខ្លាញ់ច្រើន យ៉ាងហោចណាស់ ៨-១០ម៉ោងមុនពិនិត្យ។ តមស្រា ឬប៊ីយែរ យ៉ាងតិច ២៤ម៉ោងមុនពិនិត្យសុខភាព។ ដោយសារតែភេសជ្ជៈដែលមានជាតិអាល់កុល អាចមានផលប៉ះពាល់ដល់ការពិនិត្យមួយចំនួន ដូច្នេះគួរប្រាប់លោកគ្រូពេទ្យឱ្យបានដឹងមុនពេលពិនិត្យ ក្នុងករណីដែលបានទទួលទាន។
៣. បើសិនមានជំងឺប្រចាំកាយ ឬប្រវត្តិសុខភាពផ្សេងទៀត សូមនាំយកលទ្ធផលរបស់ការពិនិត្យកាលពីពេលនោះទៅជាមួយផង ដើម្បីគ្រូពេទ្យវិនិច្ឆ័យបានត្រឹមត្រូវ។
៤. សម្រាប់ស្ត្រី ការពិនិត្យសុខភាព មិនគួរធ្វើក្នុងអំឡុងពេលមុន និងក្រោយមានវដ្តរដូវ ៧ថ្ងៃឡើយ។ បើមានវដ្តរដូវប្រចាំខែ ចូរផ្អាកការពិនិត្យទឹកមូត្រ ព្រោះនឹងមានឈាមលាយឡំនៅក្នុងទឹកមូត្រ ដែលនឹងមានផលប៉ះពាល់ដល់ការបង្ហាញលទ្ធផលការពិនិត្យ។
៥. ការពិនិត្យចម្រាញ់មហារីកសុដន់ដោយការ X-Ray សុដន់ ឬ Mammogram ចៀសវាងការពិនិត្យក្នុងអំឡុងមានវដ្តរដូវប្រចាំខែ ដែលអំឡុងពេលនោះសុដន់មានភាពតឹងណែន ដូច្នេះគួរពិនិត្យក្រោយពេលមានប្រចាំខែ។
យើងបានដឹងហើយថា ការពិនិត្យសុខភាពមានភាពសំខាន់ និងមិនបានធ្វើឱ្យយើងខាតពេលវេលាច្រើន ដូចដែលយើងគិតនោះទេ តែផ្ទុយទៅវិញ វាបែរជាជួយសន្សំសំចៃពេលវេលារបស់យើងទៅវិញទេ ព្រោះការរកឃើញភាពប្រក្រតី តាំងពីរយៈផ្តើមដំបូង ការព្យាបាលឱ្យជាសះស្បើយ អាចធ្វើបានយ៉ាងល្អប្រសើរ និងគ្មានពាក្យថា “ហួសពេលហើយ” ទៀតផង៕

×

​ថ្ងៃ ម៉ោង នាទី វិនាទី

ព្រឹត្តិការណ៍ស៊ីហ្គេម លើកទី៣២